ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា សហរដ្ឋ​អាមេរិក​«កំពុង​ងើប​ឡើង​ពី​ស្ថានភាព​លំបាក»​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ស្ត្រីម្នាក់ដែលបានពាក់ម៉ាស់ការពារការឆ្លងជំងឺកូវីដ១៩ កំពុងផឹកកាហ្វេនៅតំបន់ទីប្រជុំជន Times Square នៅទីក្រុងញូវយ៉ក រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២០។

សហរដ្ឋ​អាមេរិក «កំពុង​ងើប​ឡើង​ពី​ស្ថានភាព​លំបាក» នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សំខាន់​ម្នាក់​នៃ​សេតវិមាន​ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

លោក Jeffrey Zients អ្នក​សម្របសម្រួល​វិធានការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​កូវីដ១៩ របស់​សេតវិមាន បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ CNN ថា សហរដ្ឋ​អាមេរិក​មាន «វ៉ាក់សាំង [កូវីដ១៩] គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង​ទាំងអស់» បើ​ទោះបីជា​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ២ លាន ១ សែន​នាក់ ដែល​ជា​ការ​ធ្លាក់ចុះ​ចំនួន ៤០% បើ​ប្រៀបធៀប​ទៅ​នឹង​សន្ទុះ​កើនឡើង​ខ្លាំង​កាលពី​ខែ​មុន​ក៏ដោយ។

លោក​បាន​និយាយ​ថា ឥឡូវ​នេះ ពលរដ្ឋ​ដែល​មាន​អាយុ ១៨ ឆ្នាំ​ឡើង​ទៅជិត ១៤៩ លាន​នាក់ ដែល​ស្មើ​នឹង​ប្រហែល ៥៨% ​ បាន​ចាក់​វ៉ាក់សាំង​យ៉ាង​តិច​ក៏​បាន​មួយ​ដូស​ដែរ។ លោក​ប្រធានាធិបតី Joe Biden និយាយ​ថា លោក​សង្ឃឹម​ថា តួលេខ​នេះ​នឹង​កើន​ដល់ ៧០% នៅ​ត្រឹម​ថ្ងៃ​ទី ៤ ខែ​កក្កដា ខាង​មុខ ដែល​ជា​ទិវា​បុណ្យ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក។

លោក Zients បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​កំពុង «ស្ថិត​នៅ​លើ​ផ្លូវ» ដែល «កាន់តែ​មាន​សុវត្ថិភាព​និង​ខិត​កាន់តែ​ជិត​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ»។ ក៏ប៉ុន្តែ លោក​បាន​ទទួល​ស្គាល់​ថា «មនុស្ស​គ្រប់​គ្នា​នឿយ​ហត់» នឹង​ការ​រឹតត្បិត​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

លោក​បាន​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង ប្រសិនបើ​មិន​ទាន់​បាន​ចាក់ និង​ឲ្យ «រក្សា​ការ​ប្រុង​ប្រយ័ត្ន» និង​ពាក់​ម៉ាស់​នៅ​ក្នុង​ហ្វូង​មនុស្ស។

លោក Zients បាន​បន្ថែម​ថា ទោះបីជា​នៅ​ត្រឹម​ថ្ងៃ​ទី ៤ ខែ​កក្កដា​ខាង​មុខ ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​កូវីដ១៩ អាច​ឈាន​ដល់​ចំនួន ៧០% ឬ​ក៏​អត់​ក៏ដោយ ក៏​សហរដ្ឋ​អាមេរិក​នឹង​នៅ​បន្ត​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ដដែល ហើយ​ប្រសិនបើ​ការ​ចាក់​វ៉ាក់សាំង​បន្ថែម​នៅ​កន្លះ​ឆ្នាំ​ក្រោយ ឬ​លើស​ពី​នេះ «ជា​ការ​ចាំបាច់ សហរដ្ឋ​អាមេរិក​នឹង​ត្រៀម​ខ្លួន​រួចរាល់» សម្រាប់​រឿង​នេះ៕

XS
SM
MD
LG