ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​​សុខភាព​ពិភពលោក​ថា​ មនុស្ស​វ័យ​ក្មេង​កាន់​តែ​​ច្រើន​ជា​អ្នក​​ចម្លង​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ បុគ្គលិកផ្នែកសុខាភិបាលម្នាក់យកសំណាកពីស្រ្តីម្នាក់ ដើម្បីពិនិត្យរកជំងឺកូវីដ១៩ នៅក្រុង Almaty ប្រទេសកាហ្សាស្តង់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

អង្គការ​សុខភាព​ពិភពលោក WHO បាន​លើក​ឡើង​ថា​ ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩​ កំពុង​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​ពលរដ្ឋ​វ័យ​ក្មេង​នៅ​ជុំវិញ​ពិភពលោក។​

នាយក​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច លោក​បណ្ឌិត​ Takeshi Kasai បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​ថា​ ដំណើរការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ កំពុង​មាន​ការ​ផ្លាស់ប្តូរ ហើយ​កំពុង​ឆ្លង​កាន់​តែច្រើន​ឡើង ​ទៅ​លើ​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ​ចន្លោះ​២០ឆ្នាំ​ ៣០​ឆ្នាំ​ និង​៤០​ឆ្នាំ​ ជាពិសេស​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច ដែល​មាន​មនុស្សរស់​នៅ​សរុប​ប្រមាណ​ជិត​១.៩០០ ​លាន​នាក់។​

លោក​បណ្ឌិត Kasai បញ្ជាក់​ថាមនុស្ស​ក្នុង​ក្រុម​ដែលមាន​អាយុ​ពេញ​វ័យ​ទាំង​នេះ​ មិន​បាន​ដឹង​ថា​ ពួក​គេ​បាន​ឆ្លង​ជំងឺ​កូវីដ១៩នោះ​ទេ ដោយ​សារ​អ្នក​ខ្លះ​មាន​អាការៈ​ក្នុង​ខ្លួន​បន្តិច​បន្តួច ហើយ​ខ្លះ​ទៀត​មិន​មាន​រោគសញ្ញា​អ្វី​ទាល់​តែ​សោះ ដែល​នេះ​មាន​ន័យ​ថា ពួក​គេ​បាន​និង​កំពុង​ចម្លងវីរុស​កូរ៉ូណា​ដោយ​មិន​ដឹងខ្លួន​ទៅដល់អ្នក​ដទៃ។

លោក​បន្ត​ថា​ ប្រការ​នេះ​បាន​បង្កើន​នូវ​ហានិភ័យ​នៃ​ការ​ចម្លង​ដល់​អ្នក​ដែល​ងាយ​ទទួល​រង​គ្រោះ​ខ្លាំង​ ដូច​ជា ​មនុស្ស​ចាស់​ អ្នក​កំពុងមាន​ជំងឺ​ អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​រយៈពេល​វែង​ និង​មនុស្ស​ដែល​រស់​នៅ​តំបន់​ទីក្រុងដែល​មាន​មនុស្ស​ច្រើន​កុះករ​ និង​តំបន់​ជន​បទ​ដែល​ខ្វះ​សេវាកម្ម​ជាដើម។

ការ​ប្រកាស​របស់​លោក​ Kasai ​នេះ​ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង ​ក្រោយពេល​ដែលមន្ត្រី​នៃ​សាកលវិទ្យាល័យ North Carolina at Chapel Hill ក្នុង​រដ្ឋ​ North Carolina ដែល​ជា​សាលា​ដ៏​ធំ​បំផុត​មួយ​ក្នុង​សហរដ្ឋអាមេរិក​ បាន​ប្រកាស​លុប​ចោល​ការ​រៀន​ក្នុង​ថ្នាក់​ ​បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺកូវីដ​១៩ ដោយ​ផ្លាស់ឲ្យ​មាន​ការ​រៀន​តាម​ប្រព័ន្ធ​អនឡាញវិញ គឺ​មួយ​សប្តាហ៍​បន្ទាប់ពី​ថ្នាក់​រៀន​បាន​បើក​ឡើង​វិញ​សម្រាប់​ការ​សិក្សា​ក្នុង​ឆមាស​ក្នុង​រដូវ​កាល​សិក្សា​ថ្មី​។ ​

កាល​ពី​ថ្ងៃ​ចន្ទ​ មន្រ្តី​សាលា​បាន​ឲ្យ​ដឹង​ថា​ មាន​និស្សិត​ប្រមាណ​១១៧នាក់​ ត្រូវ​បាន​រក​ឃើញ​ថា​ មាន​វីរុស​កូរ៉ូណា​ ហើយ​និស្សិត​ប្រមាណ ៣៥០ នាក់ផ្សេង​ទៀតត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ក្នុង​កន្លែង​និស្សិត​ស្នាក់​នៅ​ក្នុង​សាកលវិទ្យាល័យ​ និង​តាម​ផ្ទះ​ក្រៅ​បរិវេណ​សាលា​ ដោយ​សារ​តែ​លទ្ធភាព​ដែល​ពួក​គេ​អាច​ឆ្លង​វីរុស​កូរ៉ូណា​ផង​ដែរ។

គិត​មក​ត្រឹម​ថ្ងៃ​អង្គារ​នេះ នៅ​ជុំវិ​ញ​ពិភពលោក វីរុស​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជិត​២២​លាន​នាក់ ហើយ​ជំងឺ​កូវីដ១៩​បាន​សម្លាប់​ជីវិត​មនុស្ស​ ៧៧៥.០០០​នាក់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG