អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់កាលពីថ្ងៃអង្គារថាយុទ្ធនាការនៃការ ចាក់វ៉ាក់សាំងការពារជំងឺស្វិតដៃជើងប៉ូលីយ៉ូគ្រាអាសន្នរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាបានធ្វើឱ្យសម្រេចច្រើនជាងការរំពឹងទុក ដោយមានកុមារ១សែន៦ម៉ឺន១ពាន់នាក់ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយនៅក្នុងរយៈពេល២ថ្ងៃដំបូង។
អង្គការ WHO បានបន្ថែមទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ នឹងចំណាយពេល ១០ថ្ងៃ។
ដោយតំបន់ហ្កាហ្សាកំពុងរងការបំផ្លិចបំផ្លាញហើយពលរដ្ឋភាគច្រើននៃពលរដ្ឋ២ លាន៤សែននាក់ដែលត្រូវបានគេបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួនបណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែល ជារឿយៗជ្រកពួននៅក្នុងស្ថានភាពគ្មានអនាម័យ។ ជំងឺបានរាលដាល។
បន្ទាប់ពីករណីជំងឺស្វិតដៃជើងប៉ូលីយ៉ូបានបញ្ជាក់ជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំមក កិច្ចខំប្រឹងប្រែងចាក់វ៉ាក់សាំងដ៏ធំមួយបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ។
យុទ្ធនាការនេះមានគោលបំណងចាក់វ៉ាក់សាំងដល់កុមារជាង៦សែន៤ម៉ឺននាក់នៅក្នុងទឹកដីដែលត្រូវបានឡោមព័ទ្ធ និងដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមជិត១១ខែ។
ជំងឺស្វិតដៃជើងប៉ូលីយ៉ូដែលមានផលប៉ះពាល់ខ្លាំងទៅលើកុមារអាយុក្រោម៥ឆ្នាំនេះ អាចបណ្តាលឱ្យខូចរាងកាយ កម្រើកដៃជើងមិនរួចហើយក្នុងករណីខ្លះបណ្តាលស្លាប់។
លោក Rik Peeperkorn ជាអ្នកតំណាងអង្គការសុខភាពពិភពលោក WHO សម្រាប់ដែនដីប៉ាឡេស្ទីនបាននិយាយថាវាជាការសំខាន់ដើម្បីធ្វើឱ្យសម្រេចយ៉ាងហោចណាស់ក៏ចំនួន៩០ភាគរយដែរដើម្បីបញ្ចៀសការរាលដាលនៃជំងឺនេះទាំងនៅក្នុងព្រំដែននៃតំបន់ហ្កាហ្សានិងហួសពីតំបន់នេះ។
យុទ្ធនាការនេះបានចាប់ផ្តើមនៅផ្នែកកណ្តាលនៃតំបន់ Gaza Strip ដែលមានមនុស្សរស់នៅច្រើនជាទីកន្លែងដែលអង្គការ WHO រំពឹងកាលពីដំបូងថានឹងចាក់វ៉ាក់សាំងកុមារអាយុក្រោម១០ឆ្នាំចំនួន១សែន៥ម៉ឺន៦ពាន់៥រយនាក់៕
វេទិកាបញ្ចេញមតិ