ប្រទេសអាហ្វ្រិកខាងត្បូងបានផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាពតិចក្នុងការប្រឆាំងវីរុសកូរ៉ូណាទម្រង់ថ្មី ដែលគេបានរកឃើញក្នុងប្រទេសអាហ្វ្រិកខាងត្បូងនេះ។
អង្គការសុខភាពពិភពលោកនឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីស្ថានភាពវិវត្តន៍ចុងក្រោយនៃជំងឺកូវីដ១៩នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
ការសិក្សាស្រាវជ្រាវ ដែលត្រូវបានធ្វើឡើង ដោយសាកលវិទ្យាល័យ Witwatersrand ក្នុងទីក្រុង Johannesburg ហើយដែលមិនទាន់ត្រូវបានត្រួតពិនិត្យដោយស្ថាប័នជំនាញដូចគ្នានោះ បានសន្និដ្ឋានថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនរបស់ប្រទេសអង់គ្លេសនេះ អាចផ្តល់ការការពារ «បានតែក្នុងកម្រិតមួយតែប៉ុណ្ណោះ ក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណាទម្រង់ថ្មី ដែលទើបត្រូវបានរកឃើញនៅក្នុងចំណោមមនុស្សវ័យក្មេងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
ការរកឃើញនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសអាហ្វ្រិកខាងត្បូង ដែលមានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាប្រមាណជាង ៤៦.០០០ នាក់។ ប្រទេសនេះ មានគម្រោងថា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន AstraZeneca ទៅលើពលរដ្ឋរបស់ខ្លួន ចំនួន១លានដូស នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែនៅពេលនេះ លទ្ធផលនៃការសិក្សាថ្មីនេះបង្ហាញថា វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឱសថរបស់ប្រទេសអង់គ្លេសមួយនេះ មានប្រសិទ្ធភាពត្រឹមតែ២២ភាគរយតែប៉ុណ្ណោះ ក្នុងការប្រយុទ្ធប្រឆាំងនិងវីរុសកូរ៉ូណាទម្រង់ថ្មី នៅអាហ្វ្រិកខាងត្បូងនោះ។
ការសិក្សានេះមិនបានពិនិត្យទៅលើប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងករណីជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរនោះទេ។ វីរុសកូរ៉ូណាទម្រង់ថ្មីនេះ ត្រូវបានគេរកឃើញក្នុងប្រទេសផ្សេងៗទៀត យ៉ាងហោចណាស់ចំនួន៣២ប្រទេស ដែលក្នុងនោះក៏រួមមានទាំងសហរដ្ឋអាមេរិកផងដែរ។
ក្រុមហ៊ុនឱសថAstraZeneca បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងផលិតវ៉ាក់សាំងបង្ការមួយប្រភេទថ្មីទៀត ដែលមានប្រសិទ្ធភាពខ្លាំងជាងវ៉ាក់សាំងបច្ចុប្បន្នរបស់ខ្លួន ក្នុងការបង្ការវីរុសកូរ៉ូណាទម្រង់ថ្មីនៅអាហ្វ្រិកខាងត្បូងនោះ។ គេរំពឹងថា វ៉ាក់សាំងប្រភេទថ្មីនេះនឹងចេញជារូបរាង នៅរដូវស្លឹកឈើជ្រុះនាពេលខាងមុខនេះ៕