ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បញ្ជូន​សារ​ទៅ​សេតវិមាន​ស្តីពី​ការ​បណ្តេញ​ពលរដ្ឋ​ទៅ​កម្ពុជា​វិញ


លោកស្រី​ Kathy Ko Chin ​សមាជិក​នៃ​គណៈ​កម្មការ​ប្រឹក្សា​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ និង​ប៉ាស៊ីហ្វិក និយាយ​ទៅ​កាន់​អ្នក​ចូលរួម​ក្នុង​វេទិកា​មួយ​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ការ​បណ្តេញ​ចេញ​នៃ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា កាល​ពី​ថ្ងៃពុធ ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)
លោកស្រី​ Kathy Ko Chin ​សមាជិក​នៃ​គណៈ​កម្មការ​ប្រឹក្សា​របស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ និង​ប៉ាស៊ីហ្វិក និយាយ​ទៅ​កាន់​អ្នក​ចូលរួម​ក្នុង​វេទិកា​មួយ​ស្តី​ពី​ផល​ប៉ះពាល់​នៃ​ការ​បណ្តេញ​ចេញ​នៃ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា កាល​ពី​ថ្ងៃពុធ ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)

នៅ​ក្នុង​សាល​ដែល​មាន​មនុស្ស​កកកុញ​នៅ​កណ្តាល​ទីក្រុង​ឡុងប៊ិច​នេះ​ អ្នក​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​កាល​ពី​ថ្ងៃពុធ​ គឺ​ជា​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បណ្តេញ​សមាជិក​គ្រួសារ​ទៅ​ប្រទេស​កម្ពុជា​វិញ។

នៅ​ក្នុង​សាល​ដែល​មាន​មនុស្ស​កកកុញ​នៅ​កណ្តាល​ទីក្រុង​ឡុងប៊ិច​នេះ​ អ្នក​ចូលរួម​ក្នុង​កម្មវិធី​ជួបជុំ​កាល​ពី​ថ្ងៃពុធ​ គឺ​ជា​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បណ្តេញ​សមាជិក​គ្រួសារ​ទៅ​ប្រទេស​កម្ពុជា​វិញ​ ដោយ​សារ​តែ​បាន​ធ្វើ​អំពើ​ខុស​ច្បាប់​សហរដ្ឋ​អាមេរិក​ហើយ​ក៏​មាន​អ្នក​ដែល​មក​គាំទ្រ​ឱ្យ​បញ្ឈប់​ការ​បញ្ជូន​ចេញ​នេះ​ដែរ។

បើ​ទោះ​បី​ជា​រឿងរ៉ាវ​របស់​ពួកគេ​ត្រូវ​បាន​និយាយ​ជា​ច្រើន​ដង​ ប៉ុន្តែ​នៅតែ​មិន​អាច​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ និង​អ្នក​និទាន​ទប់​ទឹក​ភ្នែក​បាន​ឡើយ។

បង​ប្រុស​របស់​កញ្ញា​ ស៊ីម ស្តេហ្វានី (Stephanie Sim) គឺ ​ស៊ីម សារុប ​ត្រូ​វបាន​បណ្តេញ​ចេញ ​ដោយ​សារ​តែ​បាន​លួច​គ្រឿង​រថយន្ត។ នាង​បាន​រៀបរាប់​ប្រាប់​អ្នក​ស្តាប់​ពី​ផល​ប៉ះពាល់​មក​លើ​គ្រួសារ​នាង។

«ការ​បណ្តេញ​បង​ប្រុស​ខ្ញុំ​ចេញ​ គឺ​រឿង​ដែល​យើង​មិន​បាន​រំពឹង​ទុក​ជា​មុន។ វា​មាន​ផល​ប៉ះពាល់​យ៉ាង​ធំ​មក​លើ​ខ្លួនខ្ញុំ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ និង​ផ្លូវ​ចិត្ត។ វា​ជា​ការ​លំបាក​ក្នុង​ការ​មើល​ឃើញ​ឱពុក​ម្តាយ​ខ្ញុំ​ខំសង្កត់​ចិត្ត​ ដោយ​សារ​កូនប្រុស​ម្នាក់​ត្រូវ​បាន​គេ​យក​ចេញ​ទៅ។ ឱពុក​ម្តាយ​ខ្ញុំ​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន ​នៅ​ពេល​ដែល​ពួក​គាត់​ចាកចេញ​ពី​ប្រទេស​កម្ពុជា ​ហើយ​ពេល​មក​ដល់​ប្រទេស​ថ្មី​នេះ​ ពួកគាត់​ត្រូវ​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី។​ហើយ​ឥឡូវ​កូន​ប្រុស​ត្រូវ​គេ​បញ្ជូន​ទៅ​ប្រទេស ​ដែល​គាត់​បាន​រត់​គេច​ចេញ​គឺជា​រឿង​ខូច​ចិត្ត​មែនទែន‍»។​

​អ្នកស្រី រស់ ចន្ថាវ៉េត មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ រស់ ដេវីត ​ក៏​ស្ថិត​នៅ​ក្នុង​បញ្ជី​ ដែល​ត្រូវ​បណ្តេញ​ចេញ​ដែរ៖

«ខ្ញុំ​ជា​ម្តាយ​មាន​ទុក្ខសោក​ជា​ខ្លាំង។ ខ្ញុំ​ជឿ​ថា​បងប្អូន​ទាំង​អស់​គ្នា​ក៏​មាន​ជីវិត​ដូច​ជា​ខ្ញុំ​ដែរ។ មាន​ទុក្ខ​សោក​ណាស់ ​យើង​ធ្លាប់​រស់​នៅ​ពី​ជំនាន់​នោះ។ យើង​មាន​ទុក្ខសោក​បែក​កូន​បែក​ចៅ​ម្តង ​ហើយ​ឥឡូវ​មក​ដល់​នេះ​ យើង​ទទួល​ការ​ក្រៀម​ក្រំ​បែក​បាក់​កូនចៅ​ទៀត‍»។​

អ្នក​ស្រី​ ចន្ថាវ៉េត​ និយាយ​ថា​ ក្មេង​ដែល​មក​ដល់​សហរដ្ឋ​អាមេរិក​មិន​បាន​ដឹង​ពី​ច្បាប់​ទម្លាប់​នៅ​ក្នុង​ប្រទេស​ថ្មី​នេះ​ទេ។ ពួក​គេ​ខ្វះខាត​ការ​អប់រំ។ កូន​ប្រុស​របស់​អ្នកស្រី​បាន​ធ្វើ​ខុស​ច្បាប់ ហើយ​បាន​ជាប់​គុក​អស់​រយៈពេល​ជា​យូរ​។ ហើយ​នៅ​ពេល​ដោះលែង​មក​វិញ​ ត្រូវ​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ។ កូន​ប្រុស​របស់​គាត់​គឺ ​ដេវីត ​មាន​អាយុ​តែ​៨ឆ្នាំ​ប៉ុណ្ណោះ​ពេល ​ដែល​មក​ដល់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨២។ ដេវីត​ បាន​សម្លាប់​មនុស្ស​ម្នាក់​ក្នុង​ជម្លោះ​មួយ​កាលពី​នៅ​អាយុ​១៦ឆ្នាំ​ ហើយ​បាន​ជាប់​គុក​ចំនួន​១៩ឆ្នាំ។​

វេទិកា​នេះ​រៀបចំ​ឡើង​ដោយ​អង្គការ​ Khmer Girls in Actionក្រោម​ប្រធាន​បទ​ថា​ «Not Home for the Holiday‍»​ឬ​«មិន​បាន​មក​ផ្ទះ​ក្នុង​ពេល​សម្រាក​ថ្ងៃ​បុណ្យ‍»។

អ្នក​ចូលរួម​បានរិះគន់​លើ​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ថា​ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​អ្នក​ដែល​បាន​អប់រំ​កែប្រែ​រួចរាល់​ហើយ​និង​អ្នក​ខ្លះ​បាន​មកដល់​សហរដ្ឋ​អាមេរិក​តាំង​ពី​នៅ​ក្មេង​ ហើយ​មិន​ទាន់​ស្គាល់​ប្រទេស​កម្ពុជា​ផង។

អ្វី​ដែល​សកម្មជន​ចង់​បាន​ គឺ​កែប្រែ​កិច្ច​ព្រម​ព្រៀង​មាតុភូមិ​និវត្តន៍​ ដោយ​ធ្វើការ​ការពារ​ដល់​សមាជិក​សហគមន៍​ដែល​មក​ដល់​សហរដ្ឋ​អាមេរិក​ក្នុង​នាម​ជាជន​ភៀស​ខ្លួន​ និង​ប្រើប្រាស់​ភាសា​ដែល​ដូច​គ្នា​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​មាតុភូមិ​និវត្តន៍​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ប្រទេស​វៀតណាម ដែល​មិន​ទទួល​យក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​មុន​ពេល​កិច្ច​ព្រម​ព្រៀង​ចុះ​ហត្ថលេខា។ ហើយ​ក៏​ធានា​ឱ្យ​បាន​ថា ​ជន​ដែល​បាន​បញ្ជូន​ចេញ​រួច​ហើយ​នោះ​អាច​មាន​សិទ្ធិ​ត្រឡប់​មក​វិញ​បាន។​

លោកស្រី​ Kathy Ko Chin ​សមាជិក​នៃ​គណៈកម្មការ​ប្រឹក្សា​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នោះ​យល់​ស្រប។​

«ខ្ញុំ​គិត​ថា​ដំណោះ​ស្រាយ​ទាំងនេះ​គឺ​មាន​សារៈសំខាន់​ណាស់​ ហើយ​ពិតជា​គួរ​ឱ្យ​អស្ចារ្យ ហើយខ្ញុំ​ពិតជា​នឹង​នាំ​យក​ទៅ​ជម្រាប​ជូន​ដល់​សេតវិមាន​វិញ‍»។​

លោក​ស្រី Kathy Ko Chin បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​មាន​កិច្ច​ព្រមព្រៀង​ ដែល​សហរដ្ឋ​អាមេរិក​ចុះហត្ថលេខា​ជាមួយ​នឹង​វៀតណាម​គឺ​ផ្តល់​ក្តី​សង្ឃឹម​ច្រើន។​

«វា​បង្កើត​ក្តី​សង្ឃឹម​ដែល​ថា​ ដំណោះស្រាយ​អាច​មាន​សម្រាប់​អ្នក​ដែល​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ មុន​ពេល​ដែល​ធ្វើ​ប្រក្រតីកម្ម​រវាង​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​នីមួយៗ​នោះ‍»។​

អ្នក​រៀបចំ​បាន​រៀបចំ​ជា​ញត្តិ​ និង​មាន​ការ​ចូលរួម​សរសេរ​ជា​សំបុត្រ​ដល់​អ្នក​ដែល​បាន​បញ្ជូន​ទៅ​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​ឱ្យ​ប្រាប់​អ្នក​ទាំង​នោះ​ថា ពួក​នៅតែ​ចង់ចាំ​អ្នក​ទាំង​នោះ​ជានិច្ច។

លោកស្រី ​Sophya Chim នាយក​ស្តី​ទី​នៃ​អង្គការ​ Khmer Girls in Action ​បាន​បញ្ជាក់​ថា៖​«ច្បាប់​ហ្នឹង​ និង​ក្រដាស់​ស្នាម​ហ្នឹង​អត់​គិត​គូ​ក្រុម​គ្រួសារ​ទេ ​ហើយ​ធ្វើ​អញ្ចឹង​ វា​បែក​គ្រួសារ​ ហើយ​ខ្មែរ​យើង​អត់​សប្បាយ​ចិត្ត​ទេ។ ព្រោះ​យើង​អត់​នៅ​ជាមួយ​គ្នា ​ហើយ​អត់​ដឹង​ថា​ តើ​កូន​ខ្ញុំ​ ប្អូនខ្ញុំ​ បងខ្ញុំ​កើត​អ្វី​ហើយ​នៅ​ស្រុក​ខ្មែរ​រស់​នៅ​ក៏​ពិបាក​ដែរ‍»។​

លោកស្រី​ Kathy Ko Chin ក៏​បាន​ក្តុកក្តួល​ បន្ទាប់​ពី​ស្តាប់​ឮ​រឿងរ៉ាវ​ទាំង​នោះ​ដែរ៖

«រឿងរ៉ាវ​ដែល​ខ្ញុំ​បាន​ស្តាប់​នៅ​យប់​នេះ​គឺ​គួរ​ឱ្យ​រញ្ជួយ​ចិត្ត​ខ្លាំង​ណាស់។ បាន​ស្តាប់​ឮ​រឿង​របស់​ម្តាយ​ និង​ប្អូនស្រី​ដែល​បាត់​បង់​កូនប្រុស ​និង​បងប្រុស ​ដោយ​សារ​តែ​ការ​បណ្តេញ​ចេញ​នេះ​គឺ​គួរ​ឱ្យ​រញ្ជួយ​ចិត្ត​ខ្លាំង​ណាស់‍»។​

លោកស្រី​បាន​ប្តេជ្ញា​ថា​ នឹង​ជួយ​ឱ្យ​ពួកគេ​បាន​ជួប​ជាមួយ​នឹង​ក្រសួង​ការបរទេស ​និង​ក្រសួង​សន្តិសុខ​ជាតិ​ ព្រោះ​វា​ទាក់​ទង​នឹង​គោល​នយោបាយ​ការបរទេស។

ការ​ធានា​នេះ​បាន​ធ្វើ​ឱ្យ​សកម្មជន​ស្ម័គ្រចិត្ត​ និង​ជន​ដែល​ត្រូវ​បញ្ជូន​ចេញ ​ដូច​ជា​លោក​David Ros ទទួល​បាន​ក្តី​សង្ឃឹម​ខ្លះ។​

«ពេល​ដែល​បាន​បង​ប្អូន​យើង​និយាយ​គ្នា​ហើយ​ បាន​ឮគេ​អ្នក​មក​និយាយ​អីចឹង​យើង​មាន​ចិត្ត​ មាន​កម្លាំង​ចង់​ធ្វើ​ការ​នេះ​ទៅ​មុខ​ទៀត‍»។​

កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​រវាង​សហរដ្ឋ​អាមេរិក ​និង​កម្ពុជា​ក្នុង​ឆ្នាំ​២០០២ តម្រូវ​ឱ្យ​កម្ពុជា​ទទួល​យក​ពលរដ្ឋ​ចំនួន​ជិត​២០០០នាក់ ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​ពួកគេ​បាន​ជាប់​ពន្ធនាគារ​រួច​ហើយ។

រហូត​មក​ដល់​ពេល​នេះ​មាន​ពលរដ្ឋ​ទាំង​នោះ​ចំនួន​ជិត​៦០០នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG