តុលាការមួយក្នុងក្រុងកៀវ បានកាត់ទោសទាហានរុស្ស៊ីពីរនាក់ដែលបានត្រូវចាប់ខ្លួនក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែនឱ្យម្នាក់ៗជាប់គុក១៤ឆ្នាំពីបទប្រព្រឹត្តភេរវកម្ម និងឧក្រិដ្ឋកម្មឯទៀតៗ។
កាលពីថ្ងៃចន្ទ តុលាការនេះបានរកឃើញថាឈ្មោះ Alexander Alexandrov និងមេបញ្ជាការរបស់គាត់ឈ្មោះ Yevgeny Yerofeyev មានទោសពីបទ«ធ្វើសង្គ្រាមឈ្លានពានមួយ»ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ជួយពួកភេរវជនមួយក្រុម ប្រព្រឹត្តសកម្មភាពភេរវកម្មមួយ និងប្រើប្រាស់អាវុធដើម្បីបង្ករឿងឱ្យមានសង្គ្រាមមួយ។
ទាំងឈ្មោះ Alexandrov និងឈ្មោះ Yerofeyev ទទួលសារភាពថា ពួកគេជាទាហានរុស្ស៊ី ក៏ប៉ុន្តែក្រសួងការពារប្រទេសរុស្ស៊ីបាននិយាយថា ជនទាំងពីរនាក់នេះបានលាលែងចេញពីកាតព្វកិច្ចហើយ ហើយបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដោយខ្លួនឯង។
ចាប់តាំងពីមានការចាប់ខ្លួនជនទាំងពីរនាក់នេះមក គេយល់ឃើញថាជនទាំងនេះអាចជាជនដែលនឹងត្រូវប្តូរគ្នាជាមួយអ្នកស្រី Nadiya Savchenko អ្នកបើកយន្តហោះអ៊ុយក្រែនដែលត្រូវបានកាត់ទោសកាលពីខែមុនឱ្យជាប់ពន្ធនាគារ២២ឆ្នាំនៅក្នុងប្រទេសរុស្ស៊ី។
ប្រទេសរុស្ស៊ីបានបដិសេធថា ខ្លួនមិនបានបញ្ជូនពួកទាហានទៅកាន់ប្រទេសអ៊ុយក្រែនទេ ដែលនៅទីនោះពួកទាមទារបំបែករដ្ឋគាំទ្រដោយរុស្ស៊ីបានប្រយុទ្ធជាមួយពួកទាហានរដ្ឋាភិបាលចាប់តាំងពីខែមេសាឆ្នាំ២០១៤មក។ មានមនុស្សយ៉ាងតិចណាស់៨១០០នាក់បានស្លាប់នៅក្នុងសង្គ្រាមនេះ៕