នៅចំថ្ងៃតែមួយដែលរដ្ឋសភាសហរដ្ឋអាមេរិកបានបោះឆ្នោតដកតំណែងលោកប្រធានាធិបតីDonald Trump ជាលើកទី២ រដ្ឋធានីវ៉ាស៊ីនតោនក៏បានស្វាគមន៍កងទ័ពឆ្មាំការពារជាតិ រាប់ពាន់នាក់ថែមទៀត ដើម្បីជួយករក្សាសន្តិភាពក្នុងអំឡុងពេលផ្ទេរអំណាចនៅសប្ដាហ៍ក្រោយ។
លោក Robert Contee ប្រធានស្តីទីនាយកដ្ឋានប៉ូលិសប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា៖ «ខ្ញុំគិតថា អ្នកអាចនឹងឃើញមានកងទ័ពឆ្មាំការពារជាតិប្រមាណ ២ ម៉ឺននាក់ដែលនឹងមានវត្តមាននៅទីនេះ»។
មន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ពីការបង្កើនកម្លាំងសន្តិសុខនេះ ដែលកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីខាងកងទ័ពឆ្មាំការពារបាននិយាយថា ខ្លួននឹងបញ្ជូនទ័ពរហូតដល់ ១៥.០០០ នាក់ ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួយការពារសន្តិសុខ មុនពិធីស្បថចូលកាន់តំណែងថ្ងៃទី២០ ខែមករា របស់លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden ដែលបានយកឈ្នះលោក Trump ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។
ក្រុមមន្ត្រីបានឲ្យដឹងថា កងទ័ពឆ្មាំការពារជាតិចំនួន ១ ម៉ឺននាក់ ដែលជាទ័ពក្រៅម៉ោងដែលគេអាចបញ្ជូនទៅបរទេសបាន ប៉ុន្តែជាញឹកញាប់ត្រូវបានកោះហៅមកជួយក្នុងរដ្ឋរបស់ពួកគេវិញ ពេលមានអាសន្ន។ ពេលនេះពួកគេត្រូវបានគេរំពឹងថា នឹងមកបំពេញការងារនៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃសុក្រស្អែក។ ហើយកងទ័ពដែលនៅសល់នៅមកតាមក្រោយ។
កងទ័ពឆ្មាំការពារជាតិជាង ៦.០០០ នាក់ បាននឹងកំពុងបំពេញការងារក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងនៅក្នុងវិមានសភា ចាប់តំាងពីក្រុមកុបករជ្រុលនិយមគាំទ្រលោក Trump វាយលុកចូលក្នុងវិមាននេះកាលពីថ្ងៃពុធសប្ដាហ៍មុន៕