ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​អំពាវនាវ​ឲ្យ​មាន​ទំនាក់ទំនង​ប្រសើរ​ឡើង​វិញ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​របស់​លោក Biden


កាសែត Global Time ចុះផ្សាយព័ត៌មានស្តីពីរដ្ឋបាលសហរដ្ឋអាមេរិកថ្មីក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអនុប្រធានាធិបតីអ្នកស្រី Kamala Harris នៅក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​ចិន​បាន​អបអរសាទរ​ប្រធានាធិបតី​ថ្មី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បន្ទាប់ពី​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ស្វាគមន៍​ផង​ដែរ​ចំពោះ​ព័ត៌មាន​ដែល​ថា សហរដ្ឋ​អាមេរិក​នឹង​ចូលរួម​ឡើង​វិញ​នៅ​ក្នុង​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្នុង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ ស្រប​ពេល​ដែល​លោក Biden ព្យាយាម​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​វិល​ទៅ​រក​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​ដឹកនាំ​ពិភពលោក​ឡើង​វិញ​ជា​បន្ទាន់។

នៅ​ក្នុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី លោក Trump បាន​ចោទ​ប្រទេស​ចិន​លើ​បញ្ហា​ពាណិជ្ជកម្ម សិទ្ធិ​មនុស្ស ប្រភព​នៃ​វីរុស​ជំងឺ​កូវីដ១៩ និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ល្អក់​កករ។

លោក​ប្រធានាធិបតី Biden ត្រូវ​គេ​រំពឹង​ថា នឹង​នៅតែ​ប្រកាន់​គោល​ជំហរ​តឹងរ៉ឹង​ដដែល​ជាមួយ​នឹង​ប្រទេស​ចិន ប៉ុន្តែ​តាម​វិធី​ទន់ភ្លន់ និង​ប្រកាន់​យក​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា៖ «ជាមួយ​នឹង​កិច្ច​សហ​ប្រតិបត្តិការ​ពី​ភាគី​ទាំង​ពីរ ទេវតា​ដ៏​ប្រសើរ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​នឹង​យក​ឈ្នះ​កម្លាំង​បិសាច​នានា​បាន»។

អ្នកស្រី​បាន​និយាយ​ថា លោក Biden បាន​ប្រើ​ពាក្យ «ឯកភាព» ជា​ច្រើន​ដង​នៅ​ក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ហើយ​នេះ​គឺ​ជា «អ្វី​ដែល​ត្រូវការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន»៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG