ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ផ្ញើ​ប្រាក់ Western Union ចាប់ផ្តើម​ដំណើរ​ការ​ឡើង​វិញ​ពី​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​គុយបា


រូបឯកសារ៖ អតិថិជនម្នាក់ដើរចេញពីកន្លែងផ្ញើឬផ្ទេរប្រាក់របស់ក្រុមហ៊ុន Western Union នៅទីក្រុង Havana នៃប្រទេសគុយបា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០។
រូបឯកសារ៖ អតិថិជនម្នាក់ដើរចេញពីកន្លែងផ្ញើឬផ្ទេរប្រាក់របស់ក្រុមហ៊ុន Western Union នៅទីក្រុង Havana នៃប្រទេសគុយបា កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០។

ក្រុមហ៊ុន​ផ្ញើប្រាក់ Western Union បាន​ប្រកាស​កាល​ពី​ថ្ងៃ​ពុធកន្លង​ទៅថា ​ខ្លួន​នឹង​បើកដំណើរការ​ឡើង​វិញ​នូវ​សេវាកម្ម​ផ្ញើ​ឬ​ផ្ទេរ​ប្រាក់​ពី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេសគុយបា ដែលត្រូវ​បាន​ផ្អាក​អស់​រយៈពេល​ពីរ​ឆ្នាំ​ បន្ទាប់ពីការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ផ្ញើ​ប្រាក់​ដែល​មាន​មូលដ្ឋាននៅ​សហរដ្ឋ​អាមេរិក​នេះ ត្រូវ​បិទការប្រតិបត្តិការ​របស់​ខ្លួន​ជាមួយប្រទេស​កុម្មុយនីស្ត​មួយ​នេះ។ នេះបើតាម​សេចក្តីរាយការណ៍របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ការបើក​ដំណើរការឡើង​វិញ​នូវ​សេវាកម្ម​ផ្ទេរ​ប្រាក់ពី​សហរដ្ឋ​អាមេរិក​ទៅកាន់​ប្រទេស​គុយបា​នៅ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​នៅ​ឡើយ។ នេះបើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុនផ្ញើប្រាក់​នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​គេ​ ដោយ​ថ្លែង​ថា ​អ្នក​ផ្ញើ​ឬ​ផ្ទេរប្រាក់​ពី​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​កំណត់​មិន​ឱ្យ​ផ្ញើ​ហួស​ពី​ ២.០០០ ដុល្លារ​អាមេរិក​ទេ​ ក្នុង​មួយ​ថ្ងៃ​ ហើយ​អាច​ធ្វើ​ការផ្ញើ​ឬ​ផ្ទេរ​ប្រាក់​បាន​ នៅតាម​ទីកន្លែង​កំណត់មួយ​ចំនួន​ប៉ុណ្ណោះ​ក្នុង​ទីក្រុង Miami នៃ​រដ្ឋ Florida សហរដ្ឋ​អាមេរិក។

ប្រធានក្រុមហ៊ុន​ផ្ញើ​ប្រាក់ Western Union ប្រចាំ​ទ្វីបអាមេរិក​ខាង​ជើង​លោក Gabriella Fitzgerald បាន​និយាយ​ថា៖ «ទំនាក់​ទំនងដ៏​ជិតស្និទ្ធ​រវាងអតិថិជនក្នុង​សហរដ្ឋអាមេរិក​ និង​ក្រុមគ្រួសារ​សាច់ញាតិរបស់​គេ​ក្នុង​ប្រទេស​គុយបា​ ក៏​ដូច​ជា​សេវាកម្មរបស់​ក្រុមហ៊ុន​យើង ​ដែល​បាន​ជួយ​ធ្វើ​ឱ្យ​ជីវភាពពលរដ្ឋ​កាន់​តែ​ប្រសើរ​នោះ​ មាន​ភាពទាក់​ទង​គ្នា​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ។ យើង​មាន​ក្តី​សប្បាយ​រីករាយ​ ក្នុង​ការ​ផ្តល់ទំនាក់​ទំនង​ដ៏​ជិតស្និទ​្ធនេះ​ឡើង​វិញ​ជា​ថ្មី​ម្តង​ទៀត​ សម្រាប់​អតិថិជន​របស់​យើង»។

គុយបា​កំពុង​ប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ចដ៏​ធ្ងន់ធ្ងរ​ចាប់តាំង​ពីទសវត្សរ៍​ ១៩៩០​ មក​ ហើយ​ពលរដ្ឋរបស់​ខ្លួនក្នុង​ចំនួន​ដ៏ច្រើន​ដែល​មិន​ធ្លាប់មាន​ពី​មុន​បាន​ចាកចេញ​ពី​ប្រទេស​នេះ​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ប្រាក់​ដែលផ្ញើ​ពី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​គុយបា​នោះ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មាន​ចំនូនប្រមាណ ៦ ភាគរយ​នៃ​ចំនួន​ផល​ទុន​សរុប GDP របស់​គុយបា​ទាំង​មូលរហូត​ដល់​ឆ្នាំ ២០២០ កន្លង​ទៅ​នៅ​ពេលដែល​រដ្ឋបាលរបស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ហ៊ុន​ផ្ញើ​ប្រាក់ Fincimex ដែល​ជា​ក្រុមហ៊ុនដៃគូផ្ញើ​ប្រាក់​របស់​ក្រុមហ៊ុន Western Union នៅ​ក្នុង​ប្រទេស​គុយបា​ ដោយ​ចោទ​ប្រកាន់​ក្រុមហ៊ុន​នេះ​ថា​បាន​ជួយដល់​ក្រុមយោធា​របស់ប្រទេស​នេះ៕

XS
SM
MD
LG