ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​នៅ​អ៊ុយក្រែន​ប៉ះពាល់​សេដ្ឋកិច្ច​រុស្ស៊ី​ជា​ចម្បង


រូបឯកសារ៖ អាជីវករ​លក់​បន្លែ​នៅ​ពេល​មាន​ព្រិល​ធ្លាក់​ក្នុង​ក្រុង Omsk នៃ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
រូបឯកសារ៖ អាជីវករ​លក់​បន្លែ​នៅ​ពេល​មាន​ព្រិល​ធ្លាក់​ក្នុង​ក្រុង Omsk នៃ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ជា​កម្លាំង​ជំរុញ​មួយ​នៅ​ពី​ខាង​ក្រោយ​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​អតិផរណា​ខ្ពស់​និង​ការធ្លាក់​ចុះ​សេវាកម្ម​សង្គម​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ នេះ​បើ​តាម​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​ថ្មីៗ​មកពី​ក្រសួង​ការពារ​ជាតិ​របស់​ចក្រភព​អង់គ្លេស។

អតិផរណា​បាន​កើនឡើង​ដល់​៦​ភាគរយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ខែ​កញ្ញា។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​នៅ​ថ្ងៃ​ចន្ទនេះ។ ការកើនឡើងអតិផរណា​ដោយសាររបស់​របរ​ប្រើប្រាស់​សំខាន់ៗ​ដូចជា​ម្ហូប​អាហារ​និង​ប្រេង​ឥន្ធនៈ​ឡើង​ថ្លៃ។

អតិផរណា​ខ្ពស់ក៏​នឹង​ទំនង​មាន​ឥទ្ធិពល​សម្រាប់​តម្លៃ​ប្រាក់​កម្ចី​សម្រាប់​អ្នក​ប្រើប្រាស់​រុស្ស៊ី​និង​«​មាន​ផលប៉ះពាល់​តម្លៃ​សេវា​បំណុល​របស់​រដ្ឋាភិបាល​រុស្ស៊ី»។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​និយាយ​ថា​ ទាហាន​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កំពុង​រងការប៉ះពាល់​ពី«កត្តា​អាកាស​ធាតុ​ដែល​ត្រូវ​ត្រាំត្រែង»។

ប្រធានាធិបតី​រុស្ស៊ី​លោក Volodymyr Zelenskyy បាន​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​ថវិកា​កាន់តែ​ច្រើន​ឡើង​ដើម្បី​ប្រយុទ្ធ​ការឈ្លានពាន​របស់​រុស្ស៊ី​ហើយ​បាន​អញ្ជើញ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump មក​កាន់​រដ្ឋធានី​កៀវ​ដើម្បី​វាស់វែង​ទំហំ​នៃ​សង្គ្រាម​នោះ​ដោយ​ខ្លួន​លោក។

លោក Zelenskyy​ បាន​មាន​ប្រសាសន៍​ថា​ ទាហាន​អាមេរិកាំង​អាច​ត្រូវ​គេ​ទាញ​ឱ្យ​ចូល​ក្នុង​ជម្លោះ​កាន់តែ​ធំ​ឡើងៗរបស់​អឺរ៉ុប​ជាមួយ​រុស្ស៊ី ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​បង្កើន​ការជួយ​ឧបត្ថម្ភ​នោះ​ទេ។

លោក Zelenskyy បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​បណ្តាញ​ទូរទស្សន៍ NBC ក្នុង​កម្មវិធី Meet the Press​ ថា​ «ប្រសិនបើ ​រុស្ស៊ី​សម្លាប់​យើង​ទាំង​អស់​គ្នា ពួកគេ​នឹង​វាយ​ប្រហារ​ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​ហើយ​អ្នក​នឹង​បញ្ជូន​កូន​ប្រុស​និង​កូនស្រី​របស់​អ្នក​មក​ប្រយុទ្ធ»។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ការចំណាយ​បន្ថែម​កាលពី​សប្តាហ៍​មុន​ដោយ​ផ្តល់​ប្រាក់​ជំនួយ១៤,៣ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ក៏ប៉ុន្តែ​មិន​បាន​បន្ថែម​ប្រាក់​ដល់​ប្រទេស​អ៊ុយក្រែន​ទេ ដែល​ផ្ទុយ​ស្រឡះ ​នឹងសំណើ​ផ្តល់​ថវិកា​១០៦​ពាន់​លាន​ដុល្លារ​របស់​លោក​ប្រធានាធិបតី Joe Biden ដោយ​មាន​ការបង្កើន​ថវិកា​ដល់​វិស័យ​ការពារ​ប្រទេស​អ៊ុយក្រែន​ហើយ​នឹង​ថវិកា​នៅ​សល់​ត្រូវ​បែងចែកសម្រាប់​អ៊ីស្រាអែល ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ ការការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក​ជាប់​នឹង​ប្រទេសម៉ិកសិក។

សមាជិក​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិក លោក​ Chuck Schumer ដែល​ជា​មេដឹកនាំ​សំឡេង​ភាគ​ច្រើន​ត្រួតត្រា​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា​លោក​នឹង​មិន​យក​សេចក្តី​ព្រាងច្បាប់​របស់​រដ្ឋសភា​មក​ពិភាក្សា​បោះឆ្នោត​ទេ​ហើយ​លោក​ប្រធានាធិបតី Biden​ បាន​សន្យា​បោះឆ្នោត​វ៉េតូ​សេចក្តី​ព្រាង​ច្បាប់​នោះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង AFP។

XS
SM
MD
LG