ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់មានសង្គ្រាមក្នុងទ្វីបអាហ្វ្រិកប្រឈមនឹងការគំរាមកំហែងដោយជំងឺកូវីដ១៩


អ្នក​គ្មាន​ផ្ទះ​សម្បែង​ស្នាក់​នៅ​ពហុកីឡានដ្ឋាន ​Caledonian ក្នុង​ក្រុង Pretoria អាហ្វ្រិក​ខាង​ត្បូង ខណៈ​​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០។
អ្នក​គ្មាន​ផ្ទះ​សម្បែង​ស្នាក់​នៅ​ពហុកីឡានដ្ឋាន ​Caledonian ក្នុង​ក្រុង Pretoria អាហ្វ្រិក​ខាង​ត្បូង ខណៈ​​មាន​ការ​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០។

នៅ​ប្រទេស ​Chad ​ដែលេ​នៅ​ជិត​ខាង​ប្រទេស​Burkina Faso ​ ការ​ចុះ​តម្លៃ​ប្រេង​អាច​នាំ​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​បង់ប្រាក់​ឱ្យ​កងទ័ព​ខ្លាំង​បំផុត​ក្នុង​តំបន់ ​Sahel ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​បះបោរ​អ៊ិស្លាម​និយម។​

ហើយ​នៅ​ក្នុង​ប្រទេស​នានា​ចាប់​តាំង​ពី​ប្រទេស ​ម៉ាលី​ទៅ​ដល់​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ កុងហ្គោ​និង​រហូត​ទៅ​ដល់​ប្រទេស​ស៊ូដង់​ខាង​ត្បូង ​ចលាចល​ច្រើន​ឆ្នាំ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ខ្សោយ​បង្កើន​ការ​អត់​ឃ្លាន​និង​ការ​ខ្វះ​អាហារូបត្ថម្ភ​ហើយ​បាន​ធ្វើ​ឱ្យ​ជំរំ​ពួក​ជន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​ដែល​មាន​មនុស្ស​កកកុញ​ មាន​ការ​ថែទាំ​សុខភាព​និង​សេវា​អនាម័យ​តែ​បន្តិច​បន្តួច។​

ពួក​អ្នក​វិភាគ​និង​អង្គការ​មនុស្ស​ធ៌ម​និយាយ​ថា ​ប្រសិន​បើ​ពួក​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា ​ ​វីរុស​កូរ៉ូណា​រាល​ដាល​ខ្លាំង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ​តំបន់​មាន​សង្គ្រាម​ក្នុង​ទ្វីប​នោះ​នឹង​អាច​រង​គ្រោះ​ដោយ​ងាយ។​

លោក ​Laurent Bossard ​ជា​នាយក​នៃ​ក្លិប ​Sahel​ និង​តំបន់​ខាង​លិច​នៃ​ទ្វីប​ អាហ្វ្រិក​នៃ​អង្គការ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង ប៉ារីស។​ លោក​បាន​និយាយ​ថា៖​

«នៅ​ពេល​នេះ​ប្រទេស​ទាំង​នេះ​ប្រឈម​នឹង​សង្គ្រាម​ពីរ​ហើយ​សង្គ្រាម​ទាំង​ពីរ​នេះ​មាន​ការ​ពាក់​ព័ន្ធ​គ្នា»។​

រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​ក្នុង​ទ្វីប​អាហ្វ្រិក​បាន​រាយការណ៍​ថា ​មាន​ករណី​អ្នក​ជំងឺ​COVID-19 ​តែ​ពីរ​បី​ពាន់​នាក់​ប៉ុណ្ណោះហើយ​ក៏​គ្មាន​ការ​រាលដាល​ដូច​ដែល​មាន​នៅ​ក្នុង​ប្រទេស​ចិន​ ប្រទេស​អ៊ីតាលី​និង​ស.រ.អា.​ដែរ។​

ក៏​ប៉ុន្តែ​ពួក​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថាករណី​អ្នក​ជំងឺ​នេះ​អាច​កើន​ច្រើន​យ៉ាង​រហ័ស​ហើយទ្វីប​នេះ​អាច​ប្រឈម​នឹង​ការ​កាត់​បន្ថយ​កិច្ច​ប្រតិបត្តិ​ការ​ការពារ​សន្តិភាព​និង​ប្រឈម​នឹង​ការ​គាំទ្រ​ខាង​មនុស្ស​ធ៌ម​ពី​ពួក​ប្រទេស​ផ្តល់​ជំនួយ​ដែល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​COVID-19​ដោយ​ខ្លួន​ឯង​នោះ។​

ដោយ​អំពាវនាវ​ឱ្យ​មាន​វិធាន​ការ​ជួយ​ជា​បន្ទាន់​គ្រាមាន​អាសន្ន​គណៈ​កម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិហៅ​កាត់ថា​ICRC ​បាន​ព្រមាន​នៅ​ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​មេសា​ថា​ ​តំបន់​មាន​សង្គ្រាម​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​នឹង​មាន​ផល​ប៉ះពាល់​«ខ្ទិចខ្ទាំ»​ដោយ​សារ​ការ​រាលដាល​ជំងឺ​COVID-19 ​នៅ​ក្នុង​ទ្វីប​នេះ។​

អ្នកស្រីHalimatou Amadou ​ជា​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​Dakar​ប្រទេស​សេណេហ្គាល់។​អ្នកស្រី​បាន​និយាយ​ថា៖

«យើង​មាន​ការ​ព្រួយ​បារម្ភ​ ជាពិសេស​អំពី​ទ្វីប​អាហ្វ្រិក ​ពីព្រោះ​វា​ជា​ទ្វីប​មួយ​មាន​សង្គ្រាម​និង​អំពើ​ហិង្សា​ដែល​មិនទាន់​ឈប់​នៅ​ឡើយ»។

ក្រៅពីនេះ​មាន​វិបត្តិ​មនុស្ស​ធ៌ម​មួយ​ទៀត។​

គណៈ​កម្មាធិការ​ កាកបាទ​ក្រហម​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ការ​រាលដាល​ចលាចល​ដែល​ភាគ​ច្រើន​បង្ក​ដោយ​ពួកជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ិស្លាម​នោះ​បាន​នាំ​ឱ្យ​មាន​ការ​បិទ​មន្ទីរ​ថែទាំ​សុខភាព​ជាង​១០០​នៅ​ក្នុង​ឆ្នាំ​នេះ​នៅ​ក្នុង​ប្រទេស ​Burkina Faso ​ ចំណែក​ឯ​២០​ភាគ​រយ​នៃ​មជ្ឈមណ្ឌល​ទាំង​នោះ​បាន​ត្រូវ​បំផ្លាញ​ដោយ​ផ្នែកឬ​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​ម៉ាលី​ដែល​ជា​ប្រទេស​ជិត​ខាង។​

អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ដឹង​ថា​ នៅ​ភាគ​ខាង​កើត​ ​សង្គ្រាម​រាប់​ទសវត្សរ៍​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​បាន​បន្សល់​ទុក​វេជ្ជ​បណ្ឌិត​តិចតួច​គឺ​ក្នុង​ចំណោម​ប្រជា​រាស្ត្រ​៦​ម៉ឺន​៥​ពាន់​នាក់​មាន​វេជ្ជបណ្ឌត​តែ​ម្នាក់​ប៉ុណ្ណោះ​សម្រាប់​ព្យាបាល​ពួក​គេ។​

អង្គការ​មនុស្ស​ធ៌ម​ ឈ្មោះ​ជន​ភៀស​ខ្លួន​អន្តរ​ជាតិ ​គឺ​ Refugees International ​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​តំបន់​ជ្រោយ​ខាង​កើត​ទ្វីប​អាហ្វ្រិក​គឺ​Horn of Africa ​ពួក​អ្នក​ជំនាញ​ខាង​សុខាភិបាល​បារម្ភ​ថា​ ការ​រាលដាល​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​សូម៉ាលី​ដែល​ខ្ទិចខ្ទាំ​ដោយសារ​សង្គ្រាម​និង​ដែល​មាន​ពួក​ជន​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​២​លាន​៦​សែន​នាក់​នោះ អាច​មាន​ការ​រាតត្បាត​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភព​លោក។​

គណៈ​កម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ​កំពុង​ធ្វើការ​ជាមួយពួក​ដៃ​គូ​ក្នុង​មូលដ្ឋាន​ក្នុង​តំបន់​មាន​សង្គ្រាម​ក្នុង​ទ្វីប​អាហ្វ្រិក​ដើម្បី​ធ្វើឱ្យសហគមន៍​មាន​ការ​យល់​ដឹង​អំពី​ជំងឺ​នេះ​តាម​រយៈ​វីដេអូ​ផ្សាយ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​លិខិត​ពន្យល់​អំពី​ជំងឺ​នេះ​និង​ក្រុម​អ្នក​ចុះ​ទៅ​ពន្យល់​អ្នក​ស្រុក​អំពី​ជំងឺ​នេះ។​អ្នកស្រី​Amadou ​បាន​និយាយ​ថា​ មាន​ឧបសគ្គ​ច្រើន​ដោយរួមមាន​តំបន់​មិន​អាច​ចូល​បានជា​ច្រើន​ដោយ​សារ​មាន​អសន្តិសុខ។​

អ្នកស្រី​បាន​ថ្លែង​បន្ថែម​ថា៖​

«យើង​កំពុង​ខិត​ខំ​ព្យាយាម​គិត​រក​ដំណោះ​ស្រាយ​តាម​របៀប​ថ្មី​ដើម្បី​បាន​ទៅ​ជួយ​ប្រជា​រាស្ត្រ​ទាំង​នេះ»។

តំបន់​មាន​សង្គ្រាម​ខ្លះ​មាន​របៀបរាប​រយ​បន្តិច​បន្តួច។​ ជាឧទាហរណ៍​នៅក្នុង​តំបន់​Sahel ​ ចលាចល​បាន​កំហិតចរាចរណ៍​ ហើយ​បាន​កាត់​ផ្តាច់​សហគមន៍​ពី​រដ្ឋធានី​ដែល​អាច​ជា​កន្លែង​មាន​ការ​រាតត្បាត​ធ្ងន់ធ្ងរ។​

សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យកុងហ្គោ​បាន​រើប​ពី​ការ​រាតត្បាត​នៃ​ជំងឺ ​Ebola ​កាល​ពី​ខែ​មុន​ដែល​ប្រហែល​បាន​ប្រុង​ប្រៀប​ក្រុម​គ្រូ​ពេទ្យ​បាន​ល្អ​ដើម្បី​ដោះស្រាយ​វិបត្តិ​សុខភាព​ថ្មីៗ​បំផុត​នេះ។​

អ្នកស្រី ​Amadou​ នៃ​គណៈ​កម្មាធិការ ​កាក​បាទ​ក្រហម​អន្តរជាតិ ​បាន​ថ្លែង​ថា៖

«បញ្ហា​មួយ​ក្នុង​បណ្តា​បញ្ហា​នៅ​ទ្វីប​អាហ្វ្រិក​គឺ​វា​ជា​ទ្វីប​មួយ​ដែល​ជា​អកុសល​ មាន​ការ​រាតត្បាត​ដោយ​ជំងឺ​ផ្សេងៗ​ហើយ​នៅ​ទី​នោះ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​មាន​មធ្យោបាយ​បន្តិច​បន្តួច។​យើង​មាន​បុគ្គលិក​ពេទ្យដែល​មានប្រឌិត​ភាព​ដែល​រក​ដំណោះ​ស្រាយ​ដោយ​សម្រប​សម្រួល​តាម​សភាព​ការណ៍​ក្នុង​មូលដ្ឋាន»៕​

ប្រែសម្រួល​ដោយ​លោកពិន ស៊ីសុវណ្ណ​

XS
SM
MD
LG