លោក ចូ បៃដិន (Joe Biden) ដែលបានត្រូវព្យាករណ៍ថានឹងក្លាយទៅជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក បានសន្យាថា នឹងបញ្ឈប់ការកសាងជញ្ជាំងព្រំដែននៅតាមបណ្តោយព្រំដែនជាមួយប្រទេសម៉ិកស៊ិក។ ការណ៍នេះនាំឱ្យមានសំណួរអំពីអនាគតសមិទ្ធិដ៏សំខាន់នៃការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដើម្បីបង្ក្រាបការធ្វើអន្តោប្រវេសន៍ដោយគ្មានការអនុញ្ញាតនៅព្រំដែនខាងត្បូងប្រទេស។
លោក Matthew Hudak ជាប្រធានកងយាមល្បាតនៃផ្នែកព្រំដែន Laredo។ លោកបាននិយាយថា មានកុងត្រាដើម្បីចាប់ផ្តើមកសាងជញ្ជាំងជិត ១១៣ គ.ម. នៅក្នុងតំបន់ Laredo នៃរដ្ឋ Texas ដែលលាតសន្ធឹងជាង ២៧០ គ.ម. នៃព្រំដែនរវាងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក។
លោក Hudak បានថ្លែងថា ជញ្ជាំងមួយអាចជួយប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនដែលប្រើប្រាស់ព្រំដែនជាវិធីមួយ សម្រាប់រកប្រាក់ដោយការជួញដូរមនុស្សនិងការរត់ពន្ធ។
លោក Hudak បាននិយាយថា៖ «ការកសាងប្រព័ន្ធជញ្ជាំង...បំបាត់ការរកកម្រៃសម្រាប់អង្គការឧក្រិដ្ឋទាំងនេះ។ ប្រាក់កាសនេះមិនបានត្រូវបញ្ជូនទៅក្នុងប្រទេសម៉ិកស៊ិកវិញ ដើម្បីផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវ ដែលបានត្រូវប្រើ ដើម្បីធ្វើឱ្យរងគ្រោះដល់អ្នកជិតខាងយើង នៅម្ខាងទៀតនៃព្រំដែន»។
ជោគវាសនានៃជញ្ជាំងព្រំដែន
លោក Biden បាននិយាយថា លោកនឹងមិនវាយបំបាក់ជញ្ជាំងព្រំដែនដែលលោក Trump បានកសាងនោះទេ។ ក៏ប៉ុន្តែ នៅក្នុងមហាសន្និបាតជាតិរួមគ្នា កាលពីខែសីហាមុននៃសមាគមជាតិនៃអ្នកកាសែតស្បែកខ្មៅនិងសមាគមជាតិនៃអ្នកសារព័ត៌មាន Hispanic (អាមេរិកឡាទីន) លោក Biden បានសន្យាថា «នឹងមិនមានការកសាងជញ្ជាំងព្រំដែនមួយហ្វីតទៀតក្នុងរដ្ឋបាលខ្ញុំទេ»។
ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិក ហៅកាត់ថា ICE បាននិយាយថា ខ្លួននឹងសម្រេចគោលដៅកសាងជញ្ជាំងព្រំដែន ៧២៤ គ.ម. មិនហួសពីដំណាច់ឆ្នាំ ២០២០ ទេ។
អ្នកស្រី Jessica Bolter ជាអ្នកវិភាគជំនួយខាងគោលនយោបាយនៃវិទ្យាស្ថានគោលនយោបាយទេសន្តរប្រវេសន៍ ដែលជាអង្គការស្រាវជ្រាវមួយខាងគោលនយោបាយ មានមូលដ្ឋាននៅក្នុងរដ្ឋធានី Washington D.C.។
អ្នកស្រីបាននិយាយថា៖ «លោកប្រធានាធិបតី Trump នៅជាប្រធានាធិបតីនៅឡើយ ហើយលោកកាន់តំណែងនេះ រហូតដល់ថ្ងៃទី២០ ខែមករា។ ដូច្នេះរហូតដល់ពេលនោះ យើងរំពឹងថា ការស្ថាបនាជញ្ជាំងព្រំដែនមានធ្វើតទៅទៀត»។
ទីភ្នាក់ងារគយនិងការពារព្រំដែន បាននិយាយថា កុងត្រាភាគច្រើនត្រូវបានអនុម័ត ហើយកំពុងដំណើរការកសាងជញ្ជាំងចម្ងាយប្រមាណ ១.១៨៨ គ.ម. ដែលមានទឹកប្រាក់រួចស្រេចសម្រាប់ការសាងសង់ រហូតមកដល់ពេលនេះ។
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកស្រី Bolter បានថ្លែងថារ ដ្ឋបាលលោក Biden មានជម្រើសលើកុងត្រាដែលមានស្រេចហើយ។
អ្នកស្រី Bolter បាននិយាយថា៖ «រដ្ឋបាលលោក Biden ប្រហែលបញ្ចប់កុងត្រាដែលមានស្រាប់អាចនៅកន្លែង ដែលកំពុងស្ថាបនា។ រដ្ឋាភិបាលមានពេលបន្ថែម ដើម្បីធ្វើដូច្នេះ ហើយអាចធ្វើបានដោយងាយ ជួនកាលដោយត្រូវបង់ប្រាក់បញ្ចប់ខសន្យា ឱ្យក្រុមហ៊ុនម៉ៅការ»។
រឿងចម្រូងចម្រាសនៃជោគវាសនាជញ្ជាំងព្រំដែន
អំណាចរបស់លោក Trump ក្នុងការចាយប្រាក់ច្រើនសម្រាប់កសាងជញ្ជាំងព្រំដែន កំពុងត្រូវជំទាស់ហើយរង់ចាំសេចក្តីសម្រេចរបស់តុលាការកំពូល។ ការប្រយុទ្ធខាងផ្លូវច្បាប់អាចក្លាយទៅជាបញ្ហាចំហមួយ សម្រាប់ជជែកដេញដោលគ្នានៅក្រោមរដ្ឋបាលលោក Biden។
លោក Tony Payan ជានាយកមជ្ឈមណ្ឌលស្តីអំពីទំនាក់ទំនងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក ប្រចាំវិទ្យាស្ថាន Baker សម្រាប់គោលនយោបាយសាធារណៈក្នុងក្រុង Houston របស់សាកលវិទ្យាល័យ Rice។
លោកបាននិយាយថា៖ «ខ្ញុំយល់ថា បញ្ហានេះជាបញ្ហាមួយក្នុងបណ្តាបញ្ហានានា ដែលនឹងរកឃើញដំណោះស្រាយមួយ នៅក្នុងអន្តរកាលនយោបាយ»។
លោក Payan បានថ្លែងថា៖ «សេចក្តីសម្រេចរបស់តុលាការកំពូល នឹងមិនសំខាន់ទេ»។
ដោយថ្លែងអំពីពាក្យបណ្តឹងរបស់រដ្ឋាភិបាលប្រឆាំងនឹងបណ្តាម្ចាស់ដីធ្លី ដែលប្រកែកមិនព្រមបោះបង់ដីពួកគេ សម្រាប់ការកសាងជញ្ជាំងព្រំដែន លោក Biden ក៏បានមានប្រសាសន៍ដែរថា៖ «ដកពាក្យបណ្តឹងចេញ។ យើងមិនបន្តប្តឹងទេ។ យើងនឹងមិនរឹបអូសយកដីធ្លីទេ»។
ការផ្តោតការយកចិត្តទុកដាក់លើបច្ចេកវិជ្ជា
ជាជាងស្ថាបនាជញ្ជាំងព្រំដែនថែមទៀត គណបក្សប្រជាធិបតេយ្យនិយមប្រើបច្ចេកវិទ្យាជាជម្រើសមួយ នៅតាមបណ្តោយព្រំដែនខាងត្បូងជាង ៣ ពាន់គ.ម.។
លោក Biden បានមានប្រសាសន៍ថា៖ «ខ្ញុំនឹងធ្វើឱ្យប្រាកដប្រជាថា យើងមានកិច្ចការពារព្រំដែន តែវាត្រូវផ្អែកលើការធ្វើឱ្យប្រាកដថា យើងប្រើសមត្ថភាពនៃបច្ចេកវិទ្យាខ្ពស់ ដើម្បីដោះស្រាយបញ្ហានេះ»។
នៅក្នុងតំបន់ Laredo បច្ចេកវិទ្យាដូចជាកាមេរ៉ា រ៉ាដា ប្រដាប់ស្ទង់ និងដ្រូន (drones) បានជួយពួកភ្នាក់ងារយាមល្បាតព្រំដែន ដែលនៅទីនោះមានជញ្ជាំងតិចណាស់។ ក៏ប៉ុន្តែ លោក Hudak បាននិយាយថា ឧបករណ៍ច្រើនថែមទៀតជួយភ្នាក់ងារលោក ឱ្យធ្វើការងារបានល្អជាងមុន។
លោក Hudak បានថ្លែងថា៖ «នៅពេលណាយើងមានបច្ចេកវិទ្យានេះ ដែលប្រាប់យើងច្បាស់លាស់អំពីអ្វីដែលយើងជួបប្រទះ នៅមុនពេលទៅដល់ជិតទីនោះ វានាំឱ្យមានសុវត្ថិភាពជាងមុនសម្រាប់មនុស្សគ្រប់គ្នា។ វាជាការរួមផ្សំរវាងរបាំងនិងផ្លូវយាមល្បាត។ ដូច្នេះ ភ្នាក់ងារយើងនឹងធ្វើចលនាឡើងចុះ តាមបណ្តោយព្រំដែន ដោយមានជំនួយពីប្រព័ន្ធបច្ចេកវិទ្យានេះ។ វាជាការរួមបញ្ចូលគ្នានៃវិធានការទាំងនេះ...បន្ទាប់មកយើងបន្ថែមភ្នាក់ងារ ហើយយើងមានផ្នែកទាំងបីធ្វើការជាមួយគ្នា»។
ផលវិបាកដោយអចេតនា
អ្នកជំទាស់និយាយថា ជញ្ជាំងព្រំដែនធ្វើឱ្យខូចខាតប្រព័ន្ធអេកូឡូស៊ីបណ្តាលឱ្យមានទឹកជំនន់ និងនាំឱ្យមានគ្រោះថ្នាក់ដល់សត្វ ហើយថា លោក Biden គួរចាត់វិធានការថែមទៀត ដើម្បីបញ្ឈប់ការកសាងជញ្ជាំងព្រំដែន។
លោក Payan នៃសាកលវិទ្យាល័យ Rice បានពោលថា៖ «ខ្ញុំយល់ថា យើងបានប្រមាណស្ទើរអំពីការខូចខាតដែលជញ្ជាំងព្រំដែន បណ្តាលឱ្យមាននៅតាមព្រំដែនរវាង ស.រ.អ. និងប្រទេសម៉ិកស៊ិក។ ទោះណាជាលោក Biden មិនចង់បំផ្លាញផ្នែកនៃជញ្ជាំងដែលបានត្រូវស្ថាបនាហើយក៏ដោយ ក៏ខ្ញុំយល់ថា នៅកន្លែងខ្លះ គេគួរវាយបំបាក់ជញ្ជាំងនេះ ពីព្រោះវានាំឱ្យមានការខូចខាតធ្ងន់ធ្ងរដល់បរិដ្ឋាន»។
គោលនយោបាយហួសពីជញ្ជាំងព្រំដែន
ហួសពីជញ្ជាំងព្រំដែន ក្រុមអ្នកការពារសិទ្ធិជនអន្តោប្រវេសន៍ជាច្រើនក្រុម សង្ឃឹមថា រដ្ឋបាលលោក Biden នឹងលុបចោលវិធានការនីតិប្រតិបត្តិជាច្រើនរបស់លោក Trump ដែលមិនត្រូវការការយល់ព្រមពីសភា។
អ្នកវិភាគនិយាយថា កម្មវិធីមួយដែលលោក Biden អាចដាក់ឱ្យមានជាថ្មីវិញ គឺកម្មវិធីពន្យារពេលសម្រាប់ជនដែលបានមករស់នៅសហរដ្ឋអាមេរិក នៅពេលពួកគេជាកុមារ ហៅកាត់ថា DACA របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ កម្មវិធីនេះអនុញ្ញាតឱ្យមានសំបុត្រសម្រាប់ធ្វើការងារឱ្យដល់ក្រុមជនអន្តោប្រវេសន៍គ្មានឯកសារ ដែលបានចូលមកក្នុងសហរដ្ឋអាមេរិក នៅពេលពួកគេជាកុមារ។
លោក Trump បានបញ្ជាឱ្យបញ្ឈប់កម្មវិធីនេះ កាលពីឆ្នាំ ២០១៧។ ក្នុងខែមិថុនា ឆ្នាំ ២០២០ តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចឲ្យក្រុមជនមានសិទ្ធិតាមរយៈកម្មវិធី DACA ឈ្នះ ប៉ុន្តែរក្សាទុកលទ្ធភាពថា រដ្ឋបាលអាមេរិកាំងនៅតែអាចលុបចោលកម្មវិធីនេះ ក្នុងពេលអនាគត បើមានហេតុផលសមរម្យ។
ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ការលុបចោលគោលនយោបាយឯទៀតៗរបស់លោក Trump ប្រហែលមានការពិបាក ដោយមានរួមបញ្ចូលពិធីសារការពារជនចំណាកស្រុក (Migrant Protection Protocols)។
ពិធីសារនេះតម្រូវឱ្យពួកជនអន្តោប្រវេសន៍គ្មានឯកសារវិលទៅប្រទេសម៉ិកស៊ិកវិញ រហូតដល់ថ្ងៃខែនៃសវនាការក្នុងតុលាការ អំពីករណីអន្តោប្រវេសន៍របស់ពួកគេ។ អ្នកស្រី Bolter បាននិយាយថា គេត្រូវចំណាយពេលយូរ និងប្រាក់កាសច្រើន ដើម្បីប្រើកលល្បិចខាងទម្រង់ការរដ្ឋបាល និងការិយាធិបតេយ្យសម្រាប់លុបចោលកម្មវិធីជាច្រើនរបស់លោក Trump។
អ្នកស្រី Bolter បាននិយាយថា៖ «ទោះណាជាសកម្មភាពប្រតិបត្តិដែលលោកប្រធានាធិបតីTrump បានធ្វើអាចលុបចោលដោយរដ្ឋបាលខ្លួនឯងក៏ដោយ ក៏ដំណើរការលុបបទប្បញ្ញត្តិនីមួយៗ មានការពិបាកក្រៃលែង។ វាមិនមែនជាអ្វីដែលអាចធ្វើបានជាបន្ទាន់ទេ ប្រសិនបើបទប្បញ្ញត្តិថ្មីត្រូវឆ្លងកាត់រយៈពេលជូនដំណឹងនិងអត្ថាធិប្បាយ»។
រដ្ឋបាលលោក Biden នឹងមានអាទិភាពបន្ទាន់ច្រើន ដោយមានរួមបញ្ចូលបញ្ហានៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ បញ្ហាមនុស្សធម៌ និងសន្តិសុខតាមព្រំដែន។
អ្នកស្រី Bolter បានពោលថា៖ «ជាការមិនទំនងថារដ្ឋបាលលោក Biden នឹងចំណាយប្រាក់កាសប្រហែលគ្នាដូចដែលលោក Trump បានចំណាយក្នុងវិស័យអន្តោប្រវេសន៍ទេ»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ