ប្រសិនបើលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ត្រូវបានគេជ្រើសរើសឲ្យធ្វើជាប្រធានាធិបតី តើលោកស្រីនឹងធ្វើដូចពេលលោកស្រីមានតួនាទីជាភរិយារបស់លោក Bill Clinton ពេលដែលុំលោក Bill Clinton ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ឬក៏លោកស្រីនឹងធ្វើដូចពេលលោកស្រីមានតួនាទីជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ New Yorkពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៩?
លោកស្រី Clinton មានបទពិសោធន៍ផ្នែកនយោបាយច្រើន ដែលក្នុងនោះដូចជាបទពិសោធន៍ធ្វើជារដ្ឋមន្ត្រីការបរទេសនៅអាណត្តិទីមួយរបស់លោកប្រធានាធិបតី Barack Obama។ ការសម្ដែងឡើងរបស់លោកស្រីនាពេលនោះ នឹងជះឥទ្ធិពលដល់របៀបនៃការគ្រប់គ្រងរបស់លោកស្រី ក៏ដូចជាជះឥទ្ធិពលដល់ការគិតរបស់ពលរដ្ឋអាមេរិកាំងទូទៅចំពោះលោកស្រីផងដែរ។
លោក John Hudak អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ផ្នែកសិក្សាអភិបាលកិច្ចនៅឯវិទ្យាស្ថាន Brookings បាននិយាយថា៖ «ប្រសិនបើពេលធ្វើជាប្រធានាធិបតី លោកស្រី Clinton ធ្វើការគ្រប់គ្រងដូចពេលលោកស្រីធ្វើជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនោះ នោះប្រាកដជាមានបញ្ហាសម្រាប់លោកស្រីជាក់ជាមិនខាន។ ប្រសិនបើលោកស្រី ធ្វើការគ្រប់គ្រងដូចពេលលោកស្រីធ្វើជាសមាជិកព្រឹទ្ធសភា លោកស្រីនឹងទទួលបានជោគជ័យច្រើន»។
ប្រសិនបើលោកស្រីត្រូវបានជ្រើសរើសជាប្រធានាធិបតីស្ត្រីដំបូងគេនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក លោកស្រីត្រូវបានគេរំពឹងថា លោកស្រីនឹងបន្តនូវការងាររបស់លោកប្រធានាធិបតី Barack Obama។
ចំណុចខុសគ្នារវាងលោកស្រី Clinton នឹងលោក Obama គឺនៅត្រង់វិធីសាស្ត្ររបស់ពួកគេក្នុងការធ្វើការជាមួយសភា។ គេមិនសូវស្គាល់លោក Obama ចំពោះបទពិសោធន៍របស់លោកក្នុងការកសាងទំនាក់ទំនងជាមួយតំណាងរាស្ត្រនៅក្នុងសភាប៉ុន្មានទេ។ ប៉ុន្តែ បទពិសោធន៍របស់លោកស្រី Clinton នៅក្នុងព្រឹទ្ធសភា អាចមានប្រយោជន៍ ពេលដែលលោកស្រីរៀបចំគោលនយោបាយដឹកនាំប្រទេសនៅក្នុងរយៈពេល ១ រយថ្ងៃដំបូងនៃការឡើងធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក៕