សហរដ្ឋអាមេរិកនឹងពិនិត្យមើលនូវលទ្ធភាពនៃការបន្តកិច្ចព្រមព្រៀងជនចំណាកស្រុកឡើងវិញជាមួយប្រទេសគុយបា។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន មុនការចរចារវាងសហរដ្ឋអាមេរិកនិងគុយបានៅក្នុងសប្តាហ៍នេះស្តីពីការព្រួយកង្វល់នៃជនចំណាកស្រុក។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកលោក Alejandro Mayorkas បាននិយាយនៅក្នុងសន្និសីទសារព័ត៌នៅក្នុងប្រទេសប៉ាណាម៉ាកាលពីថ្ងៃពុធម្សិលមិញថា «យើងមានកិច្ចព្រមព្រៀងជនចំណាកស្រុកមួយចំនួនជាមួយគុយបាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កិច្ចព្រមព្រៀងទាំងនោះត្រូវបានផ្អាកក្នុងពេលកន្លងទៅ ហើយយើងនឹងពិនិត្យមើលឡើងវិញនូវលទ្ធភាពដើម្បីអនុវត្តកិច្ចព្រមព្រៀងទាំងនេះវិញ»។
លោកបន្ថែមទៀតថា «នេះជាការឆ្លុះបញ្ជាំងនូវការតាំងចិត្តរបស់យើងលើវិធីដោះស្រាយប្រកបដោយលក្ខណៈមនុស្សធម៌ ផ្លូវច្បាប់ និងរបៀបរៀបរយដែលនឹងមិនធ្វើឲ្យក្រុមបុគ្គលទាំងនោះដែលរួមមានទាំងជនជាតិគុយបាផងដែរធ្វើចំណាកស្រុកដោយឆ្លងសមុទ្រដែលប្រឈមនឹងគ្រោះថ្នាក់ដ៏ខ្លាំងនោះឡើយ។
មន្ត្រីសហរដ្ឋអាមេរិកមួយចំនួនលើកឡើងថា គេឃើញមានការកើនឡើងខុសពីធម្មតានូវជនចំណាកស្រុកគុយបាដែលគ្មានឯកសារត្រឹមត្រូវចូលមកកាន់សហរដ្ឋអាមេរិកតាមផ្លូវគោកនិងផ្លូវទឹក។ ជនចំណាកស្រុកមកពីប្រទេសគុយបាត្រូវបានចាត់ទុកមានចំនួនច្រើនជាងក្នុងលំដាប់ថ្នាក់ទី២ ហើយដែលបានមកដល់ព្រំដែនប្រទេសម៉ិកស៊ិកដែលនៅជាប់សហរដ្ឋអាមេរិក។
គុយបាបាននិយាយថា ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិកនិងការបិទការិយាល័យកុងស៊ុលអាមេរិកនៅក្នុងរដ្ឋធានីឡាហាវ៉ាននៃប្រទេសគុយបានោះ ស្ថិតក្នុងចំណោមហេតុផលមួយចំនួនដែលបណ្តាលឲ្យមានជនចំណាកស្រុកគុយបាកើនឡើងខ្លាំងខុសពីធម្មតាដោយពួកគេបានជ្រើសរើសផ្លូវប្រកបដោយគ្រោះថ្នាក់ដើម្បីមកកាន់ទឹកដីសហរដ្ឋអាមេរិក។
កាលពីខែមីនាកន្លងទៅ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនបានបន្តដំណើរការផ្តល់ទិដ្ឋាការដោយមានកម្រិតដល់ជនជាតិគុយបាមួយចំនួនដើម្បីជួយសម្រួលដល់ការចូលរូមរបស់សង្គមស៊ីវិល អ្នកការទូត និងការជួបជុំគ្រួសារឡើងវិញ។
ស្ថានទូតអាមេរិកក្នុងរដ្ឋធានីឡាហាវ៉ានរបស់គុយបាបានចាប់ផ្តើមផ្តល់ទិដ្ឋាការអន្តោប្រវេសន៍ក្នុងចំនួនដែលមានកម្រិត។
រដ្ឋមន្តី្រក្រសួងសន្តិសុខមាតុភូមិអាមេរិកលោក Mayorkas និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់ប្រទេសប៉ាណាម៉ាដើម្បីចូលរួមសន្និសីទកំពូលជាមួយមន្ត្រីនានាមកពីប្រទេសជាង២០ដើម្បីពិភាក្សាអំពីបញ្ហាជនចំណាកស្រុកនិងបញ្ហាផ្សេងទៀតនៅក្នុងតំបន់។
ប្រទេសប៉ាណាម៉ាបានក្លាយជាតំបន់ឆ្លងកាត់ដ៏សំខាន់សម្រាប់ជនចំណាកស្រុកដែលព្យាយាមមកកាន់សហរដ្ឋអាមេរិក។ កិច្ចប្រជុំនេះកើតមានឡើងស្របពេលដែលសហរដ្ឋអាមេរិកកំពុងដោះស្រាយបញ្ហាជនចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវដែលមានចំនួនកាន់តែច្រើនឡើងហើយបានព្យាយាមធ្វើដំណើរមកកាន់ព្រំដែនម៉ិកស៊ិកដែលនៅជាប់នឹងសហរដ្ឋអាមេរិក។
លោក Blinken បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់កាន់តែខ្លាំងថែមទៀតដើម្បីដោះស្រាយបញ្ហាជនចំណាកស្រុកនិងជនភៀសខ្លួន៕
សហរដ្ឋអាមេរិកនឹងពិនិត្យមើលការបន្តកិច្ចព្រមព្រៀងជនចំណាកស្រុកឡើងវិញជាមួយគុយបា
រដ្ឋធានីវ៉ាស៊ីនតោន —