មន្ត្រីសុខាភិបាលចិនកាលពីថ្ងៃអង្គារ បាននិយាយថា ចំនួននៃករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ឬ Covid-19 បានកើនឡើងលើសពី ៧២.០០០ (៧ម៉ឺន ពីរពាន់) ករណី ដោយចំនួនអ្នកស្លាប់បានកើនដល់ជិត១.៩០០នាក់។
តួលេខចុងក្រោយនេះគឺរួមមានតួលេខសម្រាប់ថ្ងៃអង្គារ ដោយក្នុងមួយថ្ងៃនេះ មានករណីស្លាប់ថ្មី ៩៨ និងករណីឆ្លងថ្មីចំនួន១.៨៨៦ ពីមេរោគ Covid-19 ដែលដាក់សម្ពាធខ្លាំងទៅលើប្រព័ន្ធសុខាភិបាលចិន និងបង្ខំឲ្យអាជ្ញាធរបិទសកម្មភាពនៅតាមទីក្រុងនិងទីប្រជុំជនជាច្រើន។
ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា ក្នុងចំណោមអ្នកស្លាប់កាលពីថ្ងៃអង្គារមានលោកវេជ្ជបណ្ឌិត Liu Zhiming ប្រធានមន្ទីរពេទ្យ Wuchang ក្នុងក្រុងវូហាន ខេត្ត Hubei ដែលជាចំណុចកណ្តាលនៃការផ្ទុះរាលដាលមេរោគដ៏កាចសាហាវនេះ។
ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus ថ្លែងកាលពីថ្ងៃចន្ទថា ទិន្នន័យពីប្រទេសចិនក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះហាក់បង្ហាញថា មានការថយចុះនៃចំនួនករណីឆ្លងថ្មីៗ។ ប៉ុន្តែលោកគូសបញ្ជាក់ថា គេគួរមានការប្រុងប្រ័យត្នចំពោះការសន្និដ្ឋានពីតួលេខនេះដោយសារអាចមានការប្រែប្រួលទៀត។
លោក Ghebreyesus បញ្ជាក់ថា ជាង៨០% នៃអ្នកជំងឺ Covid-19 «មានអាការៈកម្រិតស្រាលហើយនឹងបានជាសះស្បើយ»។
អង្គការ WHO បញ្ជាក់ក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា តួលេខចុងក្រោយនៃចំនួនអ្នកឆ្លងមេរោគនេះនៅក្រៅប្រទេសចិនមានចំនួន ៧៩៤ ករណី ដោយក្នុងនោះ ៥៤២ ករណីជាអ្នកធ្វើដំណើរក្នុងនាវាកម្សាន្តមួយដែលកំពុងជាប់នៅក្នុង Yokohama ប្រទេសជប៉ុន ហើយដែលនៅថ្ងៃអង្គារនេះបានរាយការណ៍ថាមានអ្នកឆ្លងថ្មី៨៨ករណីទៀតនៅក្នុងនាវានោះ៕