កាលពីថ្ងៃអាទិត្យ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសទី ៩ នៅលើពិភពលោកដែលមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង ១ លាននាក់។
បើយោងតាមទិន្នន័យដែលចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins គិតត្រឹមព្រឹកថ្ងៃអាទិត្យ ចក្រភពអង់គ្លេសមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១.០១៤.៧៩៤ នាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ៤៦.៦៤៥ នាក់។
ក្រោយពីប្រឆាំងនឹងការអំពាវនាវអស់ជាច្រើនសប្ដាហ៍កន្លងមកឲ្យមានកាបិទប្រទេស ដោយសារតែការកើនឡើងខ្លាំងនូវការឆ្លងជំងឺកូវីដ១៩ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnson កាលពីថ្ងៃសៅរ៍ បានសម្រេចចិត្តធ្វើដូចសមភាគីរបស់លោកក្នុងប្រទេសបារាំង អាល្លឺម៉ង់ និងប៊ែលហ្សិក ដោយបានបញ្ជាឲ្យបិទប្រទេសទាំងមូល។
ការរឹតបន្តឹងនេះនឹងចូលជាធរមាននៅទូទាំងប្រទេសអង់គ្លេសនៃចក្រភពអង់គ្លេសនៅថ្ងៃព្រហស្បតិ៍ខាងមុខ ហើយមានរយៈពេលមួយខែ។ ចំណែកឯប្រទេសវែលស៍នៃចក្រភពអង់គ្លេស បានប្រកាសពីការបិទប្រទេសកាលពីសប្តាហ៍មុន ហើយមេដឹកនាំរបស់ប្រទេសស្កុតឡែននៃចក្រភពអង់គ្លេស បាននិយាយថា រយៈពេល ២ ឬ ៣ ថ្ងៃខាងមុខនេះ មានសារៈសំខាន់ណាស់សម្រាប់ស្កុតឡែន នៅក្នុងការជៀសវាងការបិទប្រទេស។
ប៉ុន្តែ ទោះបីជាមានការបិទដូច្នេះក្ដី សម្រាប់សាលារៀន សាកលវិទ្យាល័យ តុលាការ និងវិស័យសំណង់នៅតែអនុញ្ញាតឲ្យបើកដំណើរការដដែល។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក។ បើតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins គិតត្រឹមព្រឹកថ្ងៃអាទិត្យ សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៩.១២៧.១០០ នាក់ និងអ្នកស្លាប់យ៉ាងតិច ២៣០.៥៦៦ នាក់។
ជាងនេះទៀត នៅលើពិភពលោក គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បង្ហាញថា មានអ្នកឆ្លងជំងឺកូវីដ១៩ ជាង ៤៦ លាន ១ សែននាក់ ដែលក្នុងនោះមានអ្នកស្លាប់ជិត ១ លាន ២ សែននាក់៕