ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ស្មារតី​និង​សីលធម៌​សហគមន៍​ចុះ​ខ្សោយ​នៅ​កម្ពុជា


លោក ឱក សេរីសុភ័ក្រ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច ចូល​រួម​ពិភាក្សា​អំពី​«សិទ្ធិ​និង​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ជំរុញ​អភិបាលកិច្ច​ល្អ‍»​នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
លោក ឱក សេរីសុភ័ក្រ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច ចូល​រួម​ពិភាក្សា​អំពី​«សិទ្ធិ​និង​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ជំរុញ​អភិបាលកិច្ច​ល្អ‍»​នៅ​ក្នុង​កម្មវិធី​វិទ្យុ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

ប្រជាពលរដ្ឋគួរ​តែចាប់​ផ្តើម​ចាត់​វិធានការ​ដោយ​ខ្លួន​ឯង​ក្នុង​ការចូលរួមថែ​រក្សា​សហគមន៍​របស់​ពួក​គេ​លើផ្នែក​អនាម័យ​ ​សណ្តាប់​ធ្នាប់និង​សន្តិសុខដោយ​មិន​ចាំបាច់​រង់ចាំ​អាជ្ញាធរ​ផ្តល់​សេវា​ជូនដោយ​សារ​តែ​អាជ្ញាធរហាក់​ដូច​ជា​មក​ដល់​កម្រិត​មួយ​ដែល​គេ​មិន​អាច​ដោះស្រាយ​ជូន​បាន​ទាន់​ពេល​វេលា​ឡើយ។ នេះ​បើ​តាមការ​លើកឡើង​របស់​អ្នក​ជំនាញ។​

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ ឱក សេរីសុភ័ក្តិ៍​ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​បាន​ថ្លែង​ក្នុងកម្មវិធី Hello VOA ​ ថាមាន​បញ្ហា​ដែល​កើត​មាន​ឡើងជាច្រើន​នៅ​ពេល​ដែល​ទីក្រុង​មួយ​ចំនួន​រីក​ចម្រើន​នោះ ក្នុង​នោះ​ រួម​មាន​ការគ្រប់គ្រង​កាកសំណល់​ បញ្ហា​ចរាចរណ៍ សន្តិសុខ​នៅតាម​មូលដ្ឋាន​បង្ករ​ឡើង​ដោយ​មនុស្ស​ស្រវឹង​និង​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន និង​ការ​ជួសជុល​ផ្លូវ​បង្ក​ជា​ការ​ស្ទះ​ចរាចរណ៍ក៏​ដូច​ជា​យក​ចំណីផ្លូវ​ធ្វើ​រោងការជាដើម។​

លោក​សុភក្តិ៍​យល់​ថា​ការគ្រប់​គ្រង​កាន់​តែមាន​សភាព«យ៉ាប់​ជាងមុន‍»​ដោយ​សារ​មនុស្ស​កាន់​តែ ច្រើន​ហើយគ្មាន​វិន័យ​នៅ​ក្នុង​ការគ្រប់​គ្រង​ឥរិយាបទ‍ទេ៖

«រឿង​ទាំងអស់​នេះ​យើង​មិនចេះ​តែអាច​ទិតៀនរាជរដ្ឋាភិបាល​បាន​ទេ យើងគួរ​មាន​វិធានការ​ចូលរួម​គ្នា​គ្រប់​គ្រង​សហគមន៍​របស់​យើងផ្ទាល់‍»។

លោក​សុភក្តិ៍​សង្កេត​ឃើញ​ថា​ ដោយ​សារ​តែ​កម្រិត​ជីវភាពប្រជាពលរដ្ឋ​កាន់តែកើនឡើង សម្ភារៈនិយម​កើនឡើង និង​ការបរិភោគ​កាន់​តែ​ច្រើនជាងមុននាំ​ឱ្យ​មាន​ការចោល​សំរាម​ផ្តេសផ្តាស់​ ដែល​នាំ​ឱ្យ​មាន​រុយនិង​កណ្តុរ​កាន់​តែ​កើនឡើងដែល​ជា​ហេតុអាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។

លោក​បន្ថែម​ថា៖​«ការណ៍​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​មិន​មែន​ជាការ​ធ្លាក់ស្មារតី​សហគមន៍​ទេប៉ុន្តែ​ជាកា​រធ្លាក់​មាយាទ​ឥរិយាបទ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​យើង​ដែល​ត្រូវ​តែ​ចូលរួម​ទទួល​ខុស​ត្រូវមិន​អាច​ពឹង​ឬក៏​ទិតៀន​រាជរដ្ឋាភិបាល​ឬមួយ​អាជ្ញាធរ​ទេព្រោះ​ជា​ផ្ទះ របស់​យើង​ជាសុខភាព​របស់​យើង​ ជាអនាម័យ​របស់យើង​សម្រាប់​កូនយើង‍»។​

មាន​ការ​ធ្លាក់​ចុះ ខាងផ្នែកសីលធម៌​នៅ​តាម​សាលារៀន​ផងដែរ​។ ជាឧទារណ៍ក្នុង​ពេលកន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ខេត្ត​សៀមរាប​ មាន​សិស្ស​ប្រុស​ម្នាក់​បាន​វាយ​តប​ធ្វើ​បាប​សិស្ស​ស្រី​ពេល​នៅ ក្នុង​ថ្នាក់​រៀនខណៈ​ដែល​សិស្ស​ដទៃ​ទៀត​មិន​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ហើយ​អ្នក​ខ្លះ​ថែម​ទាំង​អង្គុយ​មើល​កិច្ច​ការ​ផ្សេង​ហាក់​ដូច​ជា​មិន​មាន​រឿង​អ្វី កើតឡើង​ទាល់​តែ​សោះ។ ប៉ុន្តែ​សកម្មភាព​នោះ​ត្រូវ​បាន​សិស្ស​ម្នាក់​លួច​ថត​ហើយ​ផ្សាយ​តាម​បណ្តាញ​សង្គមនិង​នាំ​ឱ្យ​មាន​ចំណាត់​ការ​ទាន់​ពេល​ពេល​ក្រសួង​អប់​រំ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច។​

លោក ឱក សេរីសុភក្តិ៍ បាន​បាន​បន្ថែម​ថា៖​

«បើ​យើង​មិន​ប្រយ័ត្ន​ទេ​វា​អាច​ក្លាយ​ទៅ ជា​ឧទាហរណ៍​ដែល​ក្មេងៗ​ស្រករ​ក្រោយ​អត់​ពិចារណា​អាច​យក​តម្រាប់​តាម​ហើយ​ក្លាយ​ទៅ​ជា​វប្បធម៌​សង្គម​មួយ​អាច​រីករាលដាល​ច្រើន​ទៅៗដូច្នេះ​គួរ​តែ​ទប់​ស្កាត់​ឱ្យ​ទាន់​ពេល​វេលា‍»។​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ការចូលរួម​របស់​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ផ្នែក​សន្តិសុខ​បែរ​ជា​ស្តែង​ចេញ​ឱ្យឃើញ​នូវ​ចរិត​នៃការ​ចូលរួមដោយមិន​គិត​ថា​ប្រើ​តាម​ច្បាប់​ហើយ​ងាក​មក​ប្រើ​អំពើ​ហិង្សា​ដែល​លោក​យល់​ថា​មិន​ត្រឹមត្រូវ​ទេ​។

លោក​លើក​ទឹកចិត្ត​ឱ្យ​សហគមន៍​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯងក្នុង​ការ​សម្អាត​សហគមន៍ដោយ​មិន​ចាំ​បាច់​មាន​ការ​បង្គាប់​បញ្ជា​ពី​អាជ្ញាធរ​និង​លះបង់​ចោល​គំនិត​ខ្មាស់​អៀនចោល។

«ខ្ញុំ​យល់​ថា​មនុស្ស​ជាច្រើន​ធ្វើ​អំពើ​រឿង​អាក្រក់​រាល់​ថ្ងៃ​ជាច្រើន​ហើយ​មនុស្ស​យក​តម្រាប់​តាម​ធ្វើហើយ​មិន​គិតនាំ​គ្នា​សើចផង​ដល់​យើង​ធ្វើ​ល្អ​យើង​ទៅ ជា​ខ្មាស់​គេ​ឬ?‍...ខ្ញុំ​យល់​ថា​រឿង​ដែល​ល្អ​មិន​គួរ​ខ្លាចខ្មាស់​គេ​ទេ»៕

XS
SM
MD
LG