ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អធិរាជ​ជប៉ុន​បង្ហើប​ពី​ការ​ចង់​ដាក់​រាជ្យ​


អធិរាជ​ជប៉ុន​ព្រះអង្គ Akihito ថ្លែងព្រះរាជសារ​នៅ​ក្នុងវិមាន​អធិរាជទីក្រុង​តូក្យូប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី ០៧ សីហា​ ២០១៦។

ព្រះ​ចៅ​អធិរាជ​ជប៉ុន Akihito បាន​ថ្លែង​ព្រះ​រាជសារ​ដ៏​កម្រ​មួយ​តាម​កញ្ចក់​ទូរទស្សន៍​ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ច័ន្ទ​នេះ បញ្ជាក់​ពី​ក្ដី​ព្រួយបារម្ភ​របស់​ព្រះអង្គ​ក្នុង​ការ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ព្រះរាជ​តួនាទី​ជា​ព្រះមហាក្សត្រ​ឲ្យ​បាន​ពេញលេញ ដោយសារ​តែ​ព្រះ​អង្គ​មាន​ព្រះជន្ម​កាន់តែ​ជរា ដែល​ចំនុច​នេះ​ចង់​មាន​ន័យ​ថា ព្រះអង្គ​អាច​នឹង​ដាក់​រាជ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

ព្រះមហាក្សត្រ Akihito បាន​មាន​ព្រះ​រាជ​បន្ទូល​ថា៖ «ពេល​ដែល​ខ្ញុំ​គិត​ថា​សមត្ថភាព​របស់​ខ្ញុំ​ចុះ​ខ្សោយ ខ្ញុំ​មាន​ក្ដី​បារម្ភ​ថា ខ្ញុំ​អាច​មាន​ការ​លំបាក​ក្នុង​ការ​បំពេញ​ព្រះរាជ​តួនាទី​របស់​ខ្ញុំ​ជា​និមិត្តរូប​នៃ​ជាតិ​ឲ្យ​បាន​ពេញលេញ ដូច​ដែល​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​កន្លង​មក»។

រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ជប៉ុន​ចាប់​ពី​ក្រោយ​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​មក ដាក់​កំហិត​ចំពោះ​អ្វី​ដែល​ព្រះ​ចៅ​អធិរាជ​ជប៉ុន​គួរ​មាន​ព្រះរាជ​បន្ទូល​បាន ក្នុង​តួនាទី​ជា​ព្រះមហាក្សត្រ​ដែល​ជា​និមិត្តរូប​របស់​ជាតិ​គ្មាន​អំណាច​ផ្នែក​នយោបាយ។ ដូច​ដែល​បានរំពឹង​ទុក​ជាមុន ព្រះមហាក្សត្រ Akihito មិន​បាន​ថ្លែង​ព្រះរាជ​សារ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​ដាក់រាជ្យ​នោះ​ទេ ដែល​ការ​ថ្លែង​ដូចនេះ​អាច​រំលោភ​ទៅ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ។

ឆ្លើយតប​ទៅ​នឹង​ព្រះរាជ​សារ​របស់​ព្រះអង្គ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​និយាយ​ថា លោក​នឹង​យកចិត្ត​ទុកដាក់​យ៉ាង​ហ្មត់ចត់​ចំពោះ​អ្វី​ដែល​ព្រះមហាក្សត្រ Akihito បាន​ថ្លែង។

លោក Abe បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​នឹង​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​បំពេញ​តាម​សេចក្ដី​ព្រួយបារម្ភ​របស់​ព្រះមហាក្សត្រ ដោយ​ពិចារណា​អំពី​ព្រះជន្ម​ជរា​របស់​ព្រះអង្គ និង​អំពី​បន្ទុក​នៃ​កិច្ចការ​សព្វថ្ងៃ​របស់​ព្រះអង្គ‍»។

របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន​អាច​ពិចារណា​បង្កើត​ច្បាប់​ពិសេស​មួយ​ដើម្បី​ឲ្យ​មាន​ការ​ដាក់​រាជ្យ​សម្រាប់​ព្រះមហាក្សត្រ Akihito តែ​មួយ​លើក​នេះ​ប៉ុណ្ណោះ។

ការ​ស្ទង់​មតិ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជប៉ុន​បាន​បង្ហាញ​ថា ប្រហែល​ជា ៨០ ទៅ ៩០ ភាគរយ នៃ​សាធារណជន​ទូទៅ​គាំទ្រ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​ដើម្បី​អនុញ្ញាត​ឲ្យ​អធិរាជ​ជប៉ុន​អាច​ដាក់​រាជ្យ​បាន៕

XS
SM
MD
LG