រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ានិយាយថា ខ្លួនត្រូវការពេលវេលាច្រើនថែមទៀត មុននឹងអាចចាត់វិធានការដាក់ទណ្ឌកម្មថ្មីៗលើប្រទេសអ៊ីរ៉ង់ជុំវិញកម្មវិធីផលិតកាំជ្រួចមីស៊ីលរបស់ប្រទេសនោះ។
ទីប្រឹក្សារងទទួលបន្ទុកសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកលោក Ben Rhodes មានប្រសាសន៍ថា កិច្ចការបន្ថែមទៀតដែលសហរដ្ឋអាមេរិកកំពុងធ្វើនេះមិនមែនដោយសារតែប្រតិកម្មតបវិញពីប្រទេសអ៊ីរ៉ង់នោះទេ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ពង្រីកកម្មវិធីកាំជ្រួចមីស៊ីលរបស់ខ្លួន ដោយឥតញញើតនឹងការគំរាមដាក់ទណ្ឌកម្មថ្មីទៀតពីសហរដ្ឋអាមេរិកនោះទេ។
មន្ត្រីអាមេរិកនិយាយថា ប្រទេសអ៊ីរ៉ង់បានបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់ខ្លួនពីរដងហើយ ដោយម្តងនៅខែតុលា ហើយម្តងទៀតនៅខែវិច្ឆិកា ចាប់តាំងពីឈានដល់កិច្ចព្រមព្រៀងគ្នាមួយជាមួយបណ្តាប្រទេសមហាអំណាចនៅលើពិភពលោក ស្តីពីការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់កាលពីខែកក្កដាឆ្នាំមុនមក។
អង្គប្រជុំមួយរបស់អង្គការសហប្រជាជាតិបានសម្រេចកាលពីខែមុនថា ការបាញ់សាកល្បងកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់កាលពីខែតុលាបានរំលោភសេចក្តីសម្រេចចិត្តមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានហាមប្រាមប្រទេសអ៊ីរ៉ង់ មិនឲ្យអភិវឌ្ឍប្រព័ន្ធកាំជ្រួចមីស៊ីលរបស់ខ្លួន៕