ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​សន្យា​ផ្តល់​ថវិកា​ចំនួន​២២០​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន


លោក​អនុប្រធានាធិបតី Joe Biden ថត​រូប​ជាមួយ​លោក Volodymyr Groysman នាយក​រដ្ឋ​មន្រ្តី​អ៊ុយក្រែន នៅ​ក្នុង​ការិយាល័យ​របស់​លោក Biden នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។
លោក​អនុប្រធានាធិបតី Joe Biden ថត​រូប​ជាមួយ​លោក Volodymyr Groysman នាយក​រដ្ឋ​មន្រ្តី​អ៊ុយក្រែន នៅ​ក្នុង​ការិយាល័យ​របស់​លោក Biden នៅ​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។

សេតវិមាន​មាន​ផែនការ​នឹង​ផ្តល់​ប្រាក់​ចំនួន​២២០​លាន​ដុល្លារ​ទៅ​ប្រទេស​អ៊ុយក្រែន​ដើម្បី​គាំទ្រ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ នយោបាយ និង​ថាមពល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​អនុប្រធានាធិបតី Biden នៅ​ក្នុង​អង្គប្រជុំ​ជាមួយនឹង​លោក​ Volodymyr Groysman ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ពុធ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​បញ្ជាក់​ថា៖

«លោក​អនុប្រធានាធិបតី​បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​កែទម្រង់​ដ៏​ធំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​និង​បាន​សរសើ​លោក​ចំពោះ​ដំណើរការ​កែទម្រង់​ដ៏​ខ្លាំង​ក្លា​នៅក្នុង​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ដែល​បាន​កើត​មាន​ឡើង​តែ​ក្នុង​រយៈ​ពេល​ពីរខែ​ដំបូង​ក្រោយ​ពីលោក​បាន​ចូលកាន់​តំណែង»។​

លោក​អនុប្រធានាធិបតី​ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភ​ខ្លាំង​ក្លា​ពី​ការ​កើនឡើង​នៃ​ក្រុម​ផ្តាច់ខ្លួន​នៅ​ភាគ​ខាង​កើត​ប្រទេស​ ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី និង​បាន​ទទូច​សុំ​ឱ្យ​ប្រទេស​អ៊ុយក្រែន អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​កិច្ច​ព្រមព្រៀង​ទីក្រុង​ Minsk ​ដែល​ជា​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់គ្នា​មួយ​រៀបចំ​ឡើង​ដើម្បី​បញ្ចប់​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​រដ្ឋាភិបាល​អ៊ុយក្រែន​និង​ក្រុម​ឧទ្ទាម​ដែល​និយម​រុស្ស៊ី នៅ​តំបន់​ភាគខាងកើត។

លោក​ Biden ក៏​បាន​ធានា​ដល់​លោក​ Groysman ​ថា​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​នឹង​មិន​អាច​លើក​ចេញ​បាន​ទេ​រហូត​ទាល់​តែ​រុស្ស៊ី​អនុវត្តតាម​កិច្ច​ព្រម​ព្រៀង។

ចាប់​តាំងពី​ប្រទេស​រុស្ស៊ី​បាន​យក​តំបន់​គ្រីម៉េ ពី​ប្រទេស​អ៊ុយក្រែន​ សហរដ្ឋ​អាមេរិក​និង​សហគមន៍ អឺរ៉ុប​បាន​ធ្វើការ​បង្កក​ទុក​ធនធាន​ ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ និង​ការ​ដាក់​ទណ្ឌកម្ម​ដទៃ​ទៀត​លើ​ប្រទេស​រុស្ស៊ី៕

XS
SM
MD
LG