អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងគ្រាអាសន្ននូវវ៉ាក់សំាងកូវីដ១៩ ចំនួនពីររបស់ក្រុមហ៊ុន AstraZeneca-Oxford ដែលនេះជាសកម្មភាពមួយដែលនឹងជួយបង្កើនការផ្គត់ផ្គង់វ៉ាក់សាំងទូទំាងពិភពលោក នៅប៉ុន្មានសប្ដាហ៍ខាងមុខ។
អង្គការ WHO បានឲ្យដឹងថាវ៉ាក់សំាងទំាងនេះ មានសុវត្ថិភាពសម្រាប់មនុស្ស ដែលមានអាយុ ១៨ ឆ្នាំឡើងទៅ ហើយនឹងត្រូវបានចែកចាយតាមរយ:គម្រោងវ៉ាក់សាំង COVAX របស់អង្គការ WHO ដែលត្រូវបានបង្កើតឡើង ដើម្បីចែកចាយវ៉ាក់សាំងដល់ប្រទេសដែលមានចំណូលទាប និងមធ្យម។
វ៉ាក់សាំងថ្មីទំាងពីរដែលត្រូវបានអនុញ្ញាតឱ្យប្រើនេះ មួយត្រូវបានផលិតដោយក្រុមហ៊ុន AstraZeneca-SKBio នៅក្នុងប្រទេសកូរ៉េខាងត្បូង និងមួយទៀតផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា។ ក្រុមហ៊ុន AstraZeneca ផ្គត់ផ្គង់វ៉ាក់សាំងភាគច្រើនក្នុងគម្រោង COVAX។
ការអនុម័តនេះ ក៏អនុញ្ញាតឲ្យប្រទេសទាំងឡាយពន្លឿនការអនុម័តការប្រើប្រាស់ពីនិយ័តករក្នុងស្រុកដើម្បីនាំចូល និងចែកចាយវ៉ាក់សាំង។ អង្គការ WHO ចំណាយពេលមិនដល់មួយខែទេ ក្នុងការត្រួតពិនិត្យទិន្នន័យ លើគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃថ្នាំ និងអនុញ្ញាតឲ្យប្រើវ៉ាក់សំាងទំាងនេះក្នុងគ្រាអាសន្ន។
នាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទថា៖ «ឥឡូវនេះ យើងបានត្រៀមរួចរាល់គ្រប់លក្ខខណ្ឌក្នុងការចែកចាយវ៉ាក់សំាងឲ្យបានលឿន។ ប៉ុន្តែយើងត្រូវតែពង្រីកផលិតកម្មទៀត»៕