សេតវិមានបាននិយាយបញ្ជាក់កាលពីថ្ងៃសុក្រថាក្រុមរៀបចំការផ្ទេរតំណែងរបស់លោកប្រធានាធិបតីស.រ.អា. Donald Trump បានដឹងតាំងពីមុនពិធីកាន់តំណែងកាលពីខែមករាថាលោក Michael Flynn ឥស្សរជនដែលលោក Trump បានជ្រើសរើសឱ្យកាន់តំណែងជាទីប្រឹក្សាសន្តិសុខ ប្រហែលតម្រូវឱ្យប្រាប់អាជ្ញាធរថាលោកបានធ្វើសកម្មភាពជាភ្នាក់ងារម្នាក់ក្នុងនាមនៃរដ្ឋាភិបាលបរទេសមួយ។
លោក Sean Spicer អ្នកនាំពាក្យរបស់លោក Trump បាននិយាយថាលោកប្រធានាធិបតីបតីមិនបានត្រូវប្រាប់ឱ្យដឹងអំពីចំណងទាក់ទងរបស់លោក Flynn ជាមួយរដ្ឋាភិបាលនៃប្រទេសតួកគី ដែលផ្តល់ប្រាក់៥សែន៣ម៉ឺនដុល្លារឱ្យក្រុមហ៊ុនលោក Flynn កាលពីឆ្នាំទៅមិញនោះទេ។
លោក Flynn ដែលជាឧត្តមសេនីយស.រ.អា.ចូលនិវត្តន៍ម្នាក់បានប្រាប់ក្រសួងយុត្តិធ៌មក្នុងសប្តាហ៍នេះថាលោកបានតំណាងប្រទេសតួកគីកាលពីឆ្នាំទៅមិញ។
លោក Flynn បានជម្រាបសភាស.រ.អា.កាលពីពេលមុនថាលោកបានធ្វើជាអ្នកបញ្ចុះបញ្ចូល ក្នុងនាមឲ្យក្រុមហ៊ុនប្រទេសហូឡង់មួយ ក៏ប៉ុន្តែមិនបាននិយាយយោងដល់ការងាររបស់លោកសម្រាប់រដ្ឋាភិបាលតួកគី ដែលតម្រូវឱ្យមានដោយច្បាប់ស.រ.អា.នោះទេ។ ការដាក់លិខិតឱ្យដឹងដោយលោក Flynn បានត្រូវធ្វើឡើងតាមមូលដ្ឋានប្រតិសកម្ម។ លោក Flynn បានកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិនៅពេលលោក Trump ចូលកាន់តំណែងកាលពីថ្ងៃទី២០ខែមករា តែបានត្រូវដកចេញពីតំណែងក្នុងពេលតិចជាងមួយខែបន្ទាប់មក៕