រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ បានថ្លែងកាលពីថ្ងៃសុក្រថា លោករំពឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca នឹងបានទទួលការយល់ព្រមឲ្យប្រើសម្រាប់គ្រាអាសន្ននៅល្ងាចថ្ងៃសុក្រនេះ ក៏ប៉ុន្តែប្រហែលជាអាចប្រើមានការកម្រិតតែប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក Jens Spahn បានថ្លែងក្នុងសន្និសីទកាសែតមួយនៅក្នុងទីក្រុងប៊ែរឡាំងថា ទីភ្នាក់ងារឱសថអឺរ៉ុប ឬ (EMA) អាចអនុម័តឲ្យប្រើវ៉ាក់សាំងដោយមានការរឹតត្បិត ពីព្រោះតែទិន្ន័យស្តីពីការប្រើរបស់វាលើមនុស្សចាស់«មិនគ្រប់គ្រាន់»។
លោក Spahn បាននិយាយទៀតថា វាមានសារៈសំខាន់ដើម្បីបង្ហាញពីភាពខុសគ្នារវាងទិន្ន័យមិនគ្រប់គ្រាន់និងទិន្ន័យ«អាក្រក់»។
ថ្លែងទៅកាន់សន្និសីទកាសែតនៅពេលជាមួយគ្នានោះដែរ លោក Klaus Cichutek ប្រធានវិទ្យាស្ថាន Paul Ehrlich បាននិយាយថា មានការជជែកដេញដោលដ៏ក្តៅគគុកចំពោះវ៉ាក់សាំងនោះ ក្នុងអំឡុងដំណើរការនៃការអនុម័តកាលពីសប្តាហ៍មុន ក៏ប៉ុន្តែ លោកជឿថា «ការងារដ៏សំខាន់នោះគឺថា ឱសថនោះ បានទទួលការយល់ព្រមដោយមិនមានការរឹតត្បិតអាយុ»។
លោក Lothar Wieler ប្រធានវិទ្យាស្ថានសម្រាប់ជំងឺឆ្លង Robert Koch ដែលស្ថិតនៅក្នុងសន្និសីទកាសែតនោះដែរ បានព្រមានពីគ្រោះថ្នាក់យ៉ាងខ្លាំងពីជំងឺកូវីដ១៩វិវឌ្ឍថ្មី។
លោកបាននិយាយថា គេនៅមិនទាន់ដឹងច្បាស់លាស់អំពីលក្ខណៈនៃវីរុសវិវឌ្ឍថ្មីនៅឡើយទេ ហើយមិនទាន់ដឹងថាតើវីរុសនោះ មានគ្រោះថ្នាក់យ៉ាងណានោះទេ ហើយក្នុងករណីខ្លះ ថាតើមនុស្សដែលបានឆ្លងជំងឺកូវីដ១៩រួចហើយនោះ ឬបានចាក់វ៉ាក់សាំងរួចហើយនោះ មានអង់ទីគ័រប្រឆាំងនឹងវាដែរឬទេ៕