ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់ពាន់​នាក់​ដើរ​ដង្ហែក្បួន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រឆាំង​នឹង​ការតម្រូវ​ឲ្យ​ពាក់​ម៉ាស់ និង​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩


អ្នក​តវ៉ា​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រឆាំង​នឹង​ការ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩ នៅ​ខាង​មុខ​វិមាន​បូជនីយដ្ឋាន​អតីត​ប្រធានាធិបតី Lincoln (Lincoln Memorial) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
អ្នក​តវ៉ា​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រឆាំង​នឹង​ការ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩ នៅ​ខាង​មុខ​វិមាន​បូជនីយដ្ឋាន​អតីត​ប្រធានាធិបតី Lincoln (Lincoln Memorial) ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។

ពួក​អ្នក​តវ៉ា​រាប់​ពាន់​នាក់ប្រឆាំង​នឹង​ការពាក់​ម៉ាស់​ និងការ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺកូវីដ១៩ បាន​ជួបជុំ​គ្នា​ក្នុង​ទីលាន​ក្នុង​រដ្ឋធានី​វ៉ា់ស៊ីនតោន​កាល​ពី​ថ្ងៃ​អាទិត្យម្សិលមិញ ​ដើម្បីប្រឆាំង​តវ៉ា​នឹងគោលនយោបាយ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង និង​ពាក់​ម៉ាស់ការពារ​ជំងឺ​កូវីដ១៩ ដែល​ដាក់​ចេញ​ដោយរដ្ឋបាល​របស់ប្រធានាធិបតី​អាមេរិកលោក Joe Biden។

ដោយ​ជួបជុំ​គ្នានៅ​ទីលាន National Mall ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ហើយ​បន្ទាប់​មក បាន​ដើរ​ទៅ​កាន់វិមានរំឭក​គុណ​ប្រធានាធិបតី Lincoln អ្នក​តវ៉ា​ប្រឆាំង បាន​លើក​បដា​ដោយ​មាន​ពាក្យ​ស្លោក​ថា​ «សេចក្តី​ស្រឡាញ់​ មិន​មែន​ជា​ការ​ដាក់​បញ្ជា​នោះ​ឡើយ» ហើយ«ការបង្ខិត​បង្ខំ ​មិន​មែន​ជា​ជម្រើស​ទេ»។

រហូត​មក​ដល់​ពេល​នេះ ជំងឺកូវីដ១៩ បាន​សម្លាប់​មនុស្ស​ប្រមាណ​ជាង៨សែន ៦ម៉ឺន​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​និង​ជាង​៥លាន ​៥សែន​នាក់​នៅ​ទូទាំង​ពិភព​លោក។ ជំងឺរាតត្បាត​នេះ បាន​កើត​មាន​ឡើង​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ​ និង​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់សេដ្ឋកិច្ច​យ៉ាង​ធ្ងន់​ធ្ងរ។

កាល​ពី​ថ្ងៃ​ទី​១៣ ខែមករា ​កន្លង​ទៅ​នេះ តុលាការកំពូល​សហរដ្ឋ​អាមេរិក បាន​រាំងខ្ទប់ដល់បទបញ្ជារបស់លោក​ប្រធានាធីបតី Joe Biden ដែល​បាន​តម្រូវ​ឲ្យក្រុម​ហ៊ុន​អាមេរិកធំ​ៗ ត្រូវ​ចាក់​វ៉ាក់សាំង ​ឬ​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ដល់​បុគ្គលិក​របស់​ខ្លួនជា​គោលនយោបាយ​មួយ​ដែល​អ្នក​អភិរក្សនិយម គិត​ថា ជា​រឿង​មិន​សមហេតុផលលើ​ជីវិត​និង​សុខភាព​របស់​ពលរដ្ឋ​អាមេរិក​កាំង​ជា​ច្រើន​នាក់​ ស្រប​ពេល​ដែល​តម្រូវ​ឲ្យ​មានគោលការណ៍​វ៉ាក់សាំងសហព័ន្ធ​ដាច់​ដោយ​ឡែក​មួយ​ទៀត​សម្រាប់មណ្ឌល​ថែ​រក្សា​សុខភាព។

ក្រុមហ៊ុន​អាមេរិក​ជា​ច្រើន បាន​អនុវត្ត​នូវ​គោល​នយោបាយដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស់នេះ​ ដើម្បី​ការពារ​ដល់​បុគ្គលិក​របស់​ពួក​គេ ហើយ​ទីក្រុង​ជា​ច្រើន ​និង​អង្គការ​វប្បធម៌​នានា​ ​ក៏​បាន​អនុវត្ត​ដូច​គ្នា​នេះ​ផង​ដែរ។

ដោយឡែក រដ្ឋ​អាមេរិក​ជា​ច្រើន ដែល​មាន​និន្នាការ​គាំទ្រគណបក្ស​សាធារណរដ្ឋ ពុំ​បាន​ដាក់​ចេញគោលកាណ៍​តម្រូវ​ឲ្យ​ពាក់​ម៉ាស់នោះ​ឡើយ។ រីឯ​រដ្ឋ​ដែល​មាន​អភិបាល​រដ្ឋ​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដូច​ជា​រដ្ឋ California ជា​ដើម បាន​ដាក់​ចេញ​ឡើង​វិញនូវ​គោលការណ៍​តម្រូវ​ឲ្យ​ពាក់​ម៉ាស់នៅ​ក្នុង​អគារ ឬ​ទី​កន្លែង​បិទ​ជិត៕

XS
SM
MD
LG