ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឡេ​លាប​ស្បែក​ឲ្យ​ស​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​


តាម​ការ​ស្រាវជ្រាវដោយ​អ្នក​ជំនាញ រក​ឃើញ​ថា​ មេឡេ​ភាគច្រើន​មាន​ផ្ទុកសារធាតុកាត់​ដូចជា​បារតលើស​កម្រិត ដែល​អាច​បង្កគ្រោះថ្នាក់​ដល់អ្នក​ប្រើប្រាស់។ (ខាន់ សុគុំមនោ/VOA)
តាម​ការ​ស្រាវជ្រាវដោយ​អ្នក​ជំនាញ រក​ឃើញ​ថា​ មេឡេ​ភាគច្រើន​មាន​ផ្ទុកសារធាតុកាត់​ដូចជា​បារតលើស​កម្រិត ដែល​អាច​បង្កគ្រោះថ្នាក់​ដល់អ្នក​ប្រើប្រាស់។ (ខាន់ សុគុំមនោ/VOA)

ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជពលរដ្ឋ​ឈប់​ប្រើប្រាស់​ឡេ​លាយ​នេះ​​ព្រោះ​មាន​​​​សារធាតុ​គីមី​កម្រិត​ខ្ពស់​ ​ប៉ុន្តែ​ស្បែក​ស​គឺ​ជា​​គុណ​សម្បត្តិ​មួយ​ផ្នែក​ដែល​ធ្វើ​ឲ្យ​យុវវ័យ​ ​ជាពិសេស​នារីៗ​​ មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ និង​មាន​ភាព​ទាក់ទាញ

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ យុវវ័យ​ជា​ច្រើន​និយម​ប្រើ​ឡេ​លាយ​ (Whitening Cream)​ ដើម្បី​លាប​ស្បែក​ឲ្យ​ឆាប់​ស។​ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជពលរដ្ឋ​ឈប់​ប្រើប្រាស់​ឡេ​លាយ​នេះ​ ព្រោះ​ឡេ​លាយ​មួយ​ចំនួន​ដែល​កំពុង​តែ​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា ​មាន​សារធាតុ​គីមី​កម្រិត​ខ្ពស់​ ​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខ​ភាព​អ្នក​ប្រើ​ប្រាស់​យ៉ាង​ធ្ងន់ធ្ងរ ​នា​ពេល​អនាគត។

ស្បែក​ស​គឺ​ជាគុណ​សម្បត្តិ​មួយ​ផ្នែក​ដែល​ធ្វើ​ឲ្យ​យុវវ័យ​ ​ជាពិសេស​នារីៗ មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ និង​មាន​ភាព​ទាក់ទាញ។​ ការ​យល់​ឃើញ​ដូច្នេះ​បានធ្វើ​ឲ្យនារី​អាស៊ី​ រួម​ទាំង​នារី​កម្ពុជា​មួយ​ចំនួន​ធំ​ប្រើ​ប្រាស់​ផលិត​ផលឡេ​លាប​ស្បែក​ (Whitening Cream)។​

អង្គុយ​នៅ​ក្នុង​ហាង​កាហ្វេ​ទំនើប​មួយ​ក្នុងរាជ​ធានី​ភ្នំពេញ​ ​កញ្ញា​ ប៊ុន សុខដានី អាយុ​១៩ឆ្នាំ​ ​ដែល​មាន​សម្បុរ​ស​ ​និង​មាឌ​តូច​ច្រឡឹង​ បាន​និយាយ​ប្រាប់​ ​VOA​ ថា​ ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មក​ ​នាង​ធ្លាប់​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ ​សម្បុរ​ស្បែក​ពី​កំណើត​របស់​ខ្លួន។

«កាល​ពេល​ស្បែក​អត់​ទាន់​ស្អាត​ ​មាន​អារម្មណ៍​តូច​ចិត្ត​នឹង​ខ្លួន​ឯង​មែនទែន។ ​ ​កាល​មុន​ស្បែក​ខ្ញុំ​ខ្មៅ ​ហើយ​មុខ​ធ្លាប់​ឡើង​មុន​អី​អញ្ចឹង​ មាន​អារម្មណ៍​ថា​ ពិបាក​ចិត្ត​ទៀត»។​

តាម​ការ​ណែ​នាំ​ពី​មិត្ត​ភក្តិ​ ​ដានី បាន​សម្រេច​ចិត្ត​ទិញ​ឡេលាយ​លាបដើម្បី​ផ្លាស់ប្តូរ​ពណ៌​ស្បែក​របស់​នាង។​

«ខ្ញុំ​ទិញឡេ​គេ​លាយ​ហើយ​ហ្មង។​ ខ្ញុំ​ធ្លាប់​ប្រើ​ឡេ​បី​ថ្ងៃ​ស​ បាន​ម្តង​គត់។ ពេល​ហ្នឹង​ខ្ញុំ​ស្តាប់​វិទ្យុ​ គេ​ផ្សាយពី​ឡេ​លាប​បី​ថ្ងៃ​ស​ ហើយ​មាន​គេ​សម្ភាសន៍​អតិថិជន។​ គេ​ថា ​ស ​ហើយ​អត់មានខូច​ស្បែក។​ ​ខ្ញុំ​ក៏​ទិញ​មក​សាក។​ ​ ម្តង ​ឬ​ពីរ​ដង​ វា​រាង​ប្លែក​បន្តិច។​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ វា​មាន​ជាតិ​កាត់​ច្រើន​ ​ព្រោះ​ពេល​ខ្ញុំ​ប្រើ​ហើយ​ ​ឃើញ​ថា​ ស្បែក​អត់​ដូច​ធម្មតា។​ ប៉ុន្តែ​ស​មែន!»​

ឡេ​លាប​ស្បែក​ឲ្យ​ស​ ​ដែល​ជា​ប្រភេទ​ឡេ​លាយ​ ​តែង​តែទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​យុវវ័យ​មួយ​ចំនួន​ ​មិន​ថា​ ជាស្រ្តី ​ឬ​ក៏​បុរស​នោះ​ទេ។​ ​ គេ​ប្រើ​ប្រាស់​ផលិត​ផល​ឡេ​លាយ​ទាំង​នោះ​ ​ដោយសារ​តែ​វា​បង្ហាញ​ប្រសិទ្ធ​ភាព​ឲ្យ​ឃើញ​សភ្លាមៗ និង​មាន​តម្លៃ​ថោក​សមរម្យ។​

តាម​ការ​ស្រាវជ្រាវដោយ​អ្នក​ជំនាញ រក​ឃើញ​ថា​ មេឡេ​ភាគច្រើន​មាន​ផ្ទុកសារធាតុកាត់​ដូចជា​បារតលើស​កម្រិត ដែល​អាច​បង្កគ្រោះថ្នាក់​ដល់អ្នក​ប្រើប្រាស់។ (ខាន់ សុគុំមនោ/VOA)
តាម​ការ​ស្រាវជ្រាវដោយ​អ្នក​ជំនាញ រក​ឃើញ​ថា​ មេឡេ​ភាគច្រើន​មាន​ផ្ទុកសារធាតុកាត់​ដូចជា​បារតលើស​កម្រិត ដែល​អាច​បង្កគ្រោះថ្នាក់​ដល់អ្នក​ប្រើប្រាស់។ (ខាន់ សុគុំមនោ/VOA)

បច្ចុប្បន្ន​ ​ចរាចរណ៍​នៃ​ការ​លក់​ឡេ​លាយ​លាប​ស្បែក​ឲ្យ​ស​នៅ​តែ​មាន​ដំណើរ​ការ​យ៉ាង​ខ្លាំងក្នុង​ប្រទេស​កម្ពុជា​ ​ខណៈ​ប្រទេស​មួយ​ចំនួន​បាន​ហាម​ឃាត់​យ៉ាង​តឹងរ៉ឹង។​ ឡេ​លាយ​លាប​ស្បែកឲ្យ​ស​ទាំង​នោះអាច​បង្ក​គ្រោះ​ថ្នាក់ដល់​អ្នក​ប្រើប្រាស់​នោះ​ ​ព្រោះ​វា​ត្រូវ​បាន​លាយផ្សំ​ឡើង​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ ​និង​ក្រុម​គ្រូពេទ្យ​ជំនាញ​នោះ​ទេ។​ ​ ​នេះ​បើ​តាម​ការ​ពន្យល់​របស់​វេជ្ជ​បណ្ឌិត​ ​ចាន់ វិចិត្រ ​អ្នកឯកទេស​សើ​ស្បែក ​និង​ឡាស៊ែរនៃ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ និងគ្លីនិក​កាដាវ។​

«សព្វ​ថ្ងៃ​ Whitening Cream ​(ឡេលាប​ស្បែក​ឲ្យ​ស)​ មិន​ត្រូវ​បាន​ផលិត​តាម​ក្បួន​ត្រឹម​ត្រូវ​នោះ​ទេ​ ​គឺ​ជា​ការ​ច្នៃ​ដោយ​ខ្លួន​គាត់​ផ្ទាល់​ ច្នៃ​ដោយ​អ្នក​លាយ​ម្សៅ​ ​អ្នក​លក់​គ្រឿង​សម្អាង ​ឬ​ក៏​អ្នក​ដែល​ផលិត​ផលិតផល​ក្លែង​ក្លាយ​ ​ដោយ​គាត់​ធ្វើ​ម៉េច​ឲ្យ​ឃើញ​សលឿន​ ប៉ុន្តែ​គាត់​អត់​បាន​គិត​ពី​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ»។​

លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ត​ទៀត​ថា​ តាម​រយៈ​ការ​សង្កេត គ្រោះ​ថ្នាក់​ដោយ​សារ​បញ្ហាស្បែក​នោះ ​ភាគ​ច្រើន​គឺ​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ឡេ​លាយ​ដែល​មាន​សារធាតុ​គីមី​កាត់​ខ្លាំង​ ​ដូច​ជា​បារត​ជា​ដើម។​ វា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់​ ​គឺអាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត។​

«យើង​មាន​បទពិសោធន៍​ ជួប​ជា​មួយ​ប្រជា​ពលរដ្ឋ​ អ្នក​ជំងឺ ​អតិថិជន​ ដែល​រង​គ្រោះ​ហ្នឹង​ ច្រើន​តែ​ប្រើឡេ​លាយ​មាន​ដាក់​សារជាតិ​កាត់។ ​ជួនកាល ​មាន​ដាក់​រូបមន្ត​សាលីស៊ីលីក​អាស៊ីត​ (Salicylic Acid)​ អី​អញ្ចឹង​ទៅ​ ​រហូត​ដល់​មាន​ដាក់​បារត​ ​ឧទាហរណ៍។​ អា​នេះ​យើង​មិន​ដឹងទេ។​ ​ តែ​យើង​ធ្លាប់​ឮករណី​បក​ស្បែក​ទៅ​ ​មាន​ស្លាប់​ មាន​អី។​ យូរ​ហើយ​ ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ​នៅ​បន្ទាយ​មានជ័យ។​ ​រឿង​ហ្នឹង​សុទ្ធ​តែ​ដោយ​សារ​ការ​លាយ​អត់​ត្រូវ​តាម​បច្ចេកទេស»។

គោល​ការណ៍​ណែនាំ​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (ASEAN) បាន​ឲ្យ​ដឹង​ថា​ ​អាជ្ញាធរ​គ្រប់គ្រង​ចំណី​អាហារ​ ​និង​ថ្នាំ​ពេទ្យ​របស់​សហ​រដ្ឋ​អាមេរិក​ (FDA)​ និង​អង្គការ​សុខភាព​ពិភព​លោក​បានកំណត់​ឲ្យ​មានលាយ​សារធាតុ​បារត​ត្រឹម​តែ១​មីក្រូ​ក្រាម​ប៉ុណ្ណោះ​ក្នុង​ផលិត​ផល​ឡេ​លាប​ស្បែក​មួយ​ក្រាម។​

ក៏​ប៉ុន្តែ​យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវលើ​ផលិតផល​ឡេ​ ឬ​ក្រែម​លាប​ស្បែក​ឲ្យ​ស​ចំនួន​១៤​មុខ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​សរសេរ​ថា​ មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ វៀតណាម​ ថៃ ​និង​អាមេរិក​នោះ​ ​មាន​ឡេចំនួន៦​គំរូ​ដែល​មានផ្ទុក​សារ​ធាតុ​បារត​លើស​ពី​១០០០​មីក្រូ​ក្រាម​ក្នុង​មួយ​ក្រាម។​ លើស​ពី​នេះ​ទៅ​ទៀត​ ក្នុង​ចំណោម​ឡេ​ចំនួន៦​គំរូ​នេះ​ មាន​ឡេ​ដែលមាន​បរិមាណ​បារត​ខ្ពស់​បំផុត​គឺ​មាន​ដល់​ទៅ​៣០.០០០​ដង​លើសបរិមាណ​ដែល​បាន​កំណត់។ការ​ស្រាវ​ជ្រាវ​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​ជំនាញ​ការមក​ពី​សាកលវិទ្យាល័យ​ UMEA ​នៃ​ប្រទេស​ស៊ុយអែត​ ក្នុងឆ្នាំ​២០១៣​ ​នៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល។​

ឯក​សារ​ស្រាវជ្រាវ​ដោយ​អ្នក​ជំនាញ​ការ​ស៊ុយអែតនេះ​បញ្ជាក់​ទៀត​ថា​ ​សារ​ធាតុ​បារតជាសារ​ធាតុគីមី​ដែល​រារាំងការ​កកើត​ឡើង​នៃ​សារ​ធាតុ​មេឡានីន​ដែល​កំណត់​ពណ៌​ស្បែក​ និង​ជួយ​ថែ​រក្សា​ស្បែក។​ ហេតុនេះ​ ​ទើប​សារ​ធាតុ​បារត​ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​មេ​ឡេ​ ធ្វើ​ឲ្យ​ស្បែក​ស​ស្លេក។

លោក​ ឌឺម​ ថេង​ អគ្គ​នាយករង​នៃ​នាយកដ្ឋាន​កាំកុងត្រូល​ សាខា​រាជធានី​ភ្នំពេញ ​និង​ជា​អតីត​ប្រធាន​នាយកដ្ឋាន​មន្ទីរ​ពិសោធន៍ ​បាន​ប្រាប់ VOA​ អំពី​ផល​ប៉ះពាល់​នៃ​សារធាតុ​បារត​យ៉ាង​ដូច្នេះ​ថា៖​

«សារធាតុ​បារត​ជួយ​ឲ្យ​ស្បែក​ស​ តែ​វា​ប៉ះពាល់​សុខភាព​ខ្លាំង​ណាស់។ ​ កាលណា​យើង​ប្រើ​លើស​ វា​មាន​លើស​តិច​លើសច្រើន​ ​បើ​លើស​តិច​ វាត្រឹម​តែ​ពុល​តិចតួច​ដូចជា​ឈឺក្បាល​ រលាក ​ធ្វើឲ្យ​អស់​កម្លាំងជាដើម។​ ​តែ​បើ​ពុល​ធ្ងន់ធ្ងរ​ វា​ហ្នឹង​ធ្វើ​ទុក្ខ​ដល់​គ្រលៀន​ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​តែ​ម្តង​ ដែល​ពេល​ខ្លះ​វា​បង្កគ្រោះថ្នាក់​រហូត​ដល់​ស្លាប់»។​

លោក​វេជ្ជបណ្ឌិត​ ចាន់ វិចិត្រ ​បញ្ជាក់​ថា​ ការ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​បែប​នេះ​កើត​ឡើងប្រសិនមាន​ការ​ប្រើ​ច្រើន​លើសលប់​ដែល​ធ្វើ​ឲ្យ​បារត​ស្រូប​ចូល​ស្បែក​ច្រើន។

«ក្រោយ​ពី​យើង​លាប​លើ​ផ្ទៃធំ​ លើ​ខ្លួន​ ដង​ខ្លួន​ ​ដៃ​ជើង​អញ្ចឹង​ទៅ​ ​វា​ធ្វើ​ឲ្យ​សារជាតិ​ហ្នឹង​ជ្រាប​ចូល​ច្រើន ដូច​យើង​លេប​ចូល​អញ្ចឹង​ ដូច​ចាក់​របស់​ហ្នឹង​ចូល។​ ​ អញ្ចឹង​វា​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ ប៉ះពាល់​ដល់​សុខភាព។ ជួនកាល​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់»។​

ឡេ​លាយ​លាប​ស្បែក​ឲ្យ​ស​មួយ​ចំនួន​ត្រូវ​បាន​លាយ​ក្នុង​ស្រុក​ ​ហើយ​មួយ​ចំនួន​ត្រូវ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ ដូច​ជា​ប្រទេស​វៀតណាម​ ថៃ​ជា​ដើម។​

ឡេ​ទាំង​នោះ​មានដាក់​លក់​តាម​តូប​លក់​គ្រឿង​សម្អាង​នានា​ស្ទើរ​គ្រប់​ទីផ្សារ​ក្នុងរាជធានី​ភ្នំពេញ​ ​ដែល​រួម​មានផ្សារ​អូឡាំពិក​ ​ផ្សារ​អូរឫស្សី​ ​ផ្សារ​បឹង​កេងកង​ ​និង​ផ្សារ​ផ្សេងៗ​ទៀត។​ ​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ឡេ​លាយ​ទាំង​នោះ​ក៏​ត្រូវ​បាន​លក់​បន្ត​ទៅ​តាម​ទីផ្សារ​នៅ​ឯបណ្តា​ខេត្ត​ក្រុង​នា​នា​ផង​ដែរ។​ ទី​ផ្សារ​ឡេ​នេះមាន​លក្ខណៈ​កាន់​តែ​ទូលំ​ទូលាយ​ទៀត​ ដោយសារ​បច្ចុប្បន្ន​នេះ​ ​គេ​ឃើញ​ថា​ ផលិត​ផល​ឡេ​លាយ​នេះ​ក៏​មាន​ផ្សាយលក់​តាម​អ៊ីនធឺណិត​ ​និង​តាមបណ្តាញ​សង្គម​ទៀត​ផង។​

ឡេ​លាយ​តាម​ទីផ្សារ​មួយ​ចំនួន​មាន​តម្លៃ​ចាប់​ពី​ប្រមាណ​៣​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ខ្លង​ ​ឬ​ប្រអប់។​ ​ ​ឡេ​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​ជាវ​ដោយ​ប្រជាជន​ដែល​មាន​ជីវភាព​មធ្យម​ ឬ​ទាប។​ ហើយ​ឡេ​លាយ​មួយ​ចំនួន​ក៏​អាច​មាន​តម្លៃ​ថ្លៃ​ជាង​នេះ​ ប្រសិន​បើ​គេ​លក់​វា​តាម​ផ្ទះ​ហាងសម្រាប់​អតិថិជន​ដែល​មាន​ជីវភាព​ខ្ពស់​បន្តិច។ ​

ដានី​បញ្ជាក់​បន្ថែម៖​ «មួយ​ខ្លង​ ប្រហែល​ជិត​កន្លះ​គីឡូក្រាម​តម្លៃ​៣៥​ដុល្លារ​នោះ​ ​គេថា ​អាច​លាប​អស់​មួយ​ហ្នឹង​ ​ឃើញ​ប្លែក​តែ​ម្តង។​ ​ ​ពេល​ហ្នឹង​ ខ្ញុំ​ទៅ​ទិញ​នៅ​ជិត​ផ្សារ​ដើម​ថ្កូវ។​ ​ ទៅ​ដល់​ ខ្ញុំ​ប្រាប់​គេ​ថា​ 'យក​អា​ឡេ​បី​ថ្ងៃ​ស'។​ គេ​យក​ឲ្យ​ហ្មង»។​

ក្រៅ​ពី​ទិញ​ឡេ​ដែល​លាយស្រាប់​ ​អ្នក​ទិញ​មួយ​ចំនួន​ក៏​ជាវ​ឡេ​មួយ​មុខៗ​ផ្សេង​គ្នា​ច្រើន​ប្រភេទ​ទៅ​តាម​ការ​ពេញចិត្ត​ ​និង​ការ​យល់​ឃើញ​របស់​ខ្លួន។​ ​ រួច​ពួក​គេយកឡេ​ទាំងនោះ​ទៅ​លាយ​បញ្ចូល​គ្នាដោយ​ខ្លួន​ឯង​ផ្ទាល់​ដោយ​ប្រើ​រូបមន្ត​តាម​គ្នា​ ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ។​

ជាក់​ស្តែង​ ​លោក មិន​ កែវភក្ត្រា​ អាយុ​២២​ឆ្នាំ​ ​ដែល​តែង​តែ​លាយ​ឡេ​ទុក​លាប​ដោយ​ខ្លួនឯង​ ​បាន​រៀប​រាប់​ថា៖​

«ចំពោះ​ផលិតផល​ស្បែក​វិញ​ ​ខ្ញុំ​គិត​រូបមន្ត​ដោយ​ខ្លួន​ឯង​ ​លាយ​ប្រើ​ដោយ​ខ្លួន​ឯង។​ ពី​មុន​មិន​ចេះ​លាយ​ទេ​ តែ​ឮ​ល្ហៀងៗ​ពី​មិត្ត​ភក្តិ​ គេ​ថា ​លាយ​អញ្ចឹង​ល្អ យើង​ចេះ​តែ​បែក​គំនិត​ខ្លួន​ឯង​ទៅ។ ​ខ្ញុំ​ប្រើ​វ៉ាសេលីន​ស៊ីត្រា​ ​ម្សៅ​មីណា​ ​ ម្សៅប៉ុប​ មេឡេ ​មេម្សៅ​ ឡេល្មៀត​ ប្រភេទ​បេកូ​ បេប៉ង់តែន​ មាន​ប៉ុណ្ណឹង។​ ខ្ញុំ​ធ្វើ​ល្បាយ។​ ល្បាយ​រឹងៗ​ដាក់​មុន ​និង​ប្រភេទ​ឡេ​ចាក់​តាម​ក្រោយ»។​

ទាក់ទង​នឹង​យន្តការ​ក្នុង​ដោះស្រាយ​បញ្ហាការ​លាយ​ឡេ​លក់នេះ​ លោក ​ឌឺម ថេង​ បានបញ្ជាក់​ថា​ កាំកុងត្រូលប្រតិបត្តិការ ​តែ​ពេល​ណា​ដែលមាន​ការ​ប្តឹង​ផ្តល់​ប៉ុណ្ណោះ។​

«បើ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ទេ​ គេ​មិន​អាច​លាយ​ឡេ​លក់​បាន​ទេ។ ​កាំកុងត្រូល​ បើ​យើង​មើល​តាម​ច្បាប់​ ​ទាល់តែ​មាន​ការ​ប្តឹង​ផ្តល់​ពី​អ្នក​ប្រើប្រាស់។​ ​បើ​មាន​ខុស​អី​ យើង​ចុះ​មើល​ភ្លាមៗ។​ យើង​រឹប​អូស​យក​តែ​ម្តង។​ ​ ​តែ​បើ​ថា​ ឲ្យកំណត់​មួយ​ណា​ក្លែង​ក្លាយ​ ​មួយ​ណា​មិន​ក្លែង​ក្លាយ ជា​ភារកិច្ច​របស់​ក្រសួង​សុខាភិបាល»។​

VOA ​បាន​ព្យាយាម​ទាក់​ទង​មន្ត្រី​ក្រសួង​សុខាភិបាល​ រួម​ទាំង​លោក​រដ្ឋមន្ត្រី​ ​ម៉ម ប៊ុន​ហេង​ ដើម្បី​សុំ​ធ្វើ​សម្ភាសន៍​អំពី​ការ​គ្រប់គ្រង ​និង​វិធានការ​ក្នុង​ការលុប​បំបាត់​ការ​ជួញ​ដូរ​ឡេ​លាយ​ ​និង​ឡេ​ក្លែង​ក្លាយក្នុង​ស្រុក​ តែ​មិន​អាច​សុំ​បទ​សម្ភាសន៍​បាន​ទេ។

យោង​តាម​ទំព័រហ្វេសប៊ុក​របស់ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​ថា​ កាល​ពី​ខែ​ ​តុលា​កន្លង​ទៅ​ លោក​ ម៉ម ប៉ុនហេង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ ​បានអំពាវនាវ​ឲ្យប្រជា​ពលរដ្ឋ​កម្ពុជា​ឈប់​ប្រើ​ប្រាស់​ឡេ​លាយ លក់​នៅ​តាម​ទីផ្សារ​ ព្រោះវា​អាច​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំងដល់​សុខភាព។​

ប៉ុន្តែ​អាជីវករ​លក់​គ្រឿង​សម្អាង​នៅ​តាមផ្សារ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​ក្រសួង​សុខាភិបាលធ្លាប់​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​តាម​តូប​នានា​ ​និង​បាន​ប្រកាសហាម​ឃាត់​ការ​លក់​ផលិតផលហួស​កំណត់​ ​ឡេ​ក្លែង​ក្លាយ​ និង​ឡេ​លាយ។​ ​

​ទោះជា​យ៉ាងណាក៏ដោយ​ កញ្ញា​ ឈឿន​ ខេមរា​ អាជីវករ​លក់​គ្រឿង​សម្អាង​នៅម្តុំ​ផ្សារ​បឹង​កេងកង​និយាយ​ថា៖​

​«ដូចជាមាន​គេ​ចុះ​មក​ដែរ​ ​តែ​គេ​ពិនិត្យ​កុំ​ឲ្យ​តែ​ឥវ៉ាន់​របស់យើង​ហួស​ដឺឡេ​ទៅ​បាន​ហើយ។​ ​ ​តែ​ឥឡូវ ​ខ្ញុំឮ​គេ​ចេញ​ច្បាប់​ថា​ ​អត់​ឲ្យ​លាយ​ឡេលក់​អី​ ជាប់​គុក​អី​ម៉េច។​ ​តែ​ដូច​អត់ឃើញ​មាន​ពី​ណា​គេ​ចុះ​ចាប់​ផង។ ​ ​ហើយ​ម្យ៉ាង​ទៀត​ ​ទោះ​ជា​គេ​ចុះ​មក​ ​យ៉ាង​ហោច ​យើង​យក​វា​ទៅ​ទុក​ទៅ​ ព្រោះ​ថា​ អតិថិ​ជន​របស់យើង​នៅ​តែ​បន្ត​លាប។ យើង​អត់​លក់​ អត់​បាន​ទេ ​ព្រោះ​ថា​ យើង​មិន​យក​ខ្នាត​ធំ​ទាំង​ឡានៗ​ ដូច​គេ​ទេ​ ​ គ្រាន់​តែ​យក​បីបួន​កេស​យក​មក»។​

ស្រប​គ្នា​នោះ​ដែរ​ កញ្ញា ​ប៊ុន សុខដានី ​អាយុ​១៩​ឆ្នាំ​ ដែល​ប្រើ​ឡេ​លាយ​លាប​ស្បែក​ឲ្យ​សអស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​នោះ បាន​សម្រេច​ចិត្ត​ឈប់ប្រើ​ប្រាស់​វា​ទៀត​ហើយ​ ក្រោយ​ពី​មាន​ការ​ណែនាំ​ពីគ្រូ​ពេទ្យ​សើស្បែក​ និង​ការ​ទូន្មាន​ពី​ម្តាយ។​

«ពេល​គេ​ពិនិត្យ​ស្បែក​ឲ្យ​ខ្ញុំ​ គេ​ថា​ 'អូន! ​ស្បែក​អូន​ឯង​មាន​ប្រើ​អី​អត់?​ ម៉េច​ក៏​ស្តើង​អញ្ចឹង?'​ ខ្ញុំ​ប្រាប់​គេ​ថា​ 'ខ្ញុំ​ធ្លាប់​ប្រើឡេ​លាយ'។​ ​គេ​ថា​ 'អូន​ឈប់​ប្រើ​អា​ហ្នឹង​ទៅ​ កាត់​មែនទែន​ កាត់​ស្បែក​ណា៎»។ ខ្ញុំ​ពេល​ហ្នឹង​ភ័យ​ ​ខ្ញុំ​ខ្លាច​ថា​ តិច​កាត់ ​ កាត់ឡើង​អស់​ស្បែក​អី​អញ្ចឹង​ទៅ!​ ខ្លាច​ខូច​ស្បែក​ ខ្ញុំ​ក៏​ឈប់​ប្រើ។​ ហើយ​ជាពិសេស​ម៉ាក់​ខ្ញុំ​អត់​ឲ្យ​ប្រើ។​ គាត់​ថា​ 'ប្រើ​ស្អី! ​ខូច​ស្បែក​ប៉ុណ្ណឹង​ហើយ​ប្រើ​អី​ទៀត!'​ អញ្ចឹង​បាន​ខ្ញុំ​អត់​ប្រើ»។​

គ្រោះ​ថ្នាក់​បណ្តាល​មកពីឡេ​លាយ​នេះ​មិន​មែន​កើត​ឡើងតែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។​ ​ ​បញ្ហា​នេះ​ក៏​គឺ​ជា​រឿង​ដ៏​ក្តៅ​គគុក​ក្នុង​សាកលលោក​ផង​ដែរ។​ ​ ​ របាយ​ការណ៍​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា​ ​ប្រទេស​ដែល​ប្រឈម​ខ្លាំង​ជាង​គេ​នោះ ​គឺ​ប្រទេសនៅ​មជ្ឈឹម​បូព៌ា ​អាស៊ី ​អាហ្រ្វិក​ ​និង​អាមេរិក​ឡាទីន​ ​ដែល​គេ​និយម​ចង់​បាន​ស្បែក​ស​ ​ ហើយ​មាន​ការ​ផ្សព្វផ្សាយ​ខ្លាំង​អំពី​ពាណិជ្ជកម្ម​លក់​ផលិត​ផល​នានាដែល​បង្ហាញ​ពី​ភាព​ទាក់​ទាញ​មនុស្ស​ចង់​បាន​ស្បែក​ស៕​

XS
SM
MD
LG