ប្រសិនបើការអះអាងរបស់លោកគឺជាការពិត លោក សម រង្ស៊ី នឹងត្រូវវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងរង្វង់ពីរសប្ដាហ៍ទៀត ពោលគឺនៅថ្ងៃទី ៩ខែវិច្ឆិកា ខាងមុខ។
ក៏ប៉ុន្តែក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជា រួមទាំងមន្ត្រីនយោបាយរបស់គណបក្សកាន់អំណាចផងដែរ បានវាយតម្លៃទុកជាមុនថាលោក សម រង្ស៊ី អាចនឹងប្រឈមនឹងការចាប់ខ្លួនដាក់ពន្ធនាគារ នៅពេលដែលលោកទម្លាក់ជើងជាន់ដីកម្ពុជា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយមួយរូប លើកឡើងថានៅក្នុងពេលនេះរដ្ឋាភិបាលកំពុងព្យាយាមធ្វើឲ្យលោក សម រង្ស៊ី ស្ថិតក្នុងភាពឯកោរួចទៅហើយ តាមរយៈការតាមចាប់ខ្លួនសកម្មជនឬអ្នកគាំទ្រនយោបាយប្រឆាំង។ ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងបានកើនដល់ជិត៦០នាក់នៅទូទាំងប្រទេស។
លោកបណ្ឌិតឡៅ ម៉ុងហៃ មើលឃើញថាការដែលដាក់ឲ្យលោក សម រង្ស៊ី ឯកោគឺដើម្បីផលប្រយោជន៍នៃការចាប់ខ្លួនរូបលោក ប្រសិនបើលោកមកដល់ប្រទេសកម្ពុជាមែននោះ។
«ធ្វើឲ្យ សម រង្ស៊ី ឯកោម្នាក់ឯង រួចហើយគេចាប់តែម្ដង។ ហើយគេយកទៅឃុំឃាំងទៅកន្លែងណាដែលស្ងាត់»
លោក សម រង្ស៊ី បាននិរទេសខ្លួនទៅក្រៅប្រទេសចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ក្រោយពីលោកត្រូវតុលាការរបស់ប្រទេសកម្ពុជាចោទប្រកាន់អំពីបទឧក្រិដ្ឋផ្សេងៗ។ រហូតមកទល់ពេលនេះ លោកទទួលរងការចោទប្រកាន់ពីតុលាការច្រើនជាងដប់ករណី។
កាលពីថ្ងៃទី១៨ខែតុលានេះ តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសរូបលោកនិងមន្ត្រីនយោបាយអតីតគណបក្សសង្គ្រោះជាតិបីនាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន១ឆ្នាំនិង៨ខែ ក្រោមការចោទប្រកាន់ពីបទផ្ដើមគំនិតប្រមាថ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
បទចោទដែលកំពុងរុំព័ទ្ធលោក សម រង្ស៊ី និងការផ្ដន្ទាទោសចុងក្រោយ អាចនឹងក្លាយជាឧបករណ៍ដែលផ្ដល់សំអាងដល់ការចាប់ខ្លួនរូបលោកបាន។
លោក អ៊ូ វីរៈ ស្ថាបនិកអង្គការវេទិកាអនាគត យល់ស្របថារដ្ឋាភិបាលកម្ពុជានឹងមិនបណ្ដោយឲ្យលោក សម រង្ស៊ី ឈានជើងចូលកម្ពុជាដោយសេរីភាពនោះទេ។
«បើសិនគាត់មកដល់ ខ្ញុំមើលទៅរដ្ឋាភិបាល មិនអនុញ្ញាតឲ្យគាត់ចេញផុតពីព្រលានយន្តហោះទេ។គេអាចចាប់គាត់បញ្ជូនទៅវិញ។ គេអាចចាប់គាត់ដាក់ពន្ធនាគារ។ ហើយពន្ធនាគារមិននៅទីក្រុងភ្នំពេញទេ តែអាចនៅទីជនបទណាមួយ»។
លោក សម រង្ស៊ី អាយុ៧០ឆ្នាំ បានបង្កើតបក្សនយោបាយរបស់ខ្លួនកាលពីឆ្នាំ១៩៩៥ ក្រោយពីលោកបានចាកចេញពីគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិក បន្ទាប់ពីលោកត្រូវដកចេញពីដំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដំណែងជារដ្ឋមន្ត្រីនេះ បានធ្វើឲ្យលោកសាងភាពល្បីល្បាញក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងភាពល្បីល្បាញពីការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ។
ប៉ុន្តែចាប់ពីពេលនោះមក ដំណើរនយោបាយរបស់លោកដែលត្រូវប្រជែងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវប្រឈមនឹងការចោទប្រកាន់ដោយតុលាការនិងការតាមចាប់ខ្លួនដាក់ពន្ធនាគារជាច្រើនលើកច្រើនសារ។ ហើយលោកតែងតែគេចផុតពីការចាប់ខ្លួននិងបាននិរទេសខ្លួនទៅក្រៅប្រទេស។
ការវិលត្រឡប់ពីការភៀសខ្លួនរបស់លោកចុងក្រោយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ គឺមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នៅពេលនោះ មនុស្សជាច្រើនម៉ឺននាក់ បានចូលរួមអមដំណើររូបលោកពីព្រលានយន្តហោះ ឆ្ពោះមកកាន់រាជធានីភ្នំពេញ។
ប៉ុន្តែសម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់លោកសម រង្ស៊ី នៅពេលនេះ មិនមែនដូចកាលពី៦ឆ្នាំមុននោះទេ។
«ខ្ញុំបានដាក់បញ្ហាពីរក្នុងករណីដែលមេឧទ្ទាមក្រៅច្បាប់ចូលមកស្រុកខ្មែរ។ទី១គាត់មិនហ៊ានមកទេ។បើមិនហ៊ានមក គាត់ត្រូវបញ្ចប់ជីវិតនយោបាយរបស់គាត់នៅក្រៅប្រទេស។ទី២ បើគាត់មកគឺមានតែរឿងខ្នោះទេ ហើយរុញចូលគុក»។
ជាការពិត ការចាប់ខ្លួនលោកសម រង្ស៊ី នៅក្នុងប្រទេសកម្ពុជាពិតជាអាចធ្វើទៅរួច។ មូលហេតុដោយសារទី១ ទម្ងន់នៃការចោទប្រកាន់របស់តុលាការដែលទទួលរងការចោទប្រកាន់ពីភាពលំអៀងផ្នែកនយោបាយប្រឆាំងរូបលោក មានរហូតដល់ជាងដប់ករណី ដែលធ្វើឲ្យរូបលោករើខ្លួនមិនរួច ហើយការចោទប្រកាន់ទាំងនោះសុទ្ធសឹងតែជាការចោទប្រកាន់ពីបទឧក្រិដ្ឋដែលលោកអាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារធ្ងន់ធ្ងរ។ និងទី២ លោកអាចត្រូវចាប់ខ្លួនទៅរួចដោយសារមិនទាន់មានដំណោះស្រាយនយោបាយបែបណាមួយដែលជាភ្លើងខៀវបើកផ្លូវឲ្យលោកនិវត្តមកកាន់មាតុប្រទេសវិញដោយសុវត្ថិភាព។
ក៏ប៉ុន្តែសំណួរសួរថា តើនឹងមានអ្វីកើតឡើងប្រសិនបើរដ្ឋាភិបាលចាប់ខ្លួនលោក សម រង្ស៊ី។
ក្រុមអ្នកវិភាគកម្ពុជាមើលឃើញថាការចាប់ខ្លួនលោក សម រង្ស៊ី នឹងបង្កឲ្យមានការរិះគន់និងការដាក់សម្ពាធពីសហគមន៍អន្តរជាតិជាបន្ថែមទៀត ជាពិសេសពីសំណាក់សហភាពអឺរ៉ុបនិងពីសហរដ្ឋអាមេរិក។ បណ្ដាប្រទេសលោកខាងលិចទាំងនេះ បានគំរាមព្យួរការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជា EBA សម្រាប់សហភាពអឺរ៉ុប និង GSP សម្រាប់សហរដ្ឋអាមេរិក។ ការអនុគ្រោះពន្ធទាំងពីរ បានផ្ដល់ផលចំណេញដល់កម្ពុជាជិត១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ស្ថាបនិកវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថា៖
«បើសិនជាលោក សម រង្ស៊ី ប្រថុយឲ្យចាប់ ទោះជាគ្មានលក្ខខណ្ឌក៏ដោយ ក៏សម្ពាធនយោបាយដើម្បីឲ្យដក EBA កើនខ្ពស់ដែរ។ GSP របស់សហរដ្ឋអាមេរិករឹតតែជាងនឹងទៀតដោយសារនយោបាយអាមេរិកគឺគេចង់រុញឲ្យមានប្រជាធិបតេយ្យ រុញឲ្យមានការគោរពសិទ្ធិមនុស្សនិងគេមិនទុកចិត្តរដ្ឋាភិបាលកម្ពុជា»។
ក្នុងទិដ្ឋភាពមួយទៀត ការចាប់ខ្លួនលោក សម រង្ស៊ី អាចជាផ្នែកមួយដើម្បីព្យាយាមបញ្ចប់ជីវិតនយោបាយមេដឹកនាំគណបក្សប្រឆាំងរូបនេះ ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិនៅឆ្នាំ ២០១៧។
សម្រាប់លោកបណ្ឌិតឡៅ ម៉ុងហៃ បើទោះជាលោក សម រង្ស៊ី ត្រូវចាប់ខ្លួន និងត្រូវដាក់ឲ្យស្ថិតក្រៅជីវភាពនយោបាយក្ដី ក៏ទស្សនវិស័យរបស់លោកនិងការតស៊ូរបស់លោក សម រង្ស៊ី នឹងស្ថិតក្នុងវិញ្ញាណនៃនយោបាយខ្មែរជារៀងរហូត។
ប៉ុន្តែនៅពេលនោះ រលករិះគន់ពីសហគមន៍អន្តរជាតិនឹងក្លាយជាផ្សែងខ្មៅម្ដងទៀតគ្របលើប្រទេសកម្ពុជា ក្រោយពីកម្ពុជាទទួលរងការរិះគន់រួចទៅហើយអំពីការរំលាយគណបក្សប្រឆាំងនាំមុខគេគឺគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនជាស៊េរីលើសកម្មជនគណបក្សនេះ។
ទោះជាបែបនេះក្ដីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន មានប្រសាសន៍ថាកម្ពុជាស៊ាំនឹងការរិះគន់រួចទៅហើយ។
«កន្លងទៅប៉ុន្មានឆ្នាំហើយមិនដែលមានការចាប់(ខ្លួន)ឯណា ម៉េចក៏មានការរិះគន់។ យើងធ្វើអ្វីឲ្យតែត្រឹមត្រូវតាមគោលការណ៍របស់យើងយើង ចាំបាច់ខ្លាចគេរិះគន់ធ្វើអី»។
បើទោះជាមានការប្រមើលមើលអំពីការចាប់ខ្លួនជាយថាហេតុលើលោក សម រង្ស៊ី ប៉ុន្តែមានហេតុផលមួយចំនួន រួមទាំងបទពិសោធន៍របស់លោកក្នុងអតីតកាល លោក សម រង្ស៊ី ទំនងជានឹងមិនហុចខ្លួនឲ្យអាជ្ញាធរកម្ពុជាចាប់ដាក់ខ្នោះដៃលោក ញាត់បញ្ចូលក្នុងមន្ទីរឃុំឃាំងនោះទេ។
មួយវិញទៀតវានឹងមិនមានសញ្ញាពីការនិវត្តច្បាស់លាស់របស់លោក សម រង្ស៊ី នោះទេ ល្គឹកណាមិនមានការចរចានយោបាយណាមួយកើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ។
ត្រង់ចំណុចនេះ លោក អ៊ូ វីរៈ ស្ថាបនិកវេទិកាអនាគត យល់ថាលោក សម រង្ស៊ី អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសមួយចំនួននៅក្បែរខាងប្រទេសកម្ពុជាដូចជាប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េខាងត្បូង ឬ ក៏ប្រទេសថៃជាដើម ដើម្បីជួបជាមួយក្រុមកម្មករ និងពលករ និងអ្នកគាំទ្រដែលមានសមានចិត្តចំពោះការដឹកនាំនយោបាយរបស់លោក ប៉ុន្តែលោកទំនងជាមិនប្រថុយឲ្យមានការចាប់ខ្លួននោះទេ។
ហើយការរារាំងនានាពីប្រទេសដែលលោកឆ្លងកាត់ឬការបដិសេធរបស់ក្រុមហ៊ុនយន្តហោះឲ្យលោកធ្វើការហោះហើរ អាចជាមូលហេតុសមស្របដែលបញ្ជាក់ថាការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាត្រូវជួបឧបសគ្គ។ ហើយលោក សម រង្ស៊ី នឹងត្រូវលើកពេលនៃការនិវត្តន៍របស់ខ្លួន៕