ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក៖ វីរុស​អូមីក្រុង​ថ្មី មាន​កម្រិត​ធ្ងន់ធ្ងរ​ប្រហែល​នឹង​អូមីក្រុង​ដើម


រូបឯកសារ៖ - រថយន្ត​ដឹកទំនិញ​ដែល​មាន​បិទភ្ជាប់​នូវ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​​វីរុស​បំប្លែង​ថ្មី​អូមីក្រុង (omicron) ត្រូវបាន​បើកបរ​នៅ​លើ​ផ្លូវ​ដ៏មមាញឹក​មួយ កាលពី​ថ្ងៃសុក្រ​ទី២៨ ខែមករា ឆ្នាំ២០២២ នៅ​ទីក្រុងតូក្យូ។
រូបឯកសារ៖ - រថយន្ត​ដឹកទំនិញ​ដែល​មាន​បិទភ្ជាប់​នូវ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​​វីរុស​បំប្លែង​ថ្មី​អូមីក្រុង (omicron) ត្រូវបាន​បើកបរ​នៅ​លើ​ផ្លូវ​ដ៏មមាញឹក​មួយ កាលពី​ថ្ងៃសុក្រ​ទី២៨ ខែមករា ឆ្នាំ២០២២ នៅ​ទីក្រុងតូក្យូ។

ទម្រង់​ថ្មី​មួយ​នៃ​វីរុស​បំប្លែង​ថ្មី​អូមីក្រុង (omicron) ​ដែលទើប​លេច​ឡើង ហាក់​ដូចជាមិន​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រភេទ​វីរុស​អូមីក្រុងទម្រង់​ដើមនោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

លោក​វេជ្ជបណ្ឌិត Boris Pavlin នៃ​ក្រុម​ឆ្លើយតប​កូវីដ១៩​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ថ្លែង​អំពី​វីរុសអូមីក្រុង​ទម្រង់ថ្មីនេះ​ ដែល​មាន​ឈ្មោះបច្ចេកទេស​ថា BA.2 នៅ​ក្នុង​សន្និសីទ​កាសែត​តាម​អនឡាញ​ ខណៈ​វា​កំពុង​ចាប់​ផ្តើម​ជំនួសវីរុស​អូមីក្រុង​ទម្រង់​ដើម​ដែល​មាន​ឈ្មោះ​បច្ចេកទេស​ថា BA.1 ​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក ​និង​ប្រទេស​ផ្សេង​ទៀត។

លោក​វេជ្ជបណ្ឌិត Pavlin បាន​និយាយ​ថា៖ «បើ​យើង​ក្រឡេក​មើល​ប្រទេស​នានា​ដែល​វីរុស BA.2 កំពុង​រាតត្បាតលើស​វីរុស​ដើម យើង​មិន​បាន​ឃើញ​មនុស្ស​ដែល​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ច្រើន​ជាង​ការរំពឹង​ទុក​នោះ​ទេ»។

លោក​វេជ្ជបណ្ឌិត Pavlin ថា ប្រសាសន៍របស់​លោក​ផ្អែក​លើ​ទិន្នន័យ​មក​ពី​ប្រទេស​ដាណឺម៉ាក​ជា​ប្រទេស​ទី១ ​ដែល​វីរុស BA.2 មាន​ចំនួន​លើស​វីរុស​អូមីក្រុង​ដើម BA.1។ លោក​បាន​និយាយ​ទៀត​ថា វ៉ាក់សាំង​ បាន​បន្ត​ផ្តល់​ការការពារ​ស្រដៀង​គ្នា​ប្រឆាំង​នឹង​ទម្រង់​អូមីក្រុង​ប្រភេទ​ផ្សេង​ទៀត។

ប្រភេទ​វីរុស​ថ្មី​នេះ​ ឆ្លង​ខ្លាំង​ជាង​វីរុស​ដើម BA.1។ នេះ ​បើ​តាម​ការសិក្សា​របស់​ដាណឺម៉ាក​ដែល​បាន​ធ្វើ​ការវិភាគ​អំពី​ការឆ្លង​នៅ​ក្នុង​គ្រួសារដាណឺម៉ាកជាង​៨.៥០០​នៅ​ខែ​ធ្នូ​ និង​មករា។

វីរុសអូមីក្រុង​ប្រភេទថ្មី​នេះ ក៏​កំពុង​រាលដាល​លើសលុប​លើមេរោគកូវីដ​ប្រភេទ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នេប៉ាល់ ហ្វ៊ីលីពីន​និង​កាតា​ផង​ដែរ​ ក៏​ប៉ុន្តែ​ការ​រាលដាលរបស់​វា​នៅប្រទេស​ដាណឺម៉ាក ​មិន​បាន​បញ្ឈប់​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​នេះ ឲ្យ​លុប​ចោល​ការរឹតត្បិតសង្គម​នានា​ទេ៕

ព័ត៌មាន​ខ្លះ​ នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG