ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បញ្ចប់​គោល​នយោបាយ​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​ឲ្យ​អាទិភាព​សម្រាប់​ជន​អន្តោប្រវេសន៍​គុយបា


លោក​បារ៉ាក់ អូបាម៉ា​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។
លោក​បារ៉ាក់ អូបាម៉ា​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​បាន​បញ្ចប់​ភ្លាមៗ​អ្វី​ដែល​ហៅ​ថា​គោល​នយោបាយ​ដែល​អនុញ្ញត​ឲ្យ​ជន​ជាតិ​គុយបា​ណា​ដែល​បាន​ជាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​ទិដ្ឋាការ។

លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​គោល​នយោបាយ​ដែល​មាន​ចំណាស់​២០​ឆ្នាំ​នោះ​បាន​ត្រូវ​រចនា​ឡើង​សម្រាប់​សករាជ​ផ្សេង។

លោក​ប្រធានាធិបតីអូបាម៉ា​បាន​មាន​ប្រសាសន៍ថា «ការ​ចាត់​វិធានការ​របៀប​នេះ ​យើង​កំពុង​ធ្វើ​ចំពោះ​ជន​ចំណាកស្រុក​ដូច​របៀប​ដែល​យើង​ធ្វើ​ចំពោះ​ជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​ផ្សេង​ទៀត​ដែរ។​ យើង​នឹង​បន្ត​ស្វាគមន៍​ជន​ជាតិ​គុយបា​ដូច​យើង​ស្វាគមន៍​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ផ្សេង​ទៀត​ដែរ​ដោយ​ស្រប​ទៅ​តាម​ច្បាប់‍»។

លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​ហៅ​ចំណាត់​ការ​នេះ​ថា​ជា​វិធានការ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតី​ឡើង​វិញ​ជាមួយ​គុយបា។

លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ថា ​គុយបា​បាន​យល់​ព្រម​ទទួល​យក​ជន​ចំណាក​ស្រុក​ដែល​មក​ដល់​សហរដ្ឋ​អាមេរិក​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឡប់​ទៅ​វិញ​ដែល​ជា​វិធី​ដូច​គ្នា​នឹង​ការ​ទទួល​យក​ជន​ចំណាក​ស្រុក​ដែល​ឆ្មាំ​ការពារ​ដែន​សមុទ្រ​សហរដ្ឋ​អាមេរិក​បាន​យក​ពួកគេ​នៅ​ក្នុង​សមុទ្រ​ដែរ។

លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រសួង​ការពារ​សន្តិសុខ​មាតុភូមិ​ក៏​នឹង​បញ្ចប់​កម្មវិធី​ទទួល​យក​ឯកទេស​វេជ្ជសាស្រ្ត​គុយបា​ដែល​អនុញ្ញាត​ឲ្យ​វេជ្ជបណ្ឌិត​ និង​អ្នកជំនាញខាង​វេជ្ជសាស្រ្ត​គុយបា​ធ្វើ​ការ​នៅ​ប្រទេស​ទី​៣​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​ដែរ៕

XS
SM
MD
LG