ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​មេរោគ​កូរ៉ូណា​វីរុស COVID-19 នៅតែ​បន្ត​កើន​ឡើង


ស្ត្រី​ម្នាក់​ពាក់​ម៉ាស​​ជិះឡាន​ក្រុង ដោយសារ​តែ​ការ​ផ្ទុះវីរុស​កូរ៉ូណា​ថ្មី​ ទីក្រុងប៉េកាំង ប្រទេស​ចិន ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ២០២០។

ករណី​ឆ្លង​មេរោគ​កូរ៉ូណាវីរុស COVID-19 ចំនួន៥០៥៨០ករណី​កើត​មាន​នៅ​ទូទាំង​ពិភពលោក ហើយ​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ជិត​១៧០០​នាក់។

អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណាវីរុស COVID-19 ចំនួន ៥០៥៨០ ករណី នៅ​ទូទាំង​ពិភពលោក ដែល «បញ្ជាក់​ដោយ​ការ​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធន៍» ដែល​នៅ​ក្នុង​នោះ ករណី​ឆ្លង​ចំនួន ៥០០៥៤ ករណី គឺ​នៅ​ក្នុង​ប្រទេស​ចិន។

អង្គការ​នេះ​បាន​បន្ថែម​ថា ករណី​ឆ្លង​ថ្មី​ចំនួន ១៥២៧ ករណី ត្រូវ​បាន​គេ​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​នៅ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ ដែល​ក្នុង​នោះ​ចំនួន ១៥០៦ ករណី​គឺ​នៅ​ក្នុង​ប្រទេស​ចិន។

ប៉ុន្តែ តួលេខ​របស់​រដ្ឋាភិបាល​ចិន​ខុស​ពី​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក ដោយសារតែ​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ចិន​បាន​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ធ្វើ​រោគ​វិនិច្ឆ័យ និង​រាប់​ករណី​ឆ្លង​ថ្មី ដែល​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ចំនួន​នៃ​ការ​ឆ្លង​ដែល​ត្រូវ​បាន​គេ​រាយការណ៍។ តាម​រយៈ​វិធីសាស្ត្រ​ថ្មី​នេះ គ្រូពេទ្យ​អាច​ប្រើ​រូបថត​ស្កេន​សួត និង​វិធី​វិភាគ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​អ្នក​ជំងឺ ជាជាង​ពឹង​ផ្អែក​លើ​ការ​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពិសោធន៍។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា មនុស្ស​ជិត ១៧០០ រយ​នាក់ បាន​ស្លាប់​ដោយសារ​មេរោគ COVID-19 នេះ ហើយ​មនុស្ស​ជាង ៦៨០០០ ពាន់​នាក់​បាន​ឆ្លង​មេរោគ​នេះ។ គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​បាន​បញ្ជាក់​ថា​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១៨៤៣ ករណី​នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​ជា​ការ​ធ្លាក់​ចុះ​ពី​ករណី​ឆ្លង​ថ្មី​ច្រើន​ជាង​នេះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។ ក្នុង​ពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ ចិន​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ថ្មី​ជាង ៧៥០០​ករណី។

គណៈកម្មការ​សុខាភិបាល​ជាតិ​ចិន​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ករណី​ស្លាប់​ថ្មីៗ​ភាគ​ច្រើន​ដោយសារ​មេរោគ​នេះ​គឺ​នៅ​ក្នុង​ទីក្រុង Wuhan ខេត្ត Hubei ដែល​ជា​កន្លែង​ដែល​គេ​ជឿ​ថា មេរោគ​នេះ​បាន​ផ្ទុះ​ឡើង​ដំបូង។

អង្គការ​សុខភាព​ពិភពលោក​បាន​វាយ​តម្លៃ​ថា ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​នេះ​គឺ «ខ្ពស់​ខ្លាំង» នៅ​ក្នុង​ប្រទេស​ចិន និង «ខ្ពស់» នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG