ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានស្នើសុំពេលបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងសំណើរបស់សភាក្នុងការផ្ដល់នូវភស្តុតាងសម្រាប់ការចោទប្រកាន់របស់លោកប្រធានាធិបតី Donald Trump ដែលថា អតីតប្រធានាធិបតី Barack Obama បានលួចថតសំឡេងទូរស័ព្ទរបស់លោកនៅក្នុងទីក្រុង ញូវយ៉ក ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នំាមុន។
លោក Trump មិនបានបង្ហាញភស្តុតាងណាមួយទេ នៅពេលដែលលោកបានបង្ហោះសារនៅលើប្រព័ន្ធ Twitter របស់លោក ចោទប្រកាន់ដូចនេះកាលពីដើមខែនេះ។
ប៉ុន្តែ អ្នកនាំពាក្យរបស់សេតវិមានលោក Sean Spicer បាននិយាយថា លោក Trump មិនចង់មានន័យថា លោក Obama ថតសំឡេងទូរស័ព្ទរបស់លោកនោះទេ។
ដោយថ្លែងនៅឯសន្និសីទសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃចន្ទម្សិលមិញ លោក Spicer បានព្យាយាមនិយាយបន្ធូរបន្ថយការលើកឡើងរបស់លោក Trump ដែលថាលោក Obama បានបញ្ជាឲ្យមានការលួចថតជាសម្ងាត់នៅឯសណ្ឋាគារនៅក្នុងទីក្រុងញូវយ៉ករបស់លោក។
លោក Spicer បានថ្លែងយ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតី Trump ពិតជាមិនបានគិតថា លោក Obama ជាអ្នកលួចថតសំឡេងរបស់លោកដោយខ្លួនលោកផ្ទាល់នោះទេ»។
លោក Spicer បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញថា សេតវិមានរំពឹងថា ក្រសួងយុត្តិធម៌នឹងឆ្លើយតបចំពោះសំណើរបស់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភា ដែលបានស្នើសុំព័ត៌មានដើម្បីគាំទ្រដល់ការចោទប្រកាន់លើការលួចថតសំឡេងនេះ៕