ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ​WHO ៖​ការ​ព្យាបាល​ធ្មេញដែលមិន​ចាំ​បាច់​គួរ​ត្រូវ​លើក​ពេល ​ខណៈមាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ទន្តពេទ្យម្នាក់កំពុងពិនិត្យធ្មេញអ្នកជំងឺម្នាក់ នៅក្រុង Seattle រដ្ឋវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ទន្តពេទ្យម្នាក់កំពុងពិនិត្យធ្មេញអ្នកជំងឺម្នាក់ នៅក្រុង Seattle រដ្ឋវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ពិភព​លោក​ដឹង​ថា​ មិនមែន​ជា​ការ​ស្រួល​ក្នុង​ចិត្ត​ទេ​នៅ​ពេល​ឈឺ​ធ្មេញ​ ហើយ​នៅ​ពេល​មាន​ការ​ឈឺ​ចាប់​ខ្លាំង ​អ្នក​ជំងឺ​ទៅ​រក​ពេទ្យ​ធ្មេញ។​ ​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​ការ​ស្ទង់​មតិ​មួយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា​ WHO ​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ប្រទេស​ចំនួន​១០៣​នៅ​ចន្លោះ​ខែ​ឧសភា​និង​ពាក់​កណ្តាល​ខែ​កក្កដា ជំងឺ​កូវីដ១៩​មាន​ផល​ប៉ះពាល់​ដល់​សេវា​ព្យាបាល​ធ្មេញ​នៅ​ទូទាំង​ពិភពលោក​ដែល​ជា​ការ​មិន​ធ្លាប់​មាន​ពីពេល​មុនៗ​ទេ។​

លោក ​Benoit Vareene ​ជា​មន្ត្រី​ខាង​ទន្តសាស្ត្រ​ផ្នែក​ជំងឺ​មិន​ឆ្លង​នៅ​អង្គការ​ WHO។​លោក​និយាយ​ថា​ ​៧៥​ភាគ​រយ​នៃ​អ្នកឆ្លើយ​នឹង​ការ​ស្ទង់​មតិ​រាយ​ការណ៍​ថា​ សេវា​ព្យាបាលធ្មេញ​បាន​ត្រូវ​បង្អាក់​ទាំង​ស្រុង​ឬ​ជា​ផ្នែក​ដោយ​សារ​វីរុស​កូរ៉ូណា។​

លោក ​Benoit Vareene ​និយាយ​ថា​ ​ការ​បង្អាក់​នេះ​ជាប់​ទាក់​ទង​ជា​មួយ​ការងារ​ផ្តល់​ដោយ​បុគ្គលិក​ថែទាំ​សុខភាព​មាត់​ធ្មេញ។​ លោក​និយាយ​ថា៖​

«ដូច​លោក​អ្នក​ដឹង​ហើយ​ថា​ ពួក​ពេទ្យ​ធ្មេញ​ គិលានុបដ្ឋាយិកា​ខាង​ធ្មេញ ​ អ្នក​អនាម័យ ​និង​ជំនួយ​ការ​ពេទ្យ​ធ្មេញ​ ​ធ្វើការ​ដោយ​ប៉ះពាល់​អ្នក​ជំងឺ​ដោយ​ផ្ទាល់​ ​ហើយ​ប៉ះ​នឹង​ទឹក​មាត់​និង​ឈាម។ ​ពួក​គេ​ក៏​ប្រើ​អ្វី​ដែល​យើង​ហៅ​ថាឧបករណ៍​បាញ់​សាច​ ហើយ​ឧបករណ៍​ទាំង​នេះ​នាំ​ឱ្យ​មាន​អ្វី​ដែល​យើង​ហៅ​ថា​ ភាគ​ល្អិត​មើល​មិន​ឃើញ​នៅ​ក្នុង​ខ្យល់​ឬ​ aerosol»។​

លោក ​Vareene ​និយាយ​ថា​ នៅ​ក្នុង​សហគមន៍​ដែល​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​ខ្លាំង​ អង្គការ​ ​ WHO​ ផ្តល់​អនុសាសន៍​ថា​ ​អាទិភាព​ព្យាបាល​គួរ​ផ្តល់​ឱ្យ​ដល់​ករណី​មាន​ភាព​បន្ទាន់។​ លោក​បាន​ថ្លែង​ទៀត​ថា​ ​នៅក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ ​អ្នក​ធ្វើការ​ខាង​ជំងឺ​ធ្មេញ​គួរ​ជៀសវៀង​ទម្រង់ការ​ដែល​នាំ​ឱ្យមាន​ភាគ​ល្អិត​មើល​មិន​ឃើញ​នៅ​ក្នុង​ខ្យល់​ ដែល​អាច​នាំ​ឱ្យ​រាល​ដាល​ការ​ឆ្លង​ហើយ​គួរ​ផ្តល់​អាទិភាព​ដល់​ការ​ប្រើ​សម្ភារៈ​ដោយ​ដៃ។​

«ហើយ​ជា​ការណ៍​ពិត​ គេ​គួរ​ពន្យារ​ពេល​ការ​ព្យាបាល​ខាង​សុខភាព​មាត់​ធ្មេញ​ធម្មតា ​ដែល​មិន​ចាំ​បាច់ ​ដូច​ជា​ ការ​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​មើល​ធ្មេញ​ ​ការ​សម្អាត​ធ្មេញ​ ​វិធី​បង្ការកុំ​ឲ្យ​ខូច​ធ្មេញ​ និង​ការ​កែ​សោភណ្ឌភាព​ធ្មេញ​ជាដើម»។​

អនុសាសន៍​ឯ​ទៀតៗ​របស់​អង្គការ​ WHO ​មាន​រួម​បញ្ចូល​ការ​ត្រួត​ពិនិត្យ​ពី​ចម្ងាយ ​ការ​រក្សា​គម្លាត​ពីគ្នា​ និង​ពាក់ម៉ាស់​នៅ​មុន​និង​នៅ​ចន្លោះ​ការ​ព្យាបាល​ធ្មេញដើម្បី​បញ្ចៀស​និង​កាត់​បន្ថយ​ការ​ឆ្លង​វីរុស។​

លោក ​Varenne ​និយាយ​ថា​ បញ្ហា​មួយ​ក្នុង​បណ្តា​បញ្ហា​ជា​បន្ទាន់​គឺ​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ ​អ្នក​ធ្វើការ​ខាង​ព្យាបាល​ធ្មេញ​មាន​ឧបករណ៍​ការពារ​ខ្លួន​ផ្ទាល់​ខ្លួន។​ លោក​ថ្លែង​ថា​ ​ការណ៍​នេះ​មាន​សារៈ​សំខាន់​ក្នុង​ការ​ការពារ​ពួក​គេ​មិន​ឱ្យ​ឆ្លង​ជំងឺ​កូវីដ១៩​និង​ចម្លង​ទៅ​អ្នក​ជំងឺ៕​

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG