ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ចិន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​បំពាន​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​​កំណត់​ចំណាំ​មុខ


រូបឯកសារ៖ អ្នកចូលរួមត្រូវបានកំណត់សណ្ឋានមុខដោយបច្ចេកវិទ្យាកំណត់សណ្ឋានមុខផលិតដោយក្រុមហ៊ុនផលិតគ្រឿងឧបករណ៍តាមដាន Hikvision នៅ​ពិព័រណ៍សន្តិសុខចិនឆ្នាំ ២០១៨ នៅ​ក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។
រូបឯកសារ៖ អ្នកចូលរួមត្រូវបានកំណត់សណ្ឋានមុខដោយបច្ចេកវិទ្យាកំណត់សណ្ឋានមុខផលិតដោយក្រុមហ៊ុនផលិតគ្រឿងឧបករណ៍តាមដាន Hikvision នៅ​ពិព័រណ៍សន្តិសុខចិនឆ្នាំ ២០១៨ នៅ​ក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

នៅ​ខែ​ធ្នូ​នេះ រដ្ឋាភិបាលចិន​បាន​ចាប់​ផ្តើមតម្រូវ​ឲ្យ​អ្នកប្រើប្រាស់​ទូរស័ព្ទ​ដៃ​ថ្មី​ថ្មោង​ទាំង​អស់ត្រូវ​ស្គែន​មុខ​ មុន​ពេល​បំពេញចុះ​ឈ្មោះ​ពិត​របស់​ខ្លួន​ជាមួយ​នឹង​ក្រុមហ៊ុន​ទូរគមនាគមន៍។ ​

ប៉ុន្តែ​គោលនយោបាយ​ចុងក្រោយ​បង្អស់​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត និង​សកម្មជន​សិទ្ធិមនុស្សមួយ​ចំនួន​បាន​រអ៊ូរទាំ​ថា ចិន​កំពុង​តែ​រំកិល​ទៅ​រក​ការ​ពង្រឹង​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត និង​បង្កើត​ឲ្យ​មាន​ជាពិភព​មួយដែលរដ្ឋ​គ្រប់គ្រង​តាមដាន​ផ្តាច់​នូវគ្រប់​ផ្នែក​នៃ​ជីវិត​ពលរដ្ឋ ដូចមាន​រៀបរាប់​នៅ​ក្នុង​សៀវភៅ​ប្រលោមលោក​ 1984 ឬ​«ឆ្នាំ​១៩៨៤‍» សរសេរ​ដោយ​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេសលោក George Orwell។ ​

​ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា រហូត​ទាល់​តែ​មាន​ច្បាប់កំណត់​ត្រឹមត្រូវ​ដើម្បី​ការពារ​សិទ្ធិ​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់ ចំណាត់ការ​ដូចនេះ​ពី​សំណាក់​រដ្ឋាភិបាល​ចិន​នឹង​បង្ក​ឲ្យ​មាន​ការ​បំពាន​ពី​រដ្ឋាភិបាល​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ដោយ​ប្រើវា​ជា​ឧបករណ៍​នយោបាយ​មួយ​ដើម្បី​តាមដាន​ក្រុម​អ្នក​រិះគន់ ឬ​បង្ក​ឲ្យ​មាន​ការ​ប្រឈម​ផ្សេងៗ​ ជា​លទ្ធផលទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ត្រូវ​ធ្វើ​ឲ្យ​បែក​ធ្លាយ ឬ​យក​ទៅ​លក់​បន្ត។

ប្រព័ន្ធ«បងធំ»​

​នៅ​លើ​បណ្តាញ​សង្គម Weibo នៅ​ប្រទេស​ចិន ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​បណ្តាញ​សង្គម Twitter អ្នក​ប្រើប្រាស់​ម្នាក់​បាន​សរសេរ​ថា «បង​ធំ​ (Big Brother) កំពុង​តែ​មើល​អ្នក​ – សៀវភៅ​ 1984 របស់​លោក George Orwell»។ ហើយ​អ្នក​ប្រើប្រាស់​ម្នាក់​ទៀត​បាន​ពណ៌នា​ ការ​តាមដាន​នោះ​ថា «ភ្នែក​ពី​នរក» ស្រប​ពេល​ដែល​ការ​សរសេរ​អធិប្បាយ​ភាគ​ច្រើន​ដែលបង្ហោះ​ក្រោម​អត្ថបទអំពី​គោលនយោបាយ​ថ្មីនេះ​ក៏​បាន​និយាយ​អវិជ្ជមាន​ពីគោលនយោបាយ​នេះ​ផង​ដែរ។

លោក Zhou Shugang ​អ្នក​សារព័ត៌មាន​ពលរដ្ឋ​ដ៏​ល្បីឈ្មោះ​ និង​ជា​អ្នក​សរសេរ​ប្លុក​ម្នាក់​មក​ពី​ប្រទេស​ចិន ដែល​កំពុង​រស់​នៅ​កោះ​តៃវ៉ាន់​នា​ពេល​បច្ចុប្បន្ន​បាន​និយាយ​ថា ការ​ប្រមូល​ផ្តុំ​នៃ​រូប​ស្គែន​មុខ​នឹង​ដើរ​តួ​សំខាន់​ដើម្បី​ពង្រីក​ប្រព័ន្ធ​តាមដាន​ដោយ​វីដេអូ​នៅ​ប្រទេស​ចិន​ ហើយ​មាន​ពាសពេញ​ប្រទេស​រួច​ទៅ​ហើយ។

ប្រទេស​ចិន​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ពង្រីក​បណ្តាញប្រព័ន្ធ​កាមេរ៉ា​របស់​ខ្លួន​ឲ្យ​បាន​ធំ​ជាង​មុន​បី​ដង​ រហូត​ដល់​ ៦០០​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២២ ឬស្មើ​នឹង​កាមេរ៉ា​មួយ​សម្រាប់​រាល់​មនុស្ស​ពីរ​នាក់។

លោក Zhou បាន​និយាយ​ថា ប៉ូលិស​កំពុង​តែ​តាមដាន​សកម្មភាព​របស់​ពលរដ្ឋ​ចិន​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​តាម​ប្រមាញ់​អ្នក​ទាំង​នោះ ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ដៃ និង​អត្តសញ្ញាណ​បុគ្គល។​

ឥឡូវ​នេះ​ជាមួយ​នឹង​ការ​ស្គែន​មុខ​ ប៉ូលិស​អាច​កំណត់​ទីតាំង​របស់​អ្នក​ទាំងនោះ​ ជាមួយ​អត្តសញ្ញាណ​លម្អិត​ នៅ​ពេល​ដែល​ពួកគេ​ដើរកាត់​កាមេរ៉ា​តាម​ដាន​របស់​រដ្ឋ​ចិន​ ដែល​ត្រូវ​បាន​ស្គាល់​តាម​ឈ្មោះ​ថា «ភ្នែក​មើល​ពី​មេឃ‍» និង​ត្រូវ​បាន​បំពាក់​នៅ​កន្លែង​សាធារណៈ​ផ្សេងៗ ដូចជា តាម​ដង​ផ្លូវ ឬ​ស្ថានីយ​រថភ្លើង។ ​

ប្រព័ន្ធ​តាមដានអនឡាញ​កាន់តែ​ធំ​ជាង​មុន

សកម្មជន​ផ្នែក​ប្រព័ន្ធ​អ៊ីនធឺណិត​ លោក Zhou Shugangដែល​ត្រូវ​ស្គាល់​តាម​ឈ្មោះ​ហៅ​ក្រៅ​ទូទៅ​ថា Zoula បាន​និយាយ​ថា «នេះ​មាន​ន័យ​ថា ចិន​បាន​ពង្រឹង​ប្រព័ន្ធ​តាមដាន​ដ៏​ធំ​ដែល​កំពុង​មាន​ស្រាប់​ និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត។ ដូចនេះ ពលរដ្ឋ​ចិន​កំពុង​ប្រឈម​ជាមួយ​នឹង​ប្រព័ន្ធ​តាមដាន​កាន់​តែ​ទំនើប និង​ពេញលេញ​ជាង​មុន ដូច​ដែល​ត្រូវ​បាន​ពណ៌នា​ដោយ​ [អ្នក​និពន្ធ​ជនជាតិ​អង់គ្លេស] លោក George Orwell។

លោក Ou Biaofeng សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​មក​ពី​ខេត្ត Hunan ប្រទេស​ចិន​បាន​និយាយ​ថា ​បណ្តាញ​ប្រព័ន្ធ​តាមដាន​នឹង​មាន​អំណាច​ដ៏​គួរ​ឲ្យ​ខ្លាច​ក្នុង​ការ​បំបិទ​សំឡេង​ក្រុម​អ្នក​និយាយ​រិះគន់។

ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ដែល​ថា មនុស្ស​មួយ​ចំនួន​នឹង​សម្រេច​ចិត្ត​ថា នឹង​មិន​បញ្ចេញ​មតិ​យោបល់​ស្រប​ពេល​មាន​ការ​រឹត​បន្តឹង​ក្នុង​សង្គម លោក Ou បាន​និយាយ​ថា៖ «ប្រព័ន្ធ​បច្ចេកវិទ្យាបែប​នេះ​ត្រូវ​បាន​ប្រើ​ដោយ​ជន​ផ្តាច់ការ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​សង្គម។ ជាមួយ​នឹង​ប្រព័ន្ធ​នេះ ពួកគេ​អាច​ស្វែង​រក​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​ ​ឬ​អ្នក​រិះគន់​ដែល​មាន​ទស្សនៈ​នយោបាយ​ផ្សេង​គ្នា យ៉ាង​ងាយ​ស្រួល»។ ​

សកម្មជន​រូប​នេះ​បាន​បន្ថែម​ថា ករណី​នានា​កន្លង​មកបាន​បង្ហាញ​ថា ប៉ូលិស​ខកខាន​នៅ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ ដូចជា ការ​កំណត់​ទីតាំង​អ្នក​ដែល​បាន​បាត់ខ្លួន ទំនិញ​ដែល​ត្រូវ​បាន​លួច ឬ​ក្រុម​ចោរប្លន់។

ប្រព័ន្ធគ្មាន​ការ​ការពារ​សិទ្ធិ​គ្រប់គ្រាន់​

ទាំង​លោក Zoula និង​លោក Ou Biaofeng និយាយ​ថា ដោយ​ប្រព័ន្ធ​នេះ​មិន​មាន​ការ​ការពារ​សិទ្ធណាមួយ ​មិន​មានក្រុមហ៊ុន​ទូរគមនាគមន៍​ណា​មួយ​នឹង​បដិសេធ​សំណើ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យជីវមាត្រ​របស់​អ្នក​ប្រើប្រាស់ ដែល​រួម​មាន​ ការ​ស្គែន​មុខ ឬ​សូម្បី​តែ​ស្គែន​ប្រស្រី​ភ្នែក ដែល​មាន​សុក្រិតភាព​កាន់​តែ​ខ្ពស់។ ​

នៅ​ក្នុង​សេចក្តី​ប្រកាសមួយ ក្រសួង​ឧស្សាហកម្ម​ និង​ព័ត៌មាន​បច្ចេកវិទ្យា​ចិន បាន​អះអាង​ថា គោលនយោបាយ​ស្គែន​មុខ​មាន​ន័យ​ថា «ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់ និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»។

​សេចក្តី​ប្រកាស​នោះ​សរសេរ​ថា៖ «ក្រសួង​នឹង​បន្ត​... ពង្រឹង​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ... និង​លើក​កម្ពស់​ឲ្យ​បាន​មុត​មាំ​នូវ​ការ​គ្រប់គ្រង​ការ​ចុះបញ្ជី​ឈ្មោះ​ពិតប្រាកដ​នៃ​អ្នកប្រើប្រាស់​ទូរស័ព្ទ»។

​ចាប់​តាំង​ពី​ឆ្នាំ ២០១៣​មក រដ្ឋាភិបាល​ចិន​បាន​ជំរុញ​ឲ្យ​មាន​ការ​ចុះឈ្មោះ​ពិតប្រាកដ​សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​តាមរយៈ​ការ​តភ្ជាប់​អត្តសញ្ញាណបណ្ណ​ទៅ​នឹងលេខ​ទូរស័ព្ទ​ដៃ។

​VOA បានហៅ​ទូរស័ព្ទ និង​ផ្ញើទូរសារ​ទៅ​កាន់​ក្រសួង​ឧស្សាហកម្ម និងព័ត៌មាន​បច្ចេកវិទ្យា​ចិនកាល​ពី​ដើម​ខែ​ធ្នូ​ ដើម្បី​សុំ​ការ​ឆ្លើយតប​នឹង​ការ​ព្រួយបារម្ភ​បង្ហាញ​ដោយ​អ្នកប្រើប្រាស់​អ៊ីនធឺណិត តែ​មិន​ទទួលបាន​ការឆ្លើយតបនោះ​ទេ។​

​ប្រទេស​ចិន​កំពុង​តែ​ពង្រឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​កំណត់​ចំណាំមុខ (facial recognition) ​ដែល​មាន​ចាប់​តាំង​ពី​កន្លែង​គិត​លុយ​នៅ​ផ្សារ​ធំ​ រហូត​ដល់​ការ​ត្រួត​ពិនិត្យ​សន្តិសុខ​ និង​អត្តសញ្ញាណ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ សាលារៀន ឬ​សូម្បី​តែ​សេវាកម្ម​រថយន្ត​ជួល។

​ភាព​ងាយស្រួល​មិន​គ្រប់គ្រាន់​នោះ​ទេ

​មាន​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះគិត​ថា វា​ងាយស្រួល​ជាង​មុន។

ដោយ​បង្ហាញ​ការ​គាំទ្រ​លើ​បច្ចេកវិទ្យា​តាមដាន​នៅ​តាម​ប្រព័ន្ធ​រថភ្លើង​ក្រោម​ដី​នៅ​ក្រុង​ប៉េកាំង អ្នក​ដំណើរ​ម្នាក់​បាន​ប្រាប់ VOA ថា «នេះ​គឺ​ជា គោល​នយោបាយ​ជាតិ ដែល​ខ្ញុំ​គិត​ថា យើង​គួរ​មាន​ជំនឿ​ជឿ​ជាក់ ក៏​ដូច​ជា សម្រាប់​ហេតុផល​ភាព​ងាយស្រួល​ផង​ដែរ។ សរុប​មក វា​មិនមែន​សម្រាប់​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ [របស់​សាជីវកម្ម​ណា​មួយ] ឬ​ផលប្រយោជន៍​អ្នក​ដទៃ​នោះ​ទេ។ ដូច្នេះ​ វា​អាស្រ័យ​លើ​របៀប​ដែល​វា​ត្រូវ​បាន​ប្រើប្រាស់»។

ប៉ុន្តែ​លោក Zhou បាន​កត់សម្គាល់​ថា ពលរដ្ឋ​ចិនត្រូវ​ធានា​ថា សិទ្ធិ​ឯកជនភាព និង​ការ​ការពារ​ទិន្នន័យ​របស់​ពួកគេ​ត្រូវ​បាន​ការពារ​ មុន​ពេល​យល់ស្រប​ជាមួយ​នឹង​បច្ចេកវិទ្យា​នោះ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល។

​លោក Zhou បាន​និយាយ​ថា៖ «ត្រូវ​មាន​ការ​ពលី​សិទ្ធិ​ឯកជនភាព​ខ្លះ​ដើម្បី​ជា​ការ​ដោះដូរ​នឹង​ភាព​ងាយស្រួល។ ប៉ុន្តែ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន! [ដោយ​មិន​មាន​ការ​ពិនិត្យ និង​រក្សា​តុល្យភាព] រដ្ឋាភិបាល​នឹង​បន្ត​ពង្រីក​អំណាច​របស់​ខ្លួន និង​ការ​ផ្តល់​សិទ្ធិ​អនុញ្ញាត​ដល់​ខ្លួន​ឯង​ រហូត​ដល់​កម្រិត​មួយ​ ដែល​រដ្ឋាភិបាល​មាន​អំណាច​ខ្លាំង ហើយ​ពលរដ្ឋ​លែង​មាន​អំណាច​សោះ​ឡើយ។ នៅ​ទី​បំផុត ពលរដ្ឋ​នឹង​ក្លាយ​ជា​ទាសករ​របស់រដ្ឋាភិបាល និង​ទំហំ​សិទ្ធិ​របស់​ពួកគេ​ត្រូវ​រង​ការ​រឹតត្បិត»។​

ជំនួស​ឲ្យ​ច្បាប់​ទៅ​លើ​ហានិភ័យ​ឯកជនភាព វា​ក្លាយ​ជា​រឿង​ទូទៅ​មួយ​សម្រាប់​ក្រុមហ៊ុន​នៅ​ក្នុង​ការ​លក់​បន្ត​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់ ដែល​ក្នុង​នោះ​រួម​មាន​ ទិន្នន័យ​ជីវមាត្រទៅ​កាន់​បណ្តាញ​ខុស​ច្បាប់​មួយ​ចំនួន។

មានសេចក្តី​រាយការណ៍​ខ្លះ​ថា រូប​មុខ​ស្គែន​ចំនួន​ ៥.០០០​ពាន់​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១០​ យ័ន​នៅ​ចិន។​

ក្រសួង​ឧស្សាហកម្ម​ និង​ព័ត៌មាន​បច្ចេកវិទ្យា​ចិន​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កំណត់​ចំណាំ​មុខ​នឹង​ជួយ​ឲ្យ​មាន​ការ​លក់​ស៊ីម​កាត​ឡើង​វិញ និង​ជួយ​ពលរដ្ឋ​ពី​ការ​ចុះឈ្មោះ​ដោយ​មិន​បាន​ដឹង​នៅ​ពេល​ដែល​អត្តសញ្ញាណ​របស់​ពួកគេ​ត្រូវ​បាន​លួច៕

ប្រែ​សម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG