ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Biden ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ថ្មី​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងអំពីគម្រោងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រោមរដ្ឋបាលរបស់លោក នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

​ប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ Joe Biden បាន​ព្រមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​«ទំនង​ជា​អាច​កើន​ឡើង​ដល់​កន្លះ​លាន​នាក់​នៅ​ខែ​ក្រោយ [កុម្ភៈ]»។ លោក​បាន​ថ្លែង​ដូច្នេះ​ ស្រប​ពេល​ដែល​លោក​ពន្យល់​ពីគម្រោង​របស់​រដ្ឋាភិបាល ដើម្បី​ទប់​កំណើនចំនួន​ពលរដ្ឋ​អាមេរិកាំង​ដែលស្លាប់​ដោយ​សារ​ជំងឺនេះ។

ថ្លែង​ពី​ក្នុង​បន្ទប់ Roosevelt នៃ​សេតវិមាន លោក​ ​Biden បាន​លើក​ផែនការ​កម្រាស់ ​១៩៨​ ទំព័រ​របស់​លោក​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន អម​ដោយ​អនុប្រធានាធិបតី​អ្នកស្រី Kamala Harris និង​ទីប្រឹក្សា​វេជ្ជសាស្ត្រ​ជាន់ខ្ពស់​ផ្នែក​ជំងឺ​កូវីដ១៩ គឺ​លោក​វេជ្ជបណ្ឌិត Anthony Fauci មុន​នឹង​ចុះ​ហត្ថលេខា​បទបញ្ជាប្រធានាធិបតីចំនួន ១០ ដែល​ទាក់ទង​នឹង​ជំងឺកូវីដ១៩។

គោលដៅ​របស់​លោក​ប្រធានាធិបតី គឺ​ផ្ដល់​វ៉ាក់សំាង​ដល់​ពលរដ្ឋ​អាមេរិកកាំង​ចំនួន ១០០​ លាន​នាក់​នៅ​ក្នុងរយៈពេល ១០០​ ថ្ងៃ​ខាង​មុខ។ មជ្ឈមណ្ឌល​វ៉ាក់សាំងសហគមន៍ដែល​ផ្គត់ផ្គង់​ដោយរដ្ឋាភិបាល​សហព័ន្ធចំនួន​ ១០០ កន្លែង ​នឹង​ត្រូវ​ដំណើរការ​ទូទាំង​ប្រទេស​នៅ​ខែ​ក្រោយ។

លោក Biden បាន​កត់​សម្គាល់​ថា៖​ «[ការ​ផ្គត់ផ្គង់វ៉ាក់សាំង]​នេះនឹង​ក្លាយ​ជា​ប្រតិបត្តិការ​ដ៏​លំបាក​បំផុត​មួយ ដែល​ប្រទេសយើងមិន​ដែល​ធ្វើ​ពី​មុន​មក»។

បទ​បញ្ជា​ប្រធានាធិបតី​របស់​លោក​ Biden ក៏​តម្រូវ​ឲ្យ​អ្នក​ដំណើរ​ពី​ក្រៅ​ប្រទេស​មក​កាន់​សហរដ្ឋ​អាមេរិក​បង្ហាញ​ភស្តុតាង​ថា ​ខ្លួនបាន​ធ្វើ​តេស្តឃើញ​មិន​មាន​ជំងឺ​កូវីដ១៩។

មក​ដល់​ពេល​នេះ​ ពលរដ្ឋ​អាមេរិកាំង​ចំនួន ១៦​ លាន​នាក់​ត្រូវ​បាន​គេ​ចាក់​វ៉ាក់សាំង​កូវីដ១៩ គឺ​តិច​ជាងចំនួន​ ២០​លាន​នាក់ ដែល​មន្ត្រី​សុខាភិបាល​រដ្ឋបាល​អតីត​លោក​ប្រធានាធិបតី Donald Trump បាន​សន្យា​ថា​ នឹង​ផ្ដល់​វ៉ាក់សំាង​ជូន ត្រឹម​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន៕

XS
SM
MD
LG