ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន និងសភាព្យាយាម​ជៀសវាង​ការ​បិទ​រដ្ឋាភិបាល


រូបឯកសារ៖ លោក​ប្រធានាធិបតី​ស.រ.អា ដូណាល់​ ត្រាំ
រូបឯកសារ៖ លោក​ប្រធានាធិបតី​ស.រ.អា ដូណាល់​ ត្រាំ

លោក​ប្រធានាធិបតី​ត្រាំ បាន​​ធ្វើ​សេចក្តី​ប្រកាស​​មិន​ប្រក្រតី​មួយ នៅ​ក្នុង​ការិយាល័យ​របស់​លោក​ក្នុង​សេតវិមាន កាល​ពី​ថ្ងៃ​អង្គារ​ថា៖​ «ខ្ញុំមាន​​មោទនភាព ក្នុងការ​បិទ​រដ្ឋាភិបាល ដើម្បី​សន្តិសុខ​នៅ​ព្រំដែន»។

លោក​ប្រធានាធិបតី​ស.រ.អា ដូណាល់​ ត្រាំ និង មេ​ដឹកនាំ​ជាន់​ខ្ពស់នៃ​គណបក្ស​ប្រជាធិបតេយ្យ បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង កាល​ពី​ថ្ងៃ​អង្គារក្នុង​រឿង​ផ្តល់​ថវិកាសម្រាប់​សង់​ជញ្ជាំងមួយ​នៅ​តាម​បណ្តោយ​ព្រំដែន​សរអា ជា​មួយ​ប្រទេស​ម៉ិច​ស៊ីក ​ដែល​ជា​ផ្នែក​មួយ​នៃកញ្ចប់ថវិកា​ចាយវាយ​របស់​រដ្ឋាភិបាល ដែល​ចាំ​បាច់​ត្រូវ​តែទទួលបាន ការ​អនុមត្តិ​ នៅ​មុន​ថ្ងៃ​ទី​២១​ធ្នូ។ ចំណាត់​ការ​ចុង​ក្រោយ​របស់​រដ្ឋ​សភា ដែល​កាន់​កាប់​ដោយ​គណបក្សសាធារណរដ្ឋ អាចបញ្ជៀស​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក មុន​ថ្ងៃ​បុណ្យ​ណូអែល។

លោក​ប្រធានាធិបតី​ត្រាំ បានធ្វើ​សេចក្តី​ប្រកាសមិន​ប្រក្រតី​មួយ នៅ​ក្នុង​ការិយាល័យ​របស់​លោក​ក្នុង​សេតវិមាន កាល​ពី​ថ្ងៃ​អង្គារ​ថា៖​

«ខ្ញុំមានមោទនភាព ក្នុងការ​បិទ​រដ្ឋាភិបាល ដើម្បី​សន្តិសុខ​នៅ​ព្រំដែន»។

លោក​ប្រធានាធិបតី​ថ្លែង​ថា ការ​រក្សា​សន្តិសុខ អាច​សម្រេច​បាន​ដោយ​មាន​ប្រសិទ្ធិភាព​បំផុត តាម​រយៈការ​សង់​ជញ្ជាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ អាមេរិក និង​ប្រទេស​ម៉ិក​ស៊ីក ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​ ដែល​ចូល​មក​ពី​អាមេរិក​ឡាទ្ទីន ដែល​លោក​ពណ៌នា​ថា​ជា​រឿងអាសន្ន​សម្រាប់​ប្រទេស​ជាតិ។ គណបក្ស​ប្រជាធិបតេយ្យ និយាយ​ថា​ជញ្ជាំង​នោះ គ្មាន​ប្រសិទ្ធិភាព ហើយ​ត្រូវ​ចាយ​វាយ​ថវិកា​ច្រើន​ណាស់។ លោក​ស្រី Nancy Pelosi មេ​ដឹកនាំ​រដ្ឋ​សភានៃ​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​មាន​សំឡេង​ភាគ​តិច​នោះ ថ្លែង​ថា៖

«យើង​ចាំ​បាច់​ត្រូវ​តែ​ពិភាក្សា​គ្នា​ដោយ​ផ្អែក​ទៅ​លើ​ភស្តុតាងជាក់​លាក់ អំពី​អ្វី​ដែល​មាន​ប្រសិទ្ធិភាព អំពីថា​តើ​យើង​បាន​ចាយ​វាយ​ថវិកា​អ្វី​ខ្លះ និង​អំពី​ថា​តើ​វា​មាន​ប្រសិទ្ធិភាព​ដល់​កំរិត​ណា។ នេះ​ជា​រឿង​សន្តិសុខ​សម្រាប់​ប្រទេសយើង»។

ការជជែក​គ្នា​ជា​សាធារណៈមួយ​បែប​នេះ បង្ហាញ​ថា​គណបក្ស​ទាំង​២ នៅ​មិន​ទាន់​អាច​សម្រប​សម្រួលគ្នា​ទេ។ ពួក​គេ​នៅ​សល់ពេល​តែ​៩​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​យល់​ស្រប​គ្នា​អំពី​កញ្ចប់​ថវិកា​ចាយ​វាយ​របស់ ​

​រដ្ឋាភិបាល។ លោក​ Chuck Schumer មេ​ដឹក​នាំគណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ព្រឹទ្ធ​សភា ថ្លែង​ថា៖

«យើងផ្តល់​ជូន​លោក​ប្រធានាធិបតី​នូវ​ជម្រើស២។ ជម្រើសនិមួយៗ នឹង​ត្រូវ​ទទួល​បាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា និង សំឡេង​គាំ​ទ្រ​ចំនួន​៦០ ក្នុង​ព្រឹទ្ធ​សភា ហើយ​នឹង​ជៀស​វាង​ការ​បិទ​រដ្ឋាភិបាល។ យើង​សង្ឃឹម​ថា​លោក​នឹង​ទទួល​យក ពី​ព្រោះ​ការ​បិទ​រដ្ឋាភិបាល នឹង​ធ្វើ​ឲ្យ​មនុស្សដែល​គ្មាន​ទោសពៃរ៍ជា​ច្រើន​រង​គ្រោះ»។

គណបក្ស​ប្រជាធិបតេយ្យ​ផ្តល់ជូន​លោក​ត្រាំ​ នូវប្រាក់​ចំនួន ១ពាន់​៣​រយលាន​ដុល្លារ សម្រាប់​ការ​ចាយ​វាយ​លើ​រឿង​សន្តិសុខ​នៅ​តាម​បណ្តោយ​ទល់ដែន។ គណបក្ស​សាធារណរដ្ឋ​និយាយ​ថា មិន​គ្រប់​គ្រាន់​ទេ។ លោក​ប្រធានាធិបតី​ត្រាំ ស្នើ​សុំ​ប្រាក់​ចំនួន ៥​ពាន់​លាន​ដុល្លារ ដែល​រួម​បញ្ចូល​ទាំង​ថវិកា​សង់​ជញ្ជាំង​ព្រំ​ដែនផង​ដែរ។ លោក Paul Ryan ប្រធានរដ្ឋ​សភា​ស.រ.អា ថ្លែង​ថា៖

«ការ​ដែលគណបក្ស​ប្រជាធិបតេយ្យ ដែល​មាន​សំឡេង​ភាគ​តិច នៅ​ក្នុងរដ្ឋ​សភា​បច្ចុប្បន្ន ឬ ដែល​មាន​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋសភា​ថ្មី ប្រឆាំងនិង​ការ​ការពារ​សន្តិសុខ​នៅ​តាម​បណ្តោយ​ទល់​ដែន​នេះ ជា​រឿង​គួរ​ឲ្យហួស​ចិត្ត​ណាស់។ វា​ជា​រឿងគួរ​ឲ្យ​អស់​សំណើច​ណាស់។ យើង​ចង់​ឲ្យ​មាន​សន្តិសុខ​នៅ​តាម​បណ្តោយ​ទល់​ដែន ប៉ុន្តែ​ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ យើង​ត្រូវ​ការការគាំ​ទ្រពី​សមាជិក​ព្រឹទ្ធសភា​ចំនួន​៦០​នាក់ ដើម្បីអនុមត្ត​សេចក្តី​ព្រាង​ច្បាប់​ណា​មួយ»។

នេះ​មាន​ន័យ​ថា ទោះ​ជា​គណបក្ស​សាធារណរដ្ឋ មាន​សំឡេង​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា​ក៏​ដោយ កញ្ចប់​ថវិកា​ចាយ​វាយ​របស់​រដ្ឋាភិបាល នៅ​ត្រូវការ​ការគាំ​ទ្ររបស់​គណបក្ស​ប្រជាធិបតេយ្យ ដើម្បីឲ្យ​ចេញ​ពី​ព្រឹទ្ធសភា​រួច។

សមាជិក​សភា​កំពុង​រៀប​ចំ​ចាក​ចេញ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បីឈប់​សម្រាក​ក្នុងឱកាស​បុណ្យ​ណូអែល ប៉ុន្តែពួក​គេ​កំពុង​តែគិត​គូរ​អំពី​វិបត្តិនយោបាយ ដែលនឹង​កើត​ឡើង ជា​ស្រេច​ទៅ​ហើយ។ លោក​ Chuck Schumer មេ​ដឹក​នាំគណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ព្រឹទ្ធ​សភា ថ្លែង​ថា៖

«គ្មាន​ប្រធានាធិបតី​ណា​គួរ​និយាយ​ថា​លោកមាន​មោទនភាព ​ក្នុង​ការ​បិទ​រដ្ឋាភិបាលនោះ​ទេ»។

លោក Mitch McConnell នៃ​គណបក្ស​សាធារណរដ្ឋ ដែល​ជា​មេ​ដឹកនាំព្រឹទ្ធ​សភា​នោះ បាន​ថ្លែង​ថា៖

«ទោះ​ជា​អ្នក​ណា​បង្ករ​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក ​ក៏​ដោយ​ក៏​ពល​រដ្ឋ​អាមេរិក មិនពេញ​ចិត្ត​ដែរ»។

បើ​សិន​ជា​បិទ​មែន ការ​បិទ​រដ្ឋាភិបាល ដែល​នឹង​នាំ​ឲ្យ​មាន​ការ​ផ្អាក​សេវា​សាធារណៈ​សំខាន់ៗ ហើយ​ដែល​នឹង​ប៉ះ​ពាល់​ដល់ពល​រដ្ឋរាប់​លាន​នាក់ នៅ​ទូ​ទាំង​សរអា​នោះ នឹង​ជា​ការ​បិទលើក​ទី​៣​ហើយ ក្នុង​ឆ្នាំ​២០១៨​នេះ។

ប្រែ​សម្រួល​ដោយ ប៉ូច រាសី

XS
SM
MD
LG