ក្រុមអ្នកវិភាគនិយាយថា ការទាមទាររបស់ហ្វីលីពីនឲ្យមានការដកចេញនូវនាវាចិនចំនួន ២២០គ្រឿងចេញពីតំបន់សមុទ្រមានជម្លោះ បានធ្វើឲ្យទំនាក់ទំនងរវាងចិននិងហ្វីលីពីនកាន់តែចុះដុនដាប។ គេឃើញថា ទំនាក់ទំនងរវាងចិននិងហ្វីលីពីនធ្លាប់មានសភាពល្អប្រសើរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បើទោះជាមានជម្លោះដែនទឹករវាងគ្នាក៏ដោយ។
យោងទៅតាមប៉ុស្តិ៍ទូរទស្សន៍ជាតិហ្វីលីពីននៅក្រុងម៉ានីល អង្គភាពទទួលបន្ទុកការងារមួយនៃរដ្ឋាភិបាលហ្វីលីពីនបាន «បង្ហាញការព្រួយបារម្ភ» នៅពេលនាវានេសាទចិនបានមកដល់តំបន់ថ្មប៉ប្រះទឹកនៃប្រជុំកោះ Spratly ក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានទាមទារឲ្យនាវានេសាទទាំងនោះចាកចេញ។ ប៉ុស្តិ៍ទូរទស្សន៍ជាតិហ្វីលីពីនបានលើកឡើងថា «ក្រុមសកម្មប្រយុទ្ធជើងទឹក» ចិនត្រូវបានគេជឿថា ស្ថិតនៅលើនាវាទាំងនោះ នៅពេលមកដល់តំបន់ថ្មប៉ប្រះទឹកដែលមិនមានមនុស្សរស់នៅកាលពីថ្ងៃទី០៧ ខែមីនា។
កងកម្លាំងប្រដាប់អាវុធហ្វីលីពីនបានសរសេរសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនាថា ក្រុមមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានទាក់ទងភាគីចិន កាលពីថ្ងៃពុធ ស្របពេលនាវាចំនួន ១៨៣គ្រឿងនៅតែបន្តស្ថិតនៅតំបន់ថ្មប៉ប្រះទឹកកាលពីចុងខែមីនាកន្លងទៅនេះ។ ទំព័រហ្វេសប៊ុកនោះលើកឡើងថា៖ «យើងចង់ពាំនាំបន្តនូវសារស្តីពីការទាមទាររបស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យនាវាទាំងនោះចាកចេញ»។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានជួបជាមួយនឹងអគ្គរដ្ឋទូតចិនប្រចាំហ្វីលីពីនកាលពីចុងខែមីនា ដើម្បីបង្ហាញការព្រួយបារម្ភពីនាវានេសាទទាំងនោះ ហើយបានប្តេជ្ញាថា លោកនឹងការពារប្រទេសរបស់លោក។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីលោក Harry Roque បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនាថា នាវាទាំងនោះត្រូវបានដឹកនាំប្រតិបត្តិការដោយអ្នកនេសាទស្វែងរកកន្លែងសំចត។
ក្រុមអ្នកវិភាគនិយាយថា ការកំណត់ឃើញនាវានេសាទចិនពីសំណាក់រដ្ឋាភិបាលក្រុងម៉ានីលកាន់តែធ្វើឲ្យទំនាក់ទំនងរវាងចិន និងហ្វីលីពីនចុះដុនដាប ដែលទំនាក់ទំនងនេះធ្លាប់ឡើងដល់ចំណុចល្អប្រសើរបំផុតមួយ នៅពេលលោក Duterte ចូលកាន់តំណែងកាលពីប្រាំឆ្នាំមុន។
លោក Jay Batongbacal សាស្ត្រាចារ្យផ្នែកកិច្ចការដែនទឹកនៅសាកលវិទ្យាល័យហ្វីលីពីននិយាយថា នាវាចិន «ពិតជាបង្កផលប៉ះពាល់»។
លោកបានថ្លែងថា៖ «ច្បាស់ណាស់ មនុស្សមួយចំនួននៅក្នុងជួររដ្ឋាភិបាល សូម្បីតែអ្នកនៅក្នុងចំណោមអ្នកគាំទ្រលោក Duterte ក៏លែងសូវមានអារម្មណ៍ពេញចិត្តនឹងចិនដែរ ដោយសារតែរឿងនេះ»។
លោក Batongbacal និយាយថា បណ្តុំនាវានេសាទទាំងនោះបានធ្វើឲ្យពលរដ្ឋហ្វីលីពីនមួយចំនួនរំឭកពីហេតុការណ៍កាលពីឆ្នាំ ២០១២ នៅពេលដែលនាវាចិនមកកាន់កាប់តំបន់ Scarborough ដែលជាតំបន់នេសាទមួយនៅក្នុងដែនសមុទ្រមានជម្លោះ ដោយបង្កឲ្យមានការប្រឈមគ្នារយៈពេលវែង។
លោក Duterte ក៏បានស្វះសែងរកជំនួយ និងការវិនិយោគរបស់ចិនកាលពីឆ្នាំ ២០១៦ដែរ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ រដ្ឋាភិបាលក្រុងប៉េកាំងចង់ឲ្យរដ្ឋាភិបាលក្រុងម៉ានីលទុកដោយឡែកនូវជម្លោះដែនទឹក បន្ទាប់ពីតុលាការអន្តរជាតិបានចេញសេចក្តីសម្រេចប្រឆាំងនឹងមូលដ្ឋានផ្លូវច្បាប់នៃការទាមទាររបស់ចិនចំនួ ៩០ភាគរយនៃតំបន់សមុទ្រដែលមានទំហំ ៣,៥ លានគីឡូម៉ែត្រការ៉េ។
តំបន់ថ្មប៉ប្រះទឹកជាទីដែលនាវានេសាទចិនកំពុងសំចតនោះ ស្ថិតនៅចម្ងាយ៨៥៩គីឡូម៉ែត្រ ភាគ និរតី ទីក្រុងម៉ានីល និងស្ថិតនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីកោះតូចៗចំនួន ១០ នៅក្នុងប្រជុំកោះ Spratly ដែលស្ថិតក្រោមការត្រួតពិនិត្យប្រចាំថ្ងៃដោយហ្វីលីពីន។
ទំនាក់ទំនងរវាងចិននិងហ្វីលីពីនបានថមថយរួចស្រាប់ទៅហើយជុំវិញការយល់ឃើញក្នុងចំណោមពលរដ្ឋហ្វីលីពីននៅក្នុងបែបផែនដែលជំនួយ និងការវិនិយោគរបស់ចិនក្នុងទំហំ ២៤ពាន់លានដុល្លារបានមកដល់ពួកគេយឺតយ៉ាវពេក។
សមាជិកសភាមួយរូបនៅក្រុងម៉ានីលបាននិយាយកាលពីគ្រានោះថា នាវាចិនមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីឆ្នាំ ២០១៧ ដោយបានដាក់ទង់ជាតិកម្ពស់ ៣ម៉ែត្រនៅតំបន់ Sandy Cay ដែលជាតំបន់គ្រប់គ្រងដោយហ្វីលីពីននៅប្រជុំកោះ Spratly។ កាលពី២ឆ្នាំមុន ចិនបានអនុញ្ញាតឲ្យនាវានេសាទជាង ១០០ ឆ្លងកាត់តំបន់ប្រជុះកោះ Spratly។
ស្ទង់មតិមួយកាលពីពាក់កណ្តាលឆ្នាំ ២០២០ ធ្វើឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Social Weather Stations មានមូលដ្ឋាននៅក្រុង Quezon City ប្រទេសហ្វីលីពីន បានរកឃើញថា «ជំនឿទុកចិត្ត» របស់ពលរដ្ឋហ្វីលីពីនមកលើប្រទេសចិនបានធ្លាក់ចុះពីលំដាប់ថ្នាក់ «ទាប» មក «អាក្រក់» ជាមួយនឹងពិន្ទុជំនឿទុកចិត្ត -៣៦។ នេះជាពិន្ទុទាបបំផុតមួយចាប់តាំងពីខែមេសា ឆ្នាំ២០១៦ ដែលជារយៈពេលពីរខែមុនពេលលោក Duterte ចូលកាន់តំណែង។
បណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក Rappler.com បានលើកឡើងថា ការស្ទង់មតិឆ្នាំ ២០២០ បានធ្វើឡើងអំឡុងពេលមានសកម្មភាព «គឃ្លើន» របស់ចិននៅតំបន់សមុទ្រ។
លោក Carl Thayer សាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ New South Wales នៅប្រទេសអូស្ត្រាលី បាននិយាយថា មន្ត្រីនៅទីក្រុងប៉េកាំងក៏មានការទើសចិត្តផងដែរ។ ពួកគេខឹងសម្បានឹងសហរដ្ឋអាមេរិកដែលជួយដល់យោធាហ្វីលីពីន។ លោក Duterte នៅតែអនុញ្ញាតឲ្យមាននូវការសមយុទ្ធយោធាប្រចាំឆ្នាំរវាងហ្វីលីពីន និងសហរដ្ឋអាមេរិក ទោះបីជាមានកិច្ចពិភាក្សាអស់ជាច្រើនឆ្នាំមកនេះ ដើម្បីបញ្ឈប់សមយុទ្ធនោះក៏ដោយ ហើយកាលពីឆ្នាំមុន រដ្ឋាភិបាលរបស់លោកបានព្យួរផែនការលុបចោលកិច្ចព្រមព្រៀងនៃការធ្វើទស្សនកិច្ចយោធាពីសំណាក់កងកម្លាំងអាមេរិកផងដែរ។
លោក Thayer បានលើកឡើងថា ជារឿយៗ សហរដ្ឋអាមេរិកបានបញ្ជូននាវា និងយន្តហោះចម្បាំងមកកាន់ដែនសមុទ្រ ដើម្បីជួយជ្រោមជ្រែងរដ្ឋាភិបាលគាំទ្រសហរដ្ឋអាមេរិកដូចជា កោះតៃវ៉ាន់ និងហ្វីលីពីន។ ហើយចិនចង់ដាក់នាវាចំនួន ២២០គ្រឿងរបស់ខ្លួន ដើម្បីប្រឈមជាមួយនឹងទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងហ្វីលីពីន។
កាលពីពេលថ្មីៗនេះ នៅក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying បាននិយាយថា នាវានេសាទរបស់ចិន «បាននេសាទនៅជិតតំបន់ថ្មប៉ប្រះទឹក Whitsun និងថា «នាពេលថ្មីៗនេះ ដោយសារតែស្ថានភាពអាកាសធាតុនៅដែនសមុទ្រ នាវានេសាទមួយចំនួនបានចូលជ្រកនៅតំបន់ដែនទឹកផ្សេងទៀត ដោយសារតែខ្យល់បក់ខ្លាំង... ដែលនេះជារឿងធម្មតា»។
ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាមក៏បានទាមទារផ្នែកខ្លះ ឬផ្នែកទាំងអស់នៃតំបន់សមុទ្រចិនខាងត្បូងផងដែរ។ បណ្តាប្រទេសទាំងនេះសម្លឹងទៅរកតំបន់ដែនទឹកនោះសម្រាប់ធនធានត្រី និងធនធានក្រោមបាតសមុទ្រ។ រដ្ឋាភិបាលក្រុងប៉េកាំង ដែលលើកឡើងពីកំណត់ត្រាប្រវត្តិសាស្ត្រនៅក្នុងការទាមទាររបស់ខ្លួន បានធ្វើឲ្យរដ្ឋាភិបាលដទៃទៀតភ្ញាក់ផ្អើល តាមរយៈការចាក់បំពេញកូនកោះតូចៗសម្រាប់ការអភិវឌ្ឍ ដែលរួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធាផងដែរ។
លោកសាស្ត្រាចារ្យ Carl Thayer ដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងមន្ត្រីយោធាជើងទឹកហ្វីលីពីនបាននិយាយថា នៅក្នុងជួរយោធាជើងទឹកហ្វីលីពីន ក៏មានអ្នកមានទស្សនៈផ្សេងពីលោក Duterte ចំពោះប្រទេសចិនផងដែរ។ ពួកគេមានអារម្មណ៍អាម៉ាស់ និងមិនសប្បាយចិត្តនោះទេ»។
អ្នកស្រី Yun Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ទំនាក់ទំនងរវាងចិននិងហ្វីលីពីននៅតែបន្តទៅមុខ ខណៈហ្វីលីពីនត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងជំនួយរបស់ចិនសម្រាប់ជំរុញការរើបឡើងវិញនូវសេដ្ឋកិច្ចក្រោយការរាតត្បាតជំងឺនេះ។ នៅពាក់កណ្តាលខែធ្នូ ចិនបានប្តេជ្ញាបញ្ជូនវ៉ាក់សាំង Sinovac ចំនួន២៥លានដូសទៅឲ្យហ្វីលីពីននៅត្រឹមខែមីនា។
អ្នកស្រី Sun បានថ្លែងថា៖ «ទោះបីជាទំនាក់ទំនងរវាងចិន និងហ្វីលីពីនមានភាពរអាក់រអួលនាពេលបច្ចុប្បន្ន ដោយសារតែទូកនេសាទចំនួន២២០ក៏ដោយ ខ្ញុំគិតថា ប្រទេសទាំងពីរមិនទាន់ដើរដល់ផ្លូវបំបែកនៅឡើយទេ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា