ប៉ុន្មានថ្ងៃនេះ សិស្សានុសិស្សអាមេរិកកំពុងរួបរួមគ្នាជាលក្ខណៈនយោបាយក្នុងទ្រង់ទ្រាយមួយដែលគេមិនធ្លាប់ឃើញតាំងពីសង្គ្រាមវៀតណាម ដើម្បីទាមទារចំណាត់ការពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
ប្រធានាធិបតី ដូណាល់ ត្រាំ បានឆ្លើយតបថា៖
«យើងនឹងចាត់វិធានការសកម្មភាព។ យើងនឹងធ្វើអ្វីមួយ»។
លោកប្រធានាធិបតី Trump កំពុងជំរុញឱ្យសភាពង្រឹងការត្រួតពិនិត្យប្រវត្តិរូបអ្នកទិញកាំភ្លើង បង្កើនអាយុអប្បបរមាដែលអាចទិញអាវុធពាក់កណ្តាលស្វ័យប្រវត្តិ (semi-automatic weapons) និងហាមឃាត់ឧបករណ៍ជំនួយដែលធ្វើឱ្យកាំភ្លើងវែងបាញ់បានលឿនរហ័សជាងមុន។
លោក Trump ក៏កំពុងជំរុញឱ្យគ្រូបង្រៀន ទទួលការអនុញ្ញាតប្រើប្រាស់អាវុធក្នុងថ្នាក់រៀន ដើម្បីប្រយុទ្ធជាមួយខ្មាន់កាំភ្លើង។ លោកថ្លែងថា៖
«ហេតុអ្វីយើងការពារអាកាសយានដ្ឋានរបស់យើង និងធនាគាររបស់យើង អាគាររដ្ឋាភិបាលរបស់យើង តែមិនការពារសាលារៀនរបស់យើង? វាដល់ពេលដែលយើងធ្វើឱ្យសាលារៀនរបស់យើងក្លាយជាគោលដៅពិបាកសម្រាប់អ្នកវាយប្រហារហើយ។ យើងមិនត្រូវការអ្នកវាយប្រហារទាំងនោះក្នុងសាលារៀនយើងនោះទេ។
ក្រុមអ្នកទាមទារសិទ្ធិប្រើប្រាស់កាំភ្លើងគាំទ្រយ៉ាងខ្លាំងចំពោះវិធានការបំពាក់អាវុធឱ្យគ្រូបង្រៀន ប៉ុន្តែពួកគេមិនគាំទ្រឲ្យមានច្បាប់ថ្មីដែលដាក់កំហិតលើកម្មសិទ្ធិកាន់កាប់កាំភ្លើងទេ។ សមាគមកាំភ្លើងជាតិ (NRA) និយាយថា សោកនាដកម្មនៅរដ្ឋ Florida នេះ អាចត្រូវបានគេបញ្ចៀសបាន ប្រសិនបើអាជ្ញាធរសហព័ន្ធបានយកចិត្តទុកដាក់ចំពោះការព្រមានជាច្រើនដងអំពីជនសង្ស័យដែលជាខ្មាន់កាំភ្លើងនោះ។
អ្នកស្រី Dana Loesh អ្នកនាំពាក្យសមាគមកាំភ្លើងជាតិមានប្រសាសន៍ថា៖
«មនុស្សវិកលចរិតនេះមិនគួរអាចទិញអាវុធជាតិផ្ទុះបានទេ។ មាតាបិតាក៏ជាសមាជិកនៃសមាគមកាំភ្លើងជាតិដែរ។ កូនគេកូនយើងគឺដូចគ្នា។ យើងមិនដែលចង់ឃើញរឿងបែបនេះកើតឡើងម្តងទៀតឡើយ»។
វិធានការបំពាក់អាវុធឱ្យគ្រូបង្រៀន ត្រូវបានច្រានចោលដោយអភិបាលរដ្ឋនានា នៃគណបក្សទាំងពីរ ហើយនិងគ្រូបង្រៀនខ្លួនឯង មួយចំនួនផងដែរ។
អ្នកគ្រូ Ashley Kurth នៃវិទ្យាល័យ Stoneman Douglas High School ដែលកើតការបាញ់ប្រហារថ្មីៗនេះ បានសម្តែងការបារម្ភថា៖
«ចង់ឲ្យមានកាំភ្លើងនៅក្នុងថ្នាក់រៀន? អត់ទេ.... ខ្មុំចង់និយាយថា ខ្មុំមានកូនប្រុសអាយុ៧ឆ្នាំម្នាក់ ហើយខ្មុំមិនមានអារម្មណ៍សុខស្រួលទេ បើកូនរបស់ខ្មុំ ទៅថ្នាក់រៀនដែលអាចមានអាវុធ បើទោះជាអាវុធនោះ ដាក់គ្រប់ហើយឬនៅ ក៏ដោយ»។
វាមានរយៈពេលជាងពីរទសវត្សរ៍ហើយតាំងពីសភាជាតិអាមេរិកបានអនុម័តច្បាប់សំខាន់ទាក់ទងនឹងអាវុធជាតិផ្ទុះ។ បទបញ្ញាត្តិឆ្នាំ១៩៩៤ ដែលហាមឃាត់ការវាយប្រហារដោយប្រើអាវុធ បានផុតកំណត់កាលពីឆ្នាំ២០០៤ ហើយ តាំងពីពេលនោះមក មានការបាញ់សម្លាប់រង្គាលចំនួន៧ដង ដែលស្ថិតក្នុងចំណោមការបាញ់សម្លាប់រង្គាលទាំង១០ ដែលមានចំនួនមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ សមាជិកគណបក្សប្រជាធិបតេយ្យ ជាច្រើនរូបចង់ធ្វើការដាក់បញ្ចូលជាថ្មីនូវការហាមឃាត់អាវុធពាក់កណ្តាលស្វ័យប្រវត្តិនេះ។
សមាជិកសភាគណបក្សប្រជាធិបតេយ្យលោក TED DEUTCH ថ្លែងថា៖
«យើងបន្តរងគ្រោះដោយសារអំពើហិង្សាកាំភ្លើងលើមហាជន ដែលមានតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ មានតែនៅសហរដ្ឋអាមេរិកទេ ដែលអសកម្មភាពរបស់យើងនឹងត្រូវបានគូសបញ្ជាក់យ៉ាងច្បាស់ នៅពេលដែលការសម្លាប់កុមារយ៉ាងព្រៃផ្សៃមួយបន្ទាប់ទៀតកើតឡើងក្នុងសាលារៀនរបស់យើង។ មានតែក្នុងសហរដ្ឋអាមេរិកនោះទេ ដែលយើងបែរជាសម្រេចចិត្តការពារផលប្រយោជន៍របស់ក្រុមហ៊ុនកាំភ្លើង ជាជាងការពារជីវិតសិស្សានុសិស្សរបស់យើង។
ការកំណត់ឲ្យប្រភេទអាវុធមួយក្រុមទៅជាខុសច្បាប់ គឺត្រូវបានគេជឿថាមិនអាចឆ្លងផុតសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋនោះឡើយ។ ប៉ុន្តែសម្ទុះនយោបាយកំពុងជំរុញឱ្យមានសកម្មភាពចំពោះសំណើផ្សេងទៀតដែលមិនសូវចម្រូងចម្រាស។ សភាបានបរាជ័យក្នុងការនាំមកនូវការផ្លាស់ប្តូរនានាទៅលើច្បាប់កាំភ្លើង បន្ទាប់ពីមានព្រឹត្តិការណ៍បាញ់សម្លាប់រង្គាលច្រើនលើក ដូចជានៅសាកលវិទ្យាល័យ Virginia Tech ទីក្រុង Newtown រដ្ឋ Connecticut និង ទីក្រុង Las Vegas រដ្ឋ Nevada។ ប៉ុន្តែ សិស្សានុសិស្សក្នុងរដ្ឋ Florida និងគ្រប់ទីកន្លែងកំពុងតែសច្ចាថា ព្រឹត្តិការណ៍លើកនេះនឹងខុសពីលើកមុនៗ៕
ប្រែសម្រួលដោយ ចាប ចិត្រា