ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden យល់ព្រម​លើកលែង​​ប្រកាស​នីយប័ត្រតក្កកម្ម​វ៉ាក់សាំង​កូវីដ១៩ ប៉ុន្តែ​​ភាព​ស្មុគស្មាញ​​នៅ​តែ​មាន


រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna ត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna ត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden យល់​ព្រម​គាំទ្រការ​លើកលែង​ការរឹតត្បិត​ប្រកាស​នីយប័ត្រតក្ក​កម្មសិទ្ធិបញ្ញា (IP) វ៉ាក់សំាង​កូវីដ១៩​ នៅ​ឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​ជា​ការបំបែក​ភាព​ទាល់ច្រក​មួយ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការរាតត្បាត​ជា​សកល ​ដែលអាច​ផ្ដល់អំណាច​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នានា​ដោះស្រាយ​បញ្ហា​កង្វះ​វ៉ាក់សាំង និង​បញ្ហា​វិសមភាពនៃវ៉ាក់សាំង។

អ្នកស្រី Katherine Tai អ្នក​ជំនាញខាងវិស័យ​ពាណិជ្ជកម្មតំណាងឲ្យសហរដ្ឋ​អាមេរិក បាន​ប្រកាស​ពី​ជំហរ​របស់​រដ្ឋបាល​លោក Biden នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ កាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ។

អ្នកស្រី​បាន​និយាយ​ថា៖ «នេះ​គឺជា​វិបត្តិ​សុខភាព​ជា​សកល ហើយ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩ ទាម​ទារ​ឲ្យមានវិធាន​ការ​ទប់​ទល់​ដែល​សម​ស្រប។ រដ្ឋបាល​លោក​ប្រធានាធិបតី Biden មាន​ជំនឿយ៉ាង​មុត​មាំ​ទៅ​លើ​ការការពារ​កម្មសិទ្ធិ​បញ្ញា ប៉ុន្តែ​ដើម្បី​បញ្ឈប់​ការ​ឆ្លងរាល​ដាល​នៃ​ការរាត​ត្បាត យើង​គាំទ្រការ​មិន​ដាក់​វ៉ាក់សំាង​ជំងឺ​កូវីដ១៩ ចូលក្នុង​ការរឹត​ត្បិតលើ​កម្មសិទ្ធិ​បញ្ញា»។​

ដោយសារ​នេះ​ជា​ការ​សន្យា​មួយ​ក្នុង​យុទ្ធនាការ​របស់​លោកប្រធានាធិបតី Biden លោកបាន​រង​សម្ពាធ​យ៉ាង​ខ្លាំង ​ទាក់ទង​នឹង​ការមិន​យក​ប្រកាស​នីយប័ត្រតក្កកម្ម​វ៉ាក់សំាង​កូវីដ១៩។

ក្រុម​សកម្មជន​បាន​តវ៉ា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ពុធ ដោយ​មាន​ការ​ចូល​រួម​ពី​មេដឹក​នាំ​ប្រទេស​នានា សមាជិក​សភា​មក​គណបក្ស​ប្រជាធិបតេយ្យ អង្គការ​មនុស្សធម៌ អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​សាធារណៈ និង​ជ័យលាភីណូបែល បាន​គាំទ្រសំណើ​មិន​យកប្រកាស​នីយប័ត្រតក្កកម្ម​វ៉ាក់សំាង​កូវីដ១៩ ដើម្បីអនុញ្ញាតឲ្យប្រទេស​ដទៃៗទៀត​អាច​ផលិត​វ៉ាក់​បង្កា​ជំងឺ​កូវីដ​១៩ ដោយ​មិន​បាច់​បារម្ភ​ពី​ការ​ប្ដឹងផ្ដល់​ដោយ​ក្រុមហ៊ុនផលិត​ឱសថ​និងស្ថាប័ន ​ដែលជា​ម្ចាស់​កម្មសិទ្ធិ​បញ្ញា។

ប៉ុន្តែ​ប៉ុន្មានម៉ោង​មុន​ការ​ប្រកាស​នេះ អ្នក​នាំ​ពាក្យ​ប្រចាំ​សេតវិមាន​អ្នកស្រី Jen Psaki បាន​និយាយ​ថា ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី Biden គាំទ្រ​ការ​មិន​យក​ប្រកាស​នីយប័ត្រតក្កកម្ម​[វ៉ាក់សំាងកូវីដ១៩] ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ លោក​ក៏​ជឿជាក់​ផង​ដែរ​នូវ​ដំណើរការ​ពិភាក្សា​គោលនយោបាយ​ផ្ទៃក្នុង​របស់​រដ្ឋបាល​ដែលដឹកនាំដោយអ្នកស្រី Tai៕

XS
SM
MD
LG