ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ថា ​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​ដោយសារ​វិបត្តិ​កូវីដ១៩ អាច​កើន​ដល់ ​២៥ ភាគរយ


រូបឯកសារ៖ មនុស្ស​ដែល​បាត់​បង់​ការងារ​កំពុង​តម្រង់​ជួរ​​រង់ចាំ​ប្រាក់ឧបត្ថម្ភ​សម្រាប់​ពេល​អត់​ការងា​រ​ធ្វើ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​កម្លាំង​ពលកម្ម ក្នុង​ទីក្រុង Fort Smith រដ្ឋ Arkansas សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៦ មេសា ២០២០។
រូបឯកសារ៖ មនុស្ស​ដែល​បាត់​បង់​ការងារ​កំពុង​តម្រង់​ជួរ​​រង់ចាំ​ប្រាក់ឧបត្ថម្ភ​សម្រាប់​ពេល​អត់​ការងា​រ​ធ្វើ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​កម្លាំង​ពលកម្ម ក្នុង​ទីក្រុង Fort Smith រដ្ឋ Arkansas សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៦ មេសា ២០២០។

នា​ពេល​បច្ចុប្បន្ន​នេះ អត្រា​គ្មាន​ការងារ​ធ្វើ​ផ្លូវការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទាក់ទិន​ទៅ​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ មាន​ចំនួន ១៤,៧% ​ប៉ុន្តែ មន្ត្រី​កំពូល​សេត​វិមាន​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ពួកគេ​រំពឹង​ថា ​អត្រា​គ្មាន​ការងារ​ធ្វើ​នេះ​អាច​កើន​ដល់ ​២៥% មុន​ពេល​ដែល​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ចាប់ផ្ដើម​មាន​ភាព​ប្រសើរ​ឡើង​វិញ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​លោក Steven Mnuchin បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «Fox News Sunday» ថា «ចំនួន​នៃ​អ្នក​គ្មាន​ការងារ​ធ្វើ​នឹង​ប្រហែល​ជា​កើន​ឡើង» មុន​ពេល​វា​ចាប់ផ្ដើម​មាន​ភាព​ប្រសើរ​ឡើង​វិញ​នៅ ៦ ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ និង​ចូល​ដល់​ឆ្នាំ ២០២១។

លោក​បាន​និយាយ​ថា អត្រា​គ្មាន​ការងារ​ធ្វើ​អាច​ឈាន​ដល់ ២៥%។ រី​ឯ​ទីប្រឹក្សា​សេដ្ឋកិច្ច​សេតិមាន​លោក ​Kevin Hassett វិញ បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «Face the Nation» របស់​ទូរទស្សន៍ CBS News ថា លោក​រំពឹង​ថា អត្រា​គ្មាន​ការងារ​ធ្វើ​ស្ថិត​នៅ​ខ្ទង់ «ម្ភៃ​ក្រាស់» ​ដោយ​អ្នក​ដែល​ត្រូវ​គេ​ផ្អាក​ពី​ការងារ​បណ្ដោះ​អាសន្ន​រាប់​លាន​នាក់​បន្ថែម​ទៀត​នឹង​ដាក់​ពាក្យ​នៅ​ខែ​ឧសភា​នេះ និង​មិថុនា​ខាង​មុខ ដើម្បី​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​សម្រាប់​ពេល​គ្មាន​ការងារ​ធ្វើ។

អត្រា​គ្មាន​ការងារ​ធ្វើ​ចំនួន ​១៤,៧% ​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ ​គឺ​ជា​អត្រា​អាក្រក់​ជាង​គេ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក តាំង​ពី​សម័យ​វិបត្តិ​សេដ្ឋកិច្ច​កាល​ពី​ទសវត្សរ៍ ១៩៣០ មក។

ប៉ុន្តែ​លោក Mnuchin បាន​និយាយ​ថា៖ «នេះ​មិន​មែន​ជា​កំហុស​របស់​អ្នក​ធ្វើ​ការ ឬ​ក៏​កំហុស​របស់​អាជីវកម្ម​នានា​នោះ​ទេ។ យើង​បាន​បិទ​សេដ្ឋកិច្ច»។

លោក Mnuchin បាន​បន្ថែម​ថា៖ «យើង​យល់​អំពី​ផល​ប៉ះពាល់​នេះ។ វា​នឹង​កាន់​តែ​អាក្រក់​បំផុត​នៅ​ត្រី​មាស​ទី​ពីរ​នេះ។ បន្ទាប់​មក ខ្ញុំ​គិត​ថា វា​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ។ ខ្ញុំ​មាន​សុទិដ្ឋិនិយម មិន​មែន​ទុទិដ្ឋិនិយម​នោះ​ទេ ចំពោះ​រឿង​នេះ»៕

XS
SM
MD
LG