ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​អាហ្វ្រិក​សហការគ្នា​​ក្នុង​ប្រតិបត្តិការ​រុករក​អវកាស


រូបឯកសារ៖ ប្រជាជន​ចូលរួម​មើល​ការ​បង្ហោះ​ផ្កាយរណប​ដំបូង​បង្អស់​របស់​ប្រទេស​អេត្យូពី ប្រភេទ ETRSS-1 នៅ​មជ្ឈមណ្ឌល​​ Entoto Observatory ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី Addis Ababa កាល​ពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រជាជន​ចូលរួម​មើល​ការ​បង្ហោះ​ផ្កាយរណប​ដំបូង​បង្អស់​របស់​ប្រទេស​អេត្យូពី ប្រភេទ ETRSS-1 នៅ​មជ្ឈមណ្ឌល​​ Entoto Observatory ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី Addis Ababa កាល​ពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៩។

តើ​អវកាសយានិក​បរិភោគ​អ្វី​នៅ​ក្នុង​លំហ​អវកាស?

នេះ​ជា​អ្វី​ដែល​និស្សិត​អេត្យូពី​ម្នាក់​ចង់​ដឹង​នៅ​ពេល​លោក និង​និស្សិត​អាហ្វ្រិក​ក្មេងៗ​ផ្សេង​ទៀត​មក​ពី​ប្រទេស​ចំនួន ៨ ចូលរួម​ក្នុង​កិច្ចសន្ទនា​មួយ​ជាមួយ​នឹង​អវកាសយានិក​ចិន​ដែល​កំពុង​ស្ថិត​ក្នុង​គន្លង​គោចរ។

ព្រឹត្តិការណ៍​តាម​ប្រព័ន្ធ​វីដេអូ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​បេសកកម្ម​ចិន​ប្រចាំ​នៅ​សហភាព​អាហ្វ្រិក។ នេះ​ជា​ចម្លើយដោយអវកាសយានិក​ចិន លោក Cai Xuzhe ​សម្រាប់​សំណួរ​ពាក់ព័ន្ធ​នឹង​ចំណី​អាហារ​ក្នុងអវកាស ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​សារព័ត៌មានរដ្ឋ​ចិន CGTN។​

លោក Cai Xuzhe បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ក្រុម​ការងារ​នៅ​ភព​ផែនដី​របស់​យើង​បាន​រៀបចំ​អាហារ​ជាង ១.០០០ ប្រភេទ​ខុសៗ​គ្នា។ អ្នក​ទាំង​អស់​គ្នា​អាច​មើល​បាន។ មាន​បបរ​ពណ៌​ស្វាយ​ដ៏​ឆ្ងុយឆ្ងាញ់ ពោត​ផ្អែម​ដែល​មាន​លាយ​គ្រឿង​ដ៏​ឆ្ងុយឆ្ងាញ់ សាច់​គោ​ចំណិត​តូចៗ​មាន​លាយ​គ្រឿង​ជាមួយ​នឹង​ទឹក​ម្រេច​ខ្មៅ យើង​ក៏​មាន​បាយ​ដែរ»។

អ្នក​ជំនាញ​ថា ព្រឹត្តិការណ៍​នេះ​ជា​ការ​បង្ហាញ​អំណាច​ទន់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​បង្ហាញ​ពី​សារៈសំខាន់​ដែល​ចិន​ផ្តល់​ឱ្យ​សម្រាប់​តួនាទី​ដែល​អាហ្វ្រិក​អាច​ជួយ​ចិន​ក្នុង​ការ​ប្រកួតប្រជែងសាកល​ក្នុង​វិស័យ​លំហ​អវកាស​។

លោក Temidayo Oniosun អ្នក​វិទ្យាសាស្ត្រ​លំហ​អវកាស​នីហ្សេរីយ៉ា​ និង​ជា​នាយក​គ្រប់គ្រង​នៃ​គេហំព័រ «លំហ​អវកាស​នៅ​អាហ្វ្រិក» បាន​ប្រាប់​ VOA ថា សេដ្ឋកិច្ច​នៃវិស័យ​អវកាស​អាហ្វ្រិក​នៅ​ឆ្នាំ២០២១ ​មាន​តម្លៃ ១៩,៤៩ ពាន់​លាន​ដុល្លារ និង​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើន​ឡើង​ប្រមាណ ១៦ ភាគរយ ​នៅ​ក្នុង​រយៈពេល ៤ ឆ្នាំ​បន្ទាប់។

លោក Temidayo Oniosun បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«វិស័យ​លំហ​អវកាស​នៅ​អាហ្វ្រិក​កំពុង​កើន​ឡើង​ក្នុង​អត្រា​មិន​គួរ​ឱ្យ​ជឿ ដូច្នេះ​ប្រទេស និង​តំបន់​ដូចជា​ចិន អឺរ៉ុប រុស្ស៊ី និង​សហរដ្ឋអាមេរិក​កំពុង​ចាប់​ផ្តើម​ប្រកួត​យក​ចំណែក​រៀងៗ​ខ្លួន​ក្នុង​វិស័យ​នេះ»។

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ នៅ​ត្រឹម​ឆ្នាំ​នេះ មាន​តែ​ប្រទេស​អាហ្វ្រិក​ចំនួន ១៣ ប៉ុណ្ណោះ​ដែល​មាន​ផ្កាយរណប​ចំនួន ៤៨ ក្នុង​ចំណោម​នោះ​ផ្កាយរណប​ចំនួន ៦ ត្រូវ​បាន​ផលិត​ដោយ​ចិន។

ប្រទេស​ចិន​បាន​បង្ហោះ​ផ្កាយរណប​សម្រាប់​ទំនាក់ទំនង​ជា​លើក​ដំបូង​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​នៅ​ឆ្នាំ២០០៧ និង​លើក​ទី២​ក្នុង​រយៈពេល ៤ ឆ្នាំ​ក្រោយ​មក​ទៀត។ ចិន​ក៏​បាន​បង្ហោះ​ផ្កាយ​រណប​សម្រាប់​ទំនាក់ទំនង​ជា​លើក​ដំបូង​នៅ​ប្រទេស​អាល់ហ្សេរី​ក្នុង​ឆ្នាំ២០១៧ និង​ផ្កាយ​រណប​ជា​លើក​ដំបូង​សម្រាប់​អេត្យូពី និង​ស៊ូដង់​ក្នុង​ឆ្នាំ២០១៩។ នៅ​ក្នុង​ឆ្នាំ២០១៨ អ្នក​ជំនាញ​និយាយ​ថា ប្រទេស​ទុយនីស៊ី​ជា​ស្ថានីយ​មួយ​ក្នុង​ចំណោម​ស្ថានីយ​ទទួល​សញ្ញា​នៅ​លើ​ភព​ផែនដី​នៅ​ក្រៅ​ប្រទេស​ចិន​សម្រាប់​ប្រព័ន្ធ​ប្រាប់​ទិស​ពី​ផ្កាយ​រណប BeiDou របស់​ចិន។

អ្នក​ជំនាញ​ថា គម្រោង​លំហ​អវកាស​អាច​ពិបាក​មើល​ឃើញ​ជាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន​ (BRI) នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក​ ប៉ុន្តែ​គម្រោង​ទាំង​នោះ​អាច​ជា​កត្តា​មួយ​ជំរុញ​ផលប្រយោជន៍​ចិន​នៅ​ក្នុង​កម្មវិធី​អវកាស​របស់​អាហ្វ្រិក។

លោកTemidayo Oniosun បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ការ​ចូលរួម​ទាំង​នេះ​មិនមែនដោយសារ​តែ​ចិន និង​ប្រទេស​ផ្សេងៗ​ទៀត​កំពុង​ចូលរួម​ជួយ​អាហ្វ្រិក​នោះទេ។ ពួកគេ​ធ្វើ​ដូច​នេះ​ដោយសារ​តែ​ពួកគេ​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច សង្គមកិច្ច និង​សេដ្ឋកិច្ច​ត្រឡប់​ទៅ​វិញ»។

អ្នកស្រី Julie Klinger ដែល​បាន​សិក្សា​ពី​ទំនាក់ទំនង​ក្នុង​វិស័យ​លំហ​អវកាស​រវាង​ចិន និង​អាហ្វ្រិក​បាន​លើក​ឡើង​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ក្នុង​ឆ្នាំ២០២០​របស់​អ្នកស្រី​ថា «ការ​សាងសង់​បណ្តាញ​ផ្កាយ​រណប​បញ្ជា​ពី​ចម្ងាយ» នៅ​អាហ្វ្រិក​អនុញ្ញាត​ឱ្យ​ចិន «គាំទ្រ​ដល់​សមាហរណកម្ម​ភស្តុភារ​នៃ​បណ្តារដ្ឋ​ដៃគូ​ក្នុង​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជកម្ម​ចិន»។

អ្នកស្រី Klinger ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ Delaware បាន​ប្រាប់ VOA ថា កម្មវិធី​លំហ​អវកាស​របស់​ចិន​បាន​ក្លាយ​ជា​កម្មវិធី​អន្តរជាតិ​ចាប់​តាំង​ពី​ពេល​ចាប់ផ្តើម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សាកលរបស់​លោក​ប្រធានាធិបតី Xi Jinping ដែល​មាន​ឈ្មោះ​ថា គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន។

សម្រាប់​មូលហេតុ​ដែល​ប្រទេស​អាហ្វ្រិក​ស្វាគមន៍​ភាព​ជា​ដៃគូ​ជាមួយ​នឹង​ចិន អ្នកស្រី Klingerថា ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​មានគោលបំណង​ផ្សេងៗ​គ្នា។ ពួកគេ​មិន​មាន​បំណង​ប្រើ​គម្រោង​លំហអវកាស​សម្រាប់វិស័យ​យោធា ឬ​វិស័យនាំ​មនុស្ស​ទៅ​លំហ​អវកាសទេ។ អ្វី​ដែល​ពួកគេ​ចាប់​អារម្មណ៍​គឺ​បច្ចេកវិទ្យា​ទំនាក់ទំនង និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមកិច្ច។

អ្នកស្រី Julie Klinger បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ចំណុច​ដ៏​សំខាន់​មួយ​ទៀត​នៅ​ក្នុង​កិច្ចសហការ​លំហ​អវកាស​ចិន និង​អាហ្វ្រិក​គឺ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ការ​តាមដាន​បរិស្ថាន និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ»។

អ្នកស្រី Klinger បាន​ថ្លែង​ថា ព្រឹត្តិការណ៍​ដូចជា​ការ​ជជែក​របស់​និស្សិត​ជាមួយ​នឹង​អាកាសយានិក​នេះ​ជួយ​ជំរុញ​ការ​ចាប់​អារម្មណ៍​ក្នុង​វិស័យ​លំហ​អវកាស​ក្នុង​ចំណោម​យុវជន​អាហ្វ្រិក​ និង​បដិសេធ​ទស្សនៈ​ដែល​ថា ការ​រុករក​នៅ​លំហ​អវកាស​របស់​អាហ្វ្រិក​គ្រាន់​តែ​ជា​ការ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ៕

XS
SM
MD
LG