ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ជំរុញ​ចិន​ឱ្យ​ចែក​រំលែក​ទិន្នន័យ​អំពី​ប្រភព​នៃ​ជំងឺ​កូវីដ១៩


សាច់ញាតិរបស់អ្នកជំងឺអង្គុយអមអ្នកជំងឺ នៅក្នុងមន្ទីរសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Langfang នៅក្រុង Bazhou នៃខេត្ត Hebei ប្រទេសចិន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២។
សាច់ញាតិរបស់អ្នកជំងឺអង្គុយអមអ្នកជំងឺ នៅក្នុងមន្ទីរសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Langfang នៅក្រុង Bazhou នៃខេត្ត Hebei ប្រទេសចិន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២។

នៅ​ក្នុង​សន្និសីទ​កាសែត​បញ្ចប់​ឆ្នាំ​កាលពី​ថ្ងៃ​ទី ២១ ខែ​ធ្នូ​កន្លង​ទៅ​នេះ ដើម្បី​វាយ​តម្លៃ​អំពី​ស្ថានភាព​សុខភាព​នៅ​លើ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ ២០២២ អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus មាន​បំណង​ចង់​បង្ហាញ​សុទិដ្ឋិនិយម​សម្រាប់​ឆ្នាំ ២០២២ នេះ។

លោក​បាន​និយាយ​ថា ចំនួន​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​បាន​រាយការណ៍​ប្រចាំ​សប្ដាហ៍​បាន​ធ្លាក់ចុះ​ជិត ៩០% តាំង​ពី​ពេល​ដែល​មាន​អត្រា​ឆ្លង​ខ្ពស់​បំផុត​នៃ​ជំងឺ​នេះ​កាលពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ។

ប៉ុន្តែ លោក​បាន​កត់​សម្គាល់​ថា ភាព​ស្រពិចស្រពិល​និង​គម្លាត​ជា​ច្រើន​នៅ​តែ​មាន​ដែល​ធ្វើ​ឱ្យ​យើង​មិន​អាច​ប្រកាស​ថា​ជំងឺ​កូវីដ១៩ បាន​ឈាន​ដល់​ទី​បញ្ចប់​នោះ​ទេ។

លោក​បាន​និយាយ​ថា គម្លាត​នៅ​ក្នុង​អត្រា​ចាក់​វ៉ាក់សាំង​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​នាក់​នៅ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​និង​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។

លោក​បាន​បញ្ជាក់​ទៀត​ថា គម្លាត​នៅ​ក្នុង​ការ​យល់ដឹង​អំពី​ថា​តើ​ជំងឺ​នេះ​បាន​កើតឡើង​ដោយ​របៀប​ណា​ក៏​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​របស់​អ្នក​វិទ្យាសាស្ត្រ​នៅ​ក្នុង​ការ​បង្ការ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​ផ្សេង​ទៀត​នៅ​ពេល​អនាគត​ផង​ដែរ។

រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ចូលរួមក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាសុខភាពសកលោក រួមទាំងវបត្តិជំងឺកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។
រូបឯកសារ៖ អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ចូលរួមក្នុងសន្និសីទព័ត៌មានស្តីពីបញ្ហាសុខភាពសកលោក រួមទាំងវបត្តិជំងឺកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែន នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២។

លោក Tedros ថ្លែង​ដូច្នេះ​ថា៖ «យើង​បន្ត​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ចែក​រំលែក​ទិន្នន័យ​និង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​អ្វី​ដែល​យើង​បាន​ស្នើ​ឡើង​និង​នៅតែ​បន្ត​ស្នើ​ឡើង។ ដូច​ដែល​ខ្ញុំ​បាន​និយាយ​ជា​ច្រើន​ដង​រួច​មក​ហើយ សម្មតិកម្ម​ទាំង​អស់​អំពី​ប្រភព​នៃ​ជំងឺ​រាតត្បាត​នេះ​គឺ​នៅ​មាន​សម្រាប់​ការ​ពិភាក្សា»។

វីរុស​ជំងឺ​កូវីដ១៩ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន​កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៩។ ចាប់​តាំងពី​ពេល​នោះ​មក មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នេះ​ចំនួន​ជិត ៦៥០ លាន​ករណី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ករណី​ស្លាប់​ចំនួន​ជាង ៦ លាន ៦ សែន​នាក់​ផង​ដែរ។

ប្រទេស​ចិន​បាន​ច្រានចោល​ការ​អំពាវនាវ​ពី​មុន​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រក​ប្រភព​នៃ​ជំងឺ​កូវីដ១៩ ដោយ​បាន​ហៅ​ការ​អំពាវនាវ​ទាំង​នេះ​ថា​មាន​លក្ខណៈ​នយោបាយ។ រដ្ឋាភិបាល​ចិន​ក៏​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​របាយការណ៍​ដែល​ថា​វីរុស​នេះ​ប្រហែល​ជា​អាច​លេច​ចេញ​មក​ពី​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ។

លោក Tedros បាន​បង្ហាញ​ក្ដី​បារម្ភ​ទាក់ទិន​នឹង​ស្ថានការណ៍​វិវត្តន៍​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​ចិន។ លោក​បាន​និយាយ​ថា អង្គការ​សុខភាព​ពិភពលោក​បាន​ទទួល​របាយការណ៍​កើនឡើង​អំពី​អាការៈ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​ដែល​រាលដាល​នៅ​ទូទាំង​ប្រទេស​ចិន។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ឱ្យ​បាន​ទូលំទូលាយ​លើ​ហានិភ័យ​នៃ​ស្ថានភាព​នៅ​នឹង​កន្លែង​ផ្ទាល់ អង្គការ​សុខភាព​ពិភពលោក​ត្រូវការ​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​អាការៈ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ ចំនួន​អ្នក​ជំងឺ​ដែល​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​ព្យាបាល​បន្ទាន់​ក្នុង​បន្ទប់ ICU។ អង្គការ​សុខភាព​ពិភពលោក​កំពុង​គាំទ្រ​ប្រទេស​ចិន​ឱ្យ​ផ្ដោត​លើ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​លើ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត​នៅ​ទូទាំង​ប្រទេស»។

លោក Tedros បាន​និយាយ​ថា ជំងឺ​កូវីដ១៩ នឹង​នៅតែ​បន្ត​បង្ក​គ្រោះថ្នាក់​នៅ​ឆ្នាំ​ក្រោយ​និង​ឆ្នាំ​បន្តបន្ទាប់​ខាង​មុខ​ទៀត។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ពិភពលោក​បាន​ចាត់​វិធានការ​ជាក់ស្ដែង​នៅ​ក្នុង​ការ​គ្រប់គ្រង​នឹង​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ដ៏​ប្រល័យ​នេះ។

លោក​បាន​លើកឡើង​ថា ថវិកា​ថ្មី​សម្រាប់​ការ​បង្ការ ការ​ត្រៀម​លក្ខណៈ និង​ការ​ឆ្លើយតប​ចំពោះ​ជំងឺ​កូវីដ១៩ ត្រូវ​បាន​បង្កើត​ឡើង។ កិច្ច​ព្រមព្រៀង​ដែល​ចង​ភ្ជាប់​ដោយ​ច្បាប់​ជា​អន្តរជាតិ​នេះ​តម្រូវ​ឱ្យ​ប្រទេស​នីមួយៗ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​នៃ​ជំងឺ​រាតត្បាត​ផ្សេង​ទៀត​នៅ​ពេល​អនាគត៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG