ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់​ទំនង​ដ៏​កក់​ក្តៅ​របស់​ចិន និង​ជប៉ុន​មិន​ទំនង​ដោះ​ស្រាយ​ជម្លោះ​ឡើយ


លោក Shinzo Abe នាយក​រដ្ឋ​មន្ត្រី​ជប៉ុន (ឆ្វេង) និង​លោក​ Xi Jinping ប្រធានា​ធិប​តី​ចិន (ស្តាំ) ចាប់​រលាក់ដៃ​គ្នា​​ក្នុង​ពេលជួបគ្នាក្នុង​កិច្ច​ប្រជុំ​ APEC នៅ​ទីក្រុង​ប៉េកាំងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៤។
លោក Shinzo Abe នាយក​រដ្ឋ​មន្ត្រី​ជប៉ុន (ឆ្វេង) និង​លោក​ Xi Jinping ប្រធានា​ធិប​តី​ចិន (ស្តាំ) ចាប់​រលាក់ដៃ​គ្នា​​ក្នុង​ពេលជួបគ្នាក្នុង​កិច្ច​ប្រជុំ​ APEC នៅ​ទីក្រុង​ប៉េកាំងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៤។

មេ​ដឹក​នាំ​ចិន និង​ជប៉ុន បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​កិច្ច​ប្រជុំ​APEC នៅ​ទីក្រុង​ប៉េកាំង ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ។ ខណៈ​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​ពិភាក្សា​អំពី​ការ​ទាម​ទារ​ដ៏​ប្រទាញ​ប្រទង់​គ្នា​លើ​ការ​កាន់​កាប់​កោះ​មួយ​ចំនួន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​កើត និង​កំហឹង​ក្នុង​តំបន់​ពាក់​ព័ន្ធ​នឹង​អតីត​លទ្ធិ​យោធា​និយម​របស់​ជប៉ុន​នោះ បញ្ហា​ទាំង​អស់​នេះ​ដែល​ជា​ឫស​គល់​នៃ​ជម្លោះ​ទំនង​ជា​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឆាប់ៗ​ទេ។

លោក Shinzo Abe នាយក​រដ្ឋ​មន្ត្រី​ជប៉ុន និង​លោក​ Xi Jinping ប្រធានា​ធិប​តី​ចិន បាន​ជួប​ពិភាក្សា​គ្នា​រយៈពេល​ខ្លី​ក្នុង​កិច្ច​ប្រជុំ​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​តំបន់​អាស៊ីបាស៊ីហ្វិក ហៅ​ថា APEC នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ។

អ្នក​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​មួយ​ភ្លែត​សម្រាប់​ការ​ថត​រូប ហើយ​បាន​ពិភាក្សា​គ្នា​ដោយ​សម្ងាត់​ប្រមាណ​៣០​នាទី ដែល​ជា​ជំនួប​ទល់​មុខ​គ្នា​លើក​ទី១​ ចាប់​តាំង​ពី​អ្នក​ទាំង​ពីរ​បាន​ឡើង​កាន់​អំណាច។ ជំនួប​ពិភាក្សា​នេះ​ចាត់​ទុក​ជា​និមិត្តរូប​នៃ​កិច្ច​ខំ​ប្រឹង​ប្រែង​ថ្មី​របស់​ភាគី​ទាំង​ពីរ ដើម្បី​បន្ថយ​សក្តានុពល​នៃ​ជម្លោះ​ខាង​យោធា ក្រោយ​ពី​មាន​ភាព​តាន​តឹង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ។

ក្រោយ​ពី​ជំនួប​ពិភាក្សា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​រក​ភាព​ផ្សះ​ផ្សា។

លោក​និយាយ​ថា នេះ​គឺ​ជា​ជំហាន​ដំបូង​មួយ​ក្នុង​ការ​ត្រឡប់​មក​កាន់​មូល​ដ្ឋាន​ដើម ហើយ​ធ្វើ​ឲ្យ​សម្ព័ន្ធ​ភាព​របស់​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រសើរ​ឡើង ដើម្បី​បង្កើត​ទំនាក់​ទំនង​ដ៏​មាន​ប្រយោជន៍​រួម​គ្នា​មួយ។

សារ​ព័ត៌មាន​រដ្ឋ​របស់​ចិន​បាន​រាយ​ការណ៍​ថា លោក​ប្រធានា​ធិបតី​ ស៊ី ជីនពីង បាន​អំពាវ​នាវ​ឲ្យ​ជប៉ុន​“ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ការ​ពារ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់”។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​ថា​នឹង​«បន្ត​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ ការ​ទូត និង​នយោបាយ​បន្ត​ទៀត» ហើយ«បង្កើត​ជា​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​ពង្រឹង​ទំនុក​ចិត្ត​នយោបាយ​រួម»។

កិច្ច​ព្រម​ព្រៀង​នេះ​អាច​នឹង​ដោះ​ស្រាយ​ឧបសគ្គ​ចម្បងៗ​សម្រាប់​កិច្ច​ពិភាក្សា​ ថា​តើ​ភាគី​នីមួយៗ​បក​ស្រាយ​ជម្លោះ​ដែន​ដី​កោះ​មួយ​ក្រុម​ឈ្មោះ Diaoyus នៅ​ប្រទេស​ចិន និង​ឈ្មោះ​ Senkakus នៅ​ប្រទេស​ជប៉ុន​ដោយ​របៀប​ណា​។

ជប៉ុន​បដិសេធ​មិន​ទទួល​ស្គាល់​ការ​តវ៉ា​អំពី​បញ្ហា​អធិប​តេយ្យ​ភាព​របស់​ខ្លួន​លើ​កោះ​ទាំង​នោះ​ទេ​ ដោយ​ទទូច​ថា​កោះ​ទាំង​នោះ​ជា​កម្ម​សិទ្ធិ​របស់​រដ្ឋាភិបាល​ទីក្រុង​តូក្យូ។

លោក Hosaka Yuji សាស្ត្រា​ចារ្យ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យា​ល័យ Sejong និយាយ​ថា កិច្ច​ព្រម​ព្រៀម​ជា​ពាក្យ​សម្តី​ដ៏​ប្រុង​ប្រយ័ត្ន​នេះ​ ដែល​បង្ហាញ​ពី​«គោល​ជំហរ​ពីរ​ខុស​គ្នា​”​លើ​បញ្ហា​ជម្លោះ​នោះ​ គឺ​ការ​សម្រុះ​សម្រួល​មួយ​ពី​ភាគី​ទាំង​ពីរ»។

លោក​និយាយ​ថា ចិន​បាន​សុំ​ឲ្យ​ជប៉ុន​ទទួល​ស្គាល់​ថា កោះ​Senkaku គឺ​ជា​ជម្លោះ​ក្នុង​តំបន់​មួយ។ ប៉ុន្តែ​ការ​ស្នើ​សុំ​នេះ​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ សំណើ​នេះ​ត្រូវ​បាន​បង្ហាញ​ជា​ពាក្យ​សម្តី ដោយ​និយាយ​ថា​ មាន​ទស្សនៈ​ខុស​គ្នា​ចំពោះ​បញ្ហា​នេះ។ លោក Hosaka ថា ជប៉ុន​អះ​អាង​ថា ខ្លួន​បាន​ធ្វើ​សម្បទាន​ដែល​ខ្លួន​អាច​ធ្វើ​បាន​ដ៏​ល្អ​បំផុត​ ខណៈ​ដែល​ចិន​យល់​ថា នេះ​គ្រាន់​តែ​ជា​កិច្ច​ព្រម​ព្រៀង​ជម្រើស​ល្អ​ទី​ពីរ​ប៉ុណ្ណោះ​ដែល​ចិន​អាច​ទទួល​បាន​។

ទស្សន​កិច្ច​របស់​លោក Abe ទៅ​កាន់​ទី​សក្ការ​បូជា​សង្គ្រាម​លោក​លើក​ទី២​ដ៏​ចម្រូង​ចម្រាស់​មួយ​ ដែល​រួម​មាន​ឧក្រិដ្ឋ​ជន​សង្គ្រាម​ជប៉ុន ក៏​បាន​បង្កើត​ភាព​តាន​តឹង​ខ្ពស់​ជាមួយ​នឹង​ចិន ក៏​ដូច​ជា​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​ជប៉ុន​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​កាន់​តែ​មាន​ភាព​យ៉ាប់​យឺន​ផង​ដែរ។ លោក Abe មិន​បាន​ថ្លែង​ជា​សាធារណៈ​ថា​តើ លោក​នឹង​ទៅ​ទស្សន​កិច្ច​ទី​សក្ការ​បូជា​នោះ​ដែល​លោក​បាន​ទៅ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​ម្តង​ទៀត​ដែរ​ឬ​ទេ​នោះ។

លោក Robert Dujarric នាយក​វិទ្យា​ស្ថាន​សិក្សា​បច្ចុប្បន្ន​ភាព​អាស៊ី​នៃ​សាកល​វិទ្យា​ល័យ Temple នៅ​ទី​ក្រុង​តូក្យូ និយាយ​ថា​ ការ​ចោទ​ប្រកាន់​ជា​ពាក្យ​សម្តី​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ​ បាន​បង្ករ​ឲ្យ​មាន​ក្តី​ព្រួយ​បារម្ភ​ថា ​ការ​យល់​ច្រឡំ ឬ​ទំនាស់​អាច​បង្ករ​ជា​ជម្លោះ បន្ថែម​លើ​ផល​ប៉ះ​ពាល់​ដែល​ការ​ចោទ​ប្រកាន់​នេះ​អាច​បង្ករ​ឡើង។

«ប្រទេស​ទាំង​ឡាយ​ធ្វើ​សង្គ្រាម បើ​ទោះ​បី​ជា​គ្មាន​មូល​ហេតុ​ខាង​សេដ្ឋកិច្ច​ក៏​ដោយ។ ខ្ញុំ​ចង់​មាន​ន័យ​ថា យើង​មាន​ប្រវត្តិ​សាស្ត្រ​ដ៏​យូរ​អង្វែង​ពី​មុន​មក បើ​សិន​យើង​មើល​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​នោះ​។ ខ្ញុំ​ចង់​និយាយ​ថា សភាវ​គតិ​ក្នុង​ការ​សម្លាប់​ គឺ​ខ្លាំង​ក្លា​ជាង​សភាវ​គតិ​បង្កើត​លុយ»។

លោក Dujarric និយាយ​ទៀត​ថា ការ​ពិភាក្សា​រវាង​ជប៉ុន​ និង​ចិន​អាច​បង្កើត​ជា​ប្រព័ន្ធ​ទំនាក់​ទំនង​សម្រាប់​ការ​គ្រប់​គ្រង​វិបត្តិ​ឲ្យ​ប្រសើរ​ជាង​មុន​មួយ ដើម្បី​ដោះ​ស្រាយ​ឧបទ្ទវហេតុ​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​មាន​ជម្លោះ។

ប៉ុន្តែ លោក​សាស្ត្រា​ចារ្យ​រូប​នេះ​ ថា​ជម្លោះ​ជាមួយ​ជប៉ុន​គឺ​គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​បង្ហាញ​ពី​ការ​ទាម​ទារ​ដែន​ដី​ដ៏​ស្វាហាប់​របស់​ចិន​ទូទាំង​តំបន់ ដោយ​បង្ករ​ជា​ក្តី​កង្វល់​ពី​ប្រទេស​ជិត​ខាង​ និង​សហ​រដ្ឋ​អាមេរិក​។

លោក​បាន​បន្ថែម​ថា​៖

«ជា​មូល​ដ្ឋាន​សំខាន់ មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​។ ជប៉ុន​មាន​សារៈ​សំខាន់​ ពីព្រោះ​ជប៉ុន​គឺជា​សម្ព័ន្ធ​មិត្ត​របស់​សហ​រដ្ឋ​អាមេរិក ប៉ុន្តែ​កត្តា​ប្រឈម​ចម្បង គឺ​មិន​មែន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​រវាង​ចិន និង​ជប៉ុន​ទេ តែ​រវាង​ចិន និង​សហ​រដ្ឋ​អាមេរិក​ទៅ​វិញ​ទេ»។

ជា​រឿយៗ មន្ត្រី​សហ​រដ្ឋ​អាមេរិក​និយាយ​ថា ខ្លួន​នឹង​ទទួល​ស្វាគមន៍​ការ​ងើប​ឡើង​របស់​ចិន​ជា​ប្រទេស​មហា​អំណាច​ពិភព​លោក​មួយ ហើយ​ថា​ខ្លួន​គ្មាន​បំណង​នឹង​ព្យាយាម​រារាំង​ចិន​នោះ​ទេ។

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG