ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តា​ប្រទេស​ប្រជាធិប​តេយ្យ​អំពាវនាវ​​ឱ្យ​កម្ពុជា​ស្តារ​សេរីភាព​នយោបាយ ដោយ​គោរព​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស


រូបឯកសារ៖ ពលរដ្ឋលំហែកាយនៅមុខព្រះរាជបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN Sothy / AFP)
រូបឯកសារ៖ ពលរដ្ឋលំហែកាយនៅមុខព្រះរាជបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN Sothy / AFP)

បណ្តា​ប្រទេស​ដែល​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​មួយ​ចំនួន​បាន​បង្ហាញ​ការ​សោក​ស្តាយ​និង​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ក្រោយ​កម្ពុជា​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ ដោយ​អវត្តមាន​គណបក្ស​ជំទាស់។ ពួកគេ​មួយ​ចំនួន​បាន​ជំរុញឱ្យ​កម្ពុជា​ស្តារ​ស្ថានការណ៍​ឡើង​វិញ ​ឱ្យ​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសឆ្នាំ ១៩៩១ ​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​លើក​ឡើង​ថា​ បារាំង​សោក​ស្តាយ​ដែល​ការ​បោះ​ឆ្នោតកាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​កក្កដា មិន​មាន​គណបក្ស​ជំទាស់ គឺ​គណបក្ស​ភ្លើង​ទៀន។


ស្ថានទូត​បារាំង​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «យើង​អំពាវ​នាវឱ្យ​មាន​ការ​ដោះ​លែង​សមាជិក​គណបក្ស​ជំទាស់​ដែល​ឃុំ​ខ្លួន និង​ជំរុញឱ្យ​អាជ្ញាធរ​កម្ពុជា​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​ចាំបាច់​ ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​ ស្រប​តាម​គោល​ការណ៍​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា»។

ចំណែក​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​លើក​ឡើង​ថា ​ការ​បោះ​ឆ្នោត​នេះ​កើត​ឡើង​ ខណៈ​មាន​បរិយាកាស​នយោបាយ​រឹត​បន្តឹង ហើយ​ប្រជាពលរដ្ឋ​មិន​មាន​ជម្រើស​ពិត​ប្រាកដ​ក្នុង​ការ​គូស​សន្លឹក​ឆ្នោត។ អាល្លឺម៉ង់​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «យើង​សោក​ស្តាយ​ដែល​គណបក្ស​ជំទាស់​ធំជាង​គេ​មិន​ត្រូវ​បាន​អនុញ្ញាតឱ្យ​ចុះ​បញ្ជី​សម្រាប់​ការ​បោះ​ឆ្នោត​មួយ​នេះ»។

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា៖ «ដូច្នេះ​យើង​ជំរុញឱ្យ​សមាជិក​សភា ដែល​ត្រូវ​បាន​ជ្រើស​រើស​ថ្មី​ និង​រដ្ឋាភិបាល​កម្ពុជា[អាណត្តិ]​ថ្មី​ស្តារ​ស្ថានភាព​ទាំង​ស្រុង​សម្រាប់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មាន​ចម្រុះ​គណបក្ស និង​គោរព​សិទ្ធិ​មនុស្ស ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​ស្របតាម​ការ​ប្តេជ្ញា​របស់​កម្ពុជា ក្រោម​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។

កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា និង​នាំ​កម្ពុជា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ។ កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៣។

ក្រោយ​ការ​បោះ​ឆ្នោត សហភាព​អឺរ៉ុប​ក៏​បាន​លើក​ឡើង​ថា​ ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ធ្វើ​ឡើង​ក្នុង​ស្ថានភាព​នយោបាយ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​មាន​ការ​រឹត​បន្តឹង។ សហភាព​អឺរ៉ុប​បញ្ជាក់​ថា ​ខ្លួន​មាន​ការ​សោក​ស្តាយ​ដែល​គណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត។

សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជាឱ្យ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា រដ្ឋធម្មនុញ្ញ​របស់​ខ្លួន និង​ស្តង់ដារ​អន្តរ​ជាតិ​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀង។

មន្ត្រី​បោះឆ្នោតរាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។
មន្ត្រី​បោះឆ្នោតរាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

ចំណែក​ស្ថានទូត​កាណាដា​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សារ​បង្ហោះ​លើ​បណ្តាញ Twitter របស់​ខ្លួន​ថា​ ជាមួយ​នឹង​ការ​បន្ត​គំរាម​កំហែង​គណបក្ស​ជំទាស់ អ្នក​បោះ​ឆ្នោត​កម្ពុជា​មិន​មាន​ជម្រើស​ពិត​ប្រាកដ​សម្រាប់​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃ​ទី​ ២៣ ខែកក្កដា​ឡើយ។ ស្ថាន​ទូត​បន្ថែម​ថា ​រដ្ឋាភិបាល​កាណាដា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា។


កាណដា​បញ្ជាក់​ថា៖ «កាណាដា​នៅ​បន្ត​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជាឱ្យ​កែ​ប្រែ​ស្ថានភាព​វិញ ដោយ​ដោះ​លែង​អ្នក​ទោស​នយោបាយ ការ​ពារ​អង្គការ​សង្គម​ស៊ីវិល ធានា​សេរីភាព​សារព័ត៌មាន និង​អនុញ្ញាតឱ្យ​មាន​ការ​ចូលរួម​ផ្នែក​នយោបាយ ប្រកប​ដោយ​អត្ថន័យ»។

រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ក៏​សម្តែង​ការ​សោក​ស្តាយ​ដូចគ្នា ដោយ​លើក​ឡើង​ថា​ ការ​បោះ​ឆ្នោត​នេះ​មិន​សេរី និង​យុត្តិធម៌​ឡើយ។

រដ្ឋាភិបាល​អូស្ត្រា​លី​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដោយ​មិន​អនុញ្ញាតឱ្យ​គណបក្ស​ជំទាស់​ចូលរួម​ការ​បោះ​ឆ្នោត និង​ការ​ដាក់​គំនាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ស្ថានទូត​បញ្ជាក់​ថា​ ប្រជាជន​កម្ពុជា​មិន​មាន​ជម្រើស​ពិត​ប្រាកដ​ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំ​ប្រទេស​ឡើយ។

ចំណែក​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ការ​បោះឆ្នោត​មួយ​នេះ​ «មិន​សេរី និង​យុត្តិធម៌»​ឡើយ ដោយ​សារ​តែ​មាន​ការ​គំរាម​កំហែង​ និង​យាយី​ជា​បន្តបន្ទាប់​មក​លើ​គណក្ស​ប្រឆាំង​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល។ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​នឹង​ដាក់​ទណ្ឌកម្ម​តាម​រយៈ​ការ​រឹតត្បិត​ទិដ្ឋាការ​លើ​បុគ្គល​មួយ​ចំនួន​ ដែល​អាមេរិក​ចាត់​ទុក​ថា​បាន​ចូល​រួម​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រម​ទាំង​នឹង​ផ្អាក​កម្ម​វិធី​ជំនួយ​បរទេស​មួយ​ចំនួន​ផង​ដែរ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ផៃ ស៊ីផាន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​លើកឡើ​ងរបស់​បណ្តា​ប្រទេស​ទាំង​នោះ​ជា​ការ​យក​កម្ពុជា​ទៅ​ប្រៀប​ជាមួយ​ប្រទេស​របស់​ពួកគេ​ ដោយ​ថា​ ប្រទេស​ទាំង​នោះ​មិន​យល់​ពី​កម្ពុជា​ឡើយ។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​អំពី​ទំនាក់ទនង​ខ្មែរ-ចិន ក្រោយ​ពី​មាន​ការ​រិះគន់​ពី​សាធារណជន​ទូទៅ ទៅលើ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​នៅ​កម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​អំពី​ទំនាក់ទនង​ខ្មែរ-ចិន ក្រោយ​ពី​មាន​ការ​រិះគន់​ពី​សាធារណជន​ទូទៅ ទៅលើ​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន​នៅ​កម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)


លោក​បញ្ជាក់​ថា៖ «ដូច្នេះ​ការ​លើក​ឡើង​របស់​បរទេស ខ្ញុំមិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​ ពីព្រោះ​គេ​អត់​ស្គាល់​ខ្មែរ​ច្បាស់។ គេ​ចង់​បាន​អ្វី​ដែល​គេ​ចង់​បាន​ ក៏​ប៉ុន្តែ​គេ​ភ្លេច​គិត​ថា​ កម្ពុជា​កំពុង​តែ​ដើរ​ទៅ​តាម​ផ្លូវ​ហ្នឹង​ គឺ​យើ​ងបាន​សម្រច​ប្តេជ្ញាចិត្ត​កសាង​លទ្ធិ​ប្រជាធិប​តេយ្យ​បែប​កម្ពុជា​អាហ្នឹង​ទី​ ១។ ទី​ ២ ​ថ្នាក់​ជាតិ​យើង​កសាង​នូវ​វប្បធម៌​និង​ទម្លាប់​នៃ​យន្តការ​និង​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ ដែល​យើង​ធ្វើ​ឥត​មាន​អាក់​ខាន​នូវ​អាណត្តិ​ណាមួយ​ គួរ​ឱ្យ​តម្លៃ​ទៅ​កន្លែ​ងហ្នឹង»។

ទោះ​មាន​ការ​រិះគន់​ពី​បណ្តា​ប្រទេស​ប្រជាធិប​តេយ្យ​មួយ​ចំនួន ប្រទេស​ចិន​បាន​បាន​សម្តែង​ការ​អបអរ​សាទរ។

កាល​ពី​ថ្ងៃ​ចន្ទ ស្ថានទូត​ចិន​បាន​បង្ហោះ​សម្តី​របស់​អ្នកស្រី Mao Ning អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​មួយ​ថា៖ «ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ និង​មិត្តភក្តិ​ល្អ ប្រទេស​ចិន​សូម​សម្តែង​ការ​អប​អរ​សាទរ​យ៉ាង​កក់​ក្តៅ​ចំពោះ​ការ​ដែល​ប្រទេស​កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី ៧ ដោយ​រលូន ក៏​ដូចជា​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន និង​សូម​សម្តែង​ការ​អបអរ​សាទរ​ជាមុន​ចំពោះ​ប្រទេស​កម្ពុជា​ឱ្យ​បង្កើត​រដ្ឋសភា​និង​រដ្ឋាភិបាលអាណត្តិ​ថ្មី​ដោយ​រលូន»។

អ្នក​នាំពាក្យ​រូប​នោះ​បញ្ជាក់​ថា ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ក្រោម​ការណែនាំ​ជា​យុទ្ធសាស្ត្រ​របស់​ថ្នាក់​ដឹកនាំនៃ​ប្រទេស​ទាំង​ពីរ ទំនាក់​ទំនង​រវាង​ចិន-កម្ពុជា «មាន​ការ​កើន​ឡើង​យ៉ាង​ល្អ ភាគី​ទាំង​ពីរ​មាន​ការ​ជឿ​ទុក​ចិត្ត​គ្នា​ខ្ពស់​ទៅ​វិញ​ទៅ​មក កិច្ចសហ​ប្រតិបត្តិ​ការ​មាន​ភាព​ស្អិត​រមួត និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក...»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត​ ប្រាប់​វីអូអេ​ថា​ លោក​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​លោក​លិច​និង​កម្ពុជា​លើ​ការ​បោះ​ឆ្នោត។ លោក​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពិនិត្យ​មើល​ចំពោះ​ការ​ស្នើ​សុំ​របស់​ប្រទេស​ទាំង​នោះ។

លោក​ប្រាប់​វីអូអេ​ថា៖ «កម្ពុជា​យើ​ង​គួរ​តែ​ពិនិត្យ​លើ​អនុសាសន៍​របស់​គេ​ ទាក់ទង​នឹង​ការ​បើក​លំហ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ធ្វើការ​កែ​លម្អ​ទៅ​លើ​បញ្ហា​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ក៏ដូច​ជា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ អាហ្នឹង​ជា​ផល​ចំណេញ​សម្រាប់​កម្ពុជា​យើង។ បើ​មិន​អ៊ីចឹង​ទេ យើង​មាន​ការ​ព្រួយ​បារម្ភ​ថា​ ខ្លាច​លោ​វា​មាន​ផល​ប៉ះពាល់​ពាក់ព័ន្ធ​ជាមួយ​ EBA និងGPS ហ្នឹង​តទៅ​ទៀត​ ក៏​ដូច​ជា​ការ​រិះ​គន់​ពី​សហគមន៍​អន្តរជាតិ​បន្ត​ទៀត»។

គួរ​បញ្ជាក់​ថា​ ក្រសួង​ការបរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ​បាន​លើក​ឡើង​ថា​ ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​ ២០២៣ «ឆ្លុះ​បញ្ចាំង​យ៉ាង​ពិត​ប្រាកដ​ពី​ភាព​ចាស់​ទុំ​ខាង​ប្រជាធិបតេយ្យ​របស់​កម្ពុជា» ហើយ​ការ​បោះ​ឆ្នោត​មួយ​នេះ​ មាន​ «អត្រា​ខ្ពស់​នៃ​អ្នក​ចូលរួម​បោះ​ឆ្នោត​បង្ហាញ​ពី​ប្រជាធិបតេយ្យ​ដ៏​រស់​រវើក»។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ៕

XS
SM
MD
LG