វ៉ាស៊ីនតោន — សហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួននឹងបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរទៅកាន់ប្រទេសគុយបាដែលត្រូវបានធ្វើឡើងដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump និងការផ្ញើប្រាក់ទៅឱ្យក្រុមគ្រួសាររវាងសហរដ្ឋអាមេរិកនិងប្រទេសកោះកុម្មុយនីស្តមួយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការបរទសសហរដ្ឋអាមេរិកបានឲ្យដឹងថា៖ «ពលរដ្ឋគុយបា កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសនេះ ហើយគោលនយោបាយរបស់យើង នឹងបន្តផ្តោតទៅលើការផ្តល់អំណាចទៅឱ្យពលរដ្ឋគុយបា ដើម្បីជួយពួកគេក្នុងការបង្កើតនូវអនាគតមួយដែលគ្មានការគាបសង្កត់ជិះជាន់និងការរងទុក្ខវេទនាដោយសារវិបត្តិសេដ្ឋកិច្ចនោះ»។
ការបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើប្រទេសគុយបា គឺការបង្កើនដំណើរការផ្តល់ទិដ្ឋាការដល់ពលរដ្ឋគុយបាដែលត្រូវផ្តល់ដោយស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងរដ្ឋធានីឡាហាវ៉ាននៃប្រទេសគុយបា ក៏ប៉ុន្តែទិដ្ឋាការភាគច្រើននៅតែត្រូវបានចេញដោយស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសហ្គីយ៉ានដដែល។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបានបន្ថែមទៀតថា៖ «អាមេរិកនឹងជួយសម្រួលដល់ការភ្ចាប់ទំនាក់ទំនងអប់រំរវាងប្រទេសទាំងពីរ ក៏ដូចជាគាំទ្រដល់ការសិក្សាស្រាវជ្រាវមុខជំនាញមួយចំនួន រួមមានការជួយពង្រីកការប្រើប្រាស់សេវាអ៊ីនធឺណិតនិងជួយដល់ក្រុមហ៊ុនផ្ញើលុយទៅឱ្យក្រុមគ្រួសារគុយបាផងដែរ។
រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានបង្ហោះសារលើ Twitter ដោយនិយាយថា នេះជាចំណាត់ការក្នុងជំហានដ៏តូចមួយក្នុងទិសដៅដ៏ត្រឹមត្រូវ ប៉ុន្តែលោកបានលើកឡើងថា វាមិនមែនជាការកែសម្រួលលើការដាក់ទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានធ្វើមកលើប្រទេសគុយបា ចាប់តាំងពីឆ្នាំ ១៩៦២ មកនោះទេ។
ដោយឡែក សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយរូបនៃគណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតី Joe Biden គឺលោក Bob Menendez ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់ព្រឹទ្ធសភាអាមេរិកផងនោះ បានថ្កោលទោសការដកចេញនូវបម្រាមមួយចំនួនលើប្រទេសគុយបា ដោយលោកបាននិយាយថា របបគុយបាបានបន្តធ្វើបាបគ្មានត្រាប្រណីលើពលរដ្ឋគុយបារាប់មិនអស់ពីគ្រប់ស្រទាប់វណ្ណៈ បន្ទាប់ពីមានការប្រឆាំងតវ៉ានៅតាមដងផ្លូវកាលពីឆ្នាំ ២០២១ កន្លងទៅ។
លោកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការបន្ធូរបន្ថយដល់ការធ្វើដំណើរជាការបញ្ជូនសារមួយដ៏ខុសឆ្គងទៅឱ្យមនុស្សដែលបានប្រព្រឹត្តខុសនៅចំពេលវេលាមិនត្រឹមត្រូវនិងនៅក្នុងហេតុផលមិនត្រឹមត្រូវ។ អ្នកដែលជឿថា ការបង្កើនការធ្វើដំណើរនឹងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសគុយមានភាពប្រសើរនោះ ជាការខុសស្រឡះ។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ពិភពលោកបានធ្វើដំណើរទៅកាន់គុយបា ក៏ប៉ុន្តែពុំមានអ្វីផ្លាស់ប្តូរនោះឡើយ»៕