ប្រទេសហ្វីលីពីននឹងបើកឲ្យភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួចរាល់ហើយមកពីប្រទេសភាគច្រើន ចូលវិញនៅថ្ងៃទី១០ខែកុម្ភះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។នេះបើតាមសម្តីរបស់ក្រុមមន្ត្រីនៅថ្ងៃសុក្រនេះ បន្ទាប់ពីការបិទព្រំដែនរបស់ខ្លួនអស់ពេលជិត២ឆ្នាំដើម្បី ទប់ទល់នឹងវីរុសកូរូណា។
«វិស័យទេសចរណ៍ឥឡូវនេះអាចរើបឡើងវិញ ហើយអាចបង្កើតការងារជាច្រើន ព្រមទាំងជួយដល់ការរីកលូតលាស់សេដ្ឋកិច្ចផងដែរ» នេះជាសម្តីរបស់អ្នកនាំពាក្យប្រធានាធិបតី Karlo Nograles នៅក្នុងសន្និសិទសារព័ត៌មានមួយ។
ផែនការបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី១ធ្នូឆ្នាំមុន ត្រូវបានផ្អាកក្រោយពីវីរុសបំប្លែងអូមី ក្រុងបានឆ្លងរាលដាលពាសពេញប្រទេសហ្វីលីពីន។
សេចក្តីប្រកាសនៅថ្ងៃសុក្រនេះអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍មកពីប្រទេស១៥៧ ដែលធ្លាប់ធ្វើដំណើរទៅប្រទេសហ្វីលីពីនដោយមិនចាំបាច់ទិដ្ឋាការដូចមុនការរាលដាលជំងឺកូវីដ អាចធ្វើដំណើរទៅប្រទេសហ្វីលីពីនដោយមិនចាំបាច់មានទិដ្ឋាការដូចមុនឡើងវិញ។
អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ពីបណ្តាប្រទេសក្នុងបញ្ជី នឹងត្រូវធ្វើតេស្តកូវីដអវិជ្ជមានមុននឹងធ្វើដំណើរទៅប្រទេសហ្វីលីពីន ហើយមិនចាំបាច់ធ្វើចត្តាឡីស័កទេនៅពេលទៅ ដល់។
បញ្ជីរាយនាមប្រទេសនោះ មិនមានប្រទេសចិនដែលជាទីផ្សារទេសចរណ៍ដែលកំពុងកើនយ៉ាងឆាប់រហ័សរបស់ហ្វីលីពីន ព្រមទាំងកោះតៃវ៉ាន់និងឥណ្ឌាទេ។
ប៉ុន្តែ បញ្ជីនោះមានឈ្មោះសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស៕