ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ WHO ធ្វើ​ចត្តាឡីស័ក​ក្រោយ​បាន​​​នៅ​ជិត​អ្នក​ដែល​​​បាន​ឆ្លង​​ជំងឺ​កូវីដ១៩


រូបឯកសារ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​ស្ដី​ពី​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus ចូលរួម​ក្នុង​សន្និសីទ​កាសែត​មួយ​ស្ដី​ពី​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

លោក​ Tedros Adhanom Ghebreyesus នាយក​អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​លោក​កំពុង​ធ្វើ​ចត្តាឡីស័ក​ ក្រោយ​ពីលោក​បានស្ថិត​នៅ​ក្បែរ​មនុស្ស​ម្នាក់ដែល​បានរក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ។

លោក​បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម Twitter ​ថា​ លោក​មាន​សុខភាព​ល្អ​ជា​ធម្មតា​ និង​គ្មាន​រោគសញ្ញា​អ្វី​មួយ​នោះ​ទេ​ ប៉ុន្តែ​លោក​ត្រូវ​អនុវត្ត​តាមគោលការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ ដោយ​ដាក់​ខ្លួន​លោក​ឲ្យ​នៅ​ឆ្ងាយ​ដាច់ពី​អ្នក​ដទៃ​ និង​ធ្វើ​ការ​ពី​ផ្ទះ។

លោក​បាន​និយាយ​ក្នុង​សារ​បង្ហោះ​នោះ​ថា៖​ «វា​ជារឿង​មួយ​ដ៏​សំខាន់​ដែល​យើង​ត្រូវ​អនុវត្ត​តាមសេចក្តី​ណែនាំ​សុខភាព។ ​នេះ​ជា​វិធីដែល​យើង​អា​ច​ទប់​ស្កាត់នឹង​ការចម្លង​ជំងឺ​កូវីដ​១៩​ទៅ​អ្នក​ដទៃ​ ​កម្ចាត់វីរុស​នេះ និង​ការពារ​ប្រព័ន្ធ​សុខភាព។​

ចំណែក​នៅ​ចក្រភព​អង់គ្លេស​វិញ ​ព្រះអង្គ​ម្ចាស់ William​ ជា​បុគ្គល​មួយ​រូប​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណា​ ក្នុង​ចំណោម​អ្នក​ឆ្លង​ប្រមាណ​១០​លាន​នាក់​ក្នុង​ទ្វីប​អឺរ៉ុប​ នេះ​បើ​តាមការ​ផ្សព្វ​ផ្សាយ​របស់​សារព័ត៌មានអង់គ្លេសកាល​ពី​ថ្ងៃ​អាទិត្យ។​ ព្រះ​អង្គម្ចាស់ដែល​មាន​អាយុ​៣៨​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ថា​ ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ខែ​មេសា​ គឺ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​បិតា​របស់​ទ្រង់​គឺ​ព្រះ​អង្គម្ចាស់ ​Charles ដែលជា​រាជ​ទាយាទ​របស់ចក្រភពអង់គ្លេស បាន​ប្រកាស​ថា​ ព្រះ​អង្គធ្វើ​ចត្តាឡីស័ក​ បន្ទាប់​ពី​មាន​រោគសញ្ញា​បន្តិច​បន្តួច​ដោយសារ​ការ​ឆ្លង​កូវីដ១៩នោះ។​

ការ​ឆ្លង​ជំងឺ​កូវីដ១៩​របស់​ព្រះ​អង្គ​ម្ចាស់​ Charles និង​ព្រះ​អង្គម្ចាស់​បុត្រា William កើត​មាន​ឡើង​ នៅ​ចំ​ពេល​ខែ​តែមួយ​ ដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ​ក៏​ត្រូវបាន​រក​ឃើញ​ថា បានឆ្លង​ជំងឺ​កូវីដ១៩​ផង​ដែរ​ ដោយ​លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ។​

គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​ ចំនួន​អ្នក​ស្លាប់​សរុបនៅលើ​ពិភពលោក​ដោយ​សារជំងឺ​កូវីដ១៩​ បាន​កើន​លើស១,២​លាន​នាក់​ ហើយ​ចំនួន​អ្នក​ឆ្លង​ដោយសារ​ជំងឺ​នេះបាន​កើន​លើស​៤៦,៥​លាន​នាក់ នេះ​បើ​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យJohns Hopkins របស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG