ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​សាមញ្ញ ស្នើឲ្យ​មាន​ការផ្សះផ្សា​ខាង​នយោបាយ​ដើម្បី​ប្រយោជន៍​ជាតិ


រូបឯកសារ៖ ពលរដ្ឋ​​ធ្វើចរាចរណ៍​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។
រូបឯកសារ៖ ពលរដ្ឋ​​ធ្វើចរាចរណ៍​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ផ្ដល់​ទស្សនៈ​ចម្រុះ​ចំពោះ​ការត្រៀម​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មក​កម្ពុជា។ ពលរដ្ឋ​ខ្លះ​បង្ហាញ​ការបារម្ភ​ថា នឹង​អាច​មាន​ស្ថានការណ៍​ច្របូកច្របល់​កើត​ឡើង​ បើ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ មក​ដោយ​គ្មាន​ការធានា​សន្តិសុខ​ពី​រដ្ឋ​អំណាច​នៅ​កម្ពុជា។

អង្គុយលើ​ម៉ូតូ​កង់​បី​ឥណ្ឌានៅតាម​បណ្ដោយ​ផ្លូវ​មួយ​ក្នុង​ខណ្ឌ​ទួល​គោក​ លោក សាន និមល​ វ័យ​៣១​ឆ្នាំ​ បារម្ភ​អំពី​ភាព​ច្របូកច្របល់​ដែល​អាច​កើត​មាន​ ប្រសិន​បើ​លោក ​សម រង្ស៊ី ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។

លោក ​និមល បារម្ភ​ពី​អំពើ​ហិង្សា​ប្រសិន​បើ​មា​ន​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី។

«រឿង​ហ្នឹង​បើ​គាត់​មក​ដោយ​សន្តិវិធី​ គេ​អត់​ចាប់​ អត់​អី​ អា​ហ្នឹង​ វា​ដោះស្រាយ​តាម​ដំណាក់​កាល​វា​បាន​ហើយ​ តែ​តែ​មក​ខ្លាច​គេ​ប្រើ​អំពើ​ហិង្សា​ គេ​ចាប់​គេ​អី​ អ៊ីចឹង​ វា​ដោះស្រាយ​ វា​អត់​ចេញ​ ហើយ​វា​ពិបាក​តែ​ប្រជាពលរដ្ឋ​ ដូច​ពួក​ខ្ញុំ​ក៏​ពិបាក​ រកស៊ី​រក​អី​ដែរ​អ៊ីចឹង»។

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា ខាងមុខ។ ប៉ុន្តែ​ រដ្ឋាភិបាល​ បាន​ព្រមាន​ទុក​ជាមុន​ថា​លោក​នឹង​ប្រឈម​នឹង​ការ​ចាប់​ខ្លួនក្រោម​ការ​ចោទ​ប្រកាន់​អំពី​បទ​ឧក្រិដ្ឋ​ជា​ច្រើន។

លោក សាន និមល មិនទាន់​ជឿ​ថា​ លោក​ សម រង្ស៊ី​ អាច​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​បាន​នោះ​ទេ​ដោយ​សារ​ លោក​សម រង្ស៊ី ​អាច​ភ័យ​ខ្លាច​ថា​ លោក​នឹង​ត្រូវ​គេ​ចាប់​ដាក់​មន្ទីរ​ឃុំឃាំង។

យ៉ាង​ណា​ក៏​ដោយ​ យុវជន​ម្នាក់ ដែល​ទំនង​ជា​អ្នក​គាំ​ទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ​គិត​ថា​ចលនា​មហាជន​អាច​នឹង​ប្រមូល​ផ្ដុំ​គ្នា​ទៅ​ទទួល​លោក សម រង្ស៊ី ដោយ​ស្ម័គ្រ​ចិត្ត​ ប្រសិន​បើ​លោក​អាច​វិល​ចូល​ប្រទេស​កម្ពុជា​បាន​ពិត​ប្រាកដ​មែន។

យុវជន​រូប​នេះ​ហាក់​ដូចជា​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​មាតុភូមិ​និវត្ត​របស់​មេដឹកនាំ​ប្រឆាំង​រូប​នេះ។

«គាត់​និយាយ​ថា​មក​ ទឹក​ដី​ខ្មែរ​បាត់​បង់​មាន​ប៉ុន្មាន​ គាត់​នឹង​យក​វិញ​ឲ្យអស់។ ហើយ​រឿង​ការងារ​នៅ​ស្រុក​ខ្មែរ​នេះ​ ក៏បាន​ប្រាក់​ខែ​ឡើង​ថ្លៃ​អ៊ីចឹង​ ខ្ពស់​ជាង​មុន​អ៊ីចឹង​...ខ្ញុំ​គិត​ថា​ បើ​ប្ដូរ​ឲ្យ​គាត់​កាន់​កាប់​មួយ​អាណត្តិ​ទៅ​ តើ​ដូច​អ្វី​ដែល​គាត់​និយាយ​រីកចម្រើន​ ដូច​គាត់​និយាយ​អត់។ បើ​សិន​ជា​គាត់​កាន់​មួយ​អាណត្តិ​ហ្នឹង​ហើយ​ គាត់​នៅ​តែ ចាញ់​សម្ដេច​ផង​ ឲ្យ​គាត់​ចុះ​ចេញ​ គាត់​ចុះ​ចេញ​ខ្លួន​ឯង​ហើយ មាន​អ្នក​ណា​ចូលចិត្ត​គាំទ្រ​ទៀត​ទេ»។

យ៉ាងណាក៏ដោយ អ្នកស្រី ​អឿន សុវណ្ណារី​ អាជីវករ​លក់​វត្ថុ​អនុស្សាវរីយ៍នៅ​ផ្សា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ ហាក់​ដូចជា​មិន​ផ្ដោត​អារម្មណ៍​ខ្លាំង​លើ​វត្តមាន​លោក​ សម រង្ស៊ី នោះ​ទេ។

«បង​អត់​ដែល​បាន​គិត​ផង​ និយាយ​ទៅ​បង​អត់​សូវ​បាន​គិត​ ណាស់​ណា​អូន​ ចង់​និយាយ​អ៊ីចឹង។ បង​គិត​ថា​ ទី​មួយ​បង​ចង់​តែ​ឲ្យ​មាន​ភ្ញៀវ​ច្រើន​មក។ កាលណា​មាន​ភ្ញៀវ​ច្រើន​ទៅ​ យើង​លក់​ដូរ​វា​ចេះ​តែ​បាន​អ៊ីចឹង​ទៅ។ ទីពីរ​ ចង់​ឲ្យ​ថា​សុខ​ទៅ​ដំណើរ​ការ​រលូន​ចឹង​ចឹង​ចុះ​ណា៎ អត់​ចង់​ឲ្យ​មាន​ភាព​រកាំរកូស​ អី​ទេ​ ចង់និយាយ​អ៊ីចឹង​ណា៎​ហ្នឹង»។​

គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​នេះ នៅ​សល់​តែ​ប្រមាណ​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ដែល​ត្រូវ​ដល់​ពេល​កំណត់​ដែល​លោក​ សម រង្ស៊ី ប្រកាស​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​របស់​លោក ធ្លាប់​បាន​ប្រកាសពី​ការ​ត្រៀមកង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ទប់​ស្កាត់​ការ​និវត្ត​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ។

អ្នកស្រី សុខ សាន​ អាជីវករ​មួយ​រូប​ទៀត​វ័យ​៤០​ឆ្នាំ​ លើកឡើង​ថា​បើ​ទោះជា​អ្នក​ស្រី​មិន​ដឹង​ច្បាស់​ថា​លោក​ សម រង្ស៊ី វិល​មក​កម្ពុជា​បាន​ឬ​យ៉ាងណា ក៏​អ្នក​ស្រី​រំពឹង​ថា​ប្រសិន​បើ​លោក​សម រង្ស៊ី អាច​វិល​មក​កម្ពុជា​វិញ និង​អាច​ចាប់​ផ្ដើម​ការ​ធ្វើ​នយោបាយ​ឡើងវិញ នោះ​ប្រហែល​ជា​មេ​ដឹក​នាំបក្ស​ប្រឆាំង​រូប​នេះ​អាចជួយ​ដោះស្រាយ​វិវាទ​រឿង​ដី​ធ្លី​របស់​ប្រជា​ពល​រដ្ឋ​បាន។

ទោះ​ជា​យ៉ាង​ណាក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​វីអូអេ បាន​ជួប​សម្ភាសន៍​នៅ​ថ្ងៃ​នេះ ចង់​ឃើញ​មាន​ការ​សម្រប​សម្រួល​គ្នា​រវាង​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បញ្ចប់​ការ​វិវាទ​នយោបាយ​រវាង​គ្នា។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ ជឿជាក់​ថា​ ការ​ទម្លុះ​ភាព​តានតឹង​ខាង​នយោបាយ​ដែល​មាន​ពេល​បច្ចុប្បន្ន​នេះ​ អាច​នឹង​ធ្វើ​បាន​ ប្រសិន​បើ​ភាគី​ជម្លោះ​នយោបាយ​នីមួយៗ​បន្ទន់​ជំហរ​ផ្ដើម​ឲ្យ​មានការ​សន្ទនា​គ្នា​ឡើងវិញ។

«គេ​ចង់​ឲ្យ​យើង​ដែល​អ្នកនយោបាយ​ អ្នក​ដឹក​នាំ​ បង្រួបបង្រួម​គ្នា​បាទ។ ហើយ​គឺ​ដោះស្រាយ​បញ្ហា​ហ្នឹង​ទៅ​ មាន​ស្អី»។

ជាមួយ​គ្នា​នេះ​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែលបាន​ផ្ដល់​បទសម្ភាសន៍​ដល់​វីអូអេ ​យល់​ថា​បរិយាកាស​នយោបាយ​ស្ងប់ស្ងាត់​នឹង​ជួយ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ការ​ប្រកប​របរ​ទទួល​ទាន​របស់​ពួកគេ៕

XS
SM
MD
LG