ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden៖ ពលរដ្ឋ​អាមេរិកាំង​គ្រប់រូប​អាយុ​ពី​១៨​ឆ្នាំ​ឡើង នឹង​អាច​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ត្រឹម​ថ្ងៃ​ទី១៩ ខែមេសា


ប្រធានាធិបតី​អាមេរិកលោក Joe Biden បាន​ថ្លែង​សុន្ទរកថា​ស្តីពី​ស្ថានភាព​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

មនុស្ស​ពេញ​វ័យ​ទាំង​អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​នឹង​អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ បាន នៅ​ត្រឹម​ថ្ងៃ​ទី១៩ ខែ​មេសា​ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក Biden បាន​មាន​ប្រសាសន៍​នៅ​ឯ​សេតវិមាន​ថា នៅ​ត្រឹម​ថ្ងៃ​ទី ១៩ ខែ​មេសា​ខាង​មុខ ពលរដ្ឋ​គ្រប់​រូប​ដែល​មាន «អាយុ ១៨ ឆ្នាំ​ឡើង​ទៅ​នឹង​អាច​ចាក់​វ៉ាក់សាំង [កូវីដ១៩] បាន​ហើយ»។ លោក​បាន​បន្ថែម​ថា៖ «គ្មាន​ក្បួន​ច្បាប់​ដែល​ធ្វើ​ឲ្យ​ភាន់​ច្រឡំ​ទៀត​ទេ។ គ្មាន​លក្ខខណ្ឌ​ដែល​ធ្វើ​ឲ្យ​ភាន់​ច្រឡំ​ទៀត​ទេ»។

ការ​ប្រកាស​របស់​លោក Biden នេះ​បាន​ធ្វើ​ឡើង ស្របពេល​ដែល​មាន​រលក​កើនឡើង​លើក​ទី ៤ នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​ការ​ឆ្លង​មាន​ការ​កើនឡើង​ក្នុង​ចំណោម​ពលរដ្ឋ​វ័យ​ក្មេង។

លោក Biden បាន​រំឮក​ថា៖ «យើង​មិន​ទាន់​ទៅ​ដល់​ខ្សែ​បន្ទាត់​ផ្តាច់ព្រាត់​ទេ។ យើង​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។ យើង​នៅ​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​ស្លាប់​រស់​ជាមួយ​នឹង​វីរុស​នេះ​នៅ​ឡើយ»។

ជាង​មួយ​សប្តាហ៍​កន្លង​មក​នេះ ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង​ចំនួន ៧% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល ៧ ថ្ងៃ​មុន​ហ្នឹង។ ការ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បាន​កើន​ឡើង ៣% ចំណែក​ឯ​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ​បាន​ធ្លាក់ចុះ​បន្តិចបន្តួច​មក​នៅ​ប្រហែល ៨០០ នាក់​ក្នុង​មួយ​ថ្ងៃ។

ការ​កើនឡើង​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា ដោយសារតែ​ការ​បន្ធូរបន្ថយ​ការ​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ ការ​ចូលរួម​របស់​មនុស្ស​ជា​ច្រើន​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ ការ​កើនឡើង​នូវ​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស និង​ការ​លេច​ឡើង​នូវ​វីរុស​ជំងឺ​កូវីដ១៩ ប្រភេទ​ថ្មី ដែល​មាន​លក្ខណៈ​ឆ្លង​ខ្លាំង​ជាង​មុន៕

XS
SM
MD
LG