ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមហ៊ុន Walmart ​អំពាវនាវ​ឲ្យ​មាន​នីតិរដ្ឋ​សម្រាប់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​​


រូប​ឯកសារ៖ អ្នក​ទិញ​ឥវ៉ាន់​នៅ​ហាង​ Walmart ក្នុង​ថ្ងៃ Black Friday កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដែល​ជា​ថ្ងៃ​បន្ទាប់​ពី​ពិធី​បុណ្យ Thanksgiving របស់​សហរដ្ឋ​អាមេរិក។

ការ​ស្នើ​របស់​ក្រុមហ៊ុន​ Walmart​ ដែល​មាន​ទីស្នាក់​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក​ កើត​មាន​ឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​នៃ​ស្ថានភាព​នយោបាយ​។​

ក្រុមហ៊ុន​ពហុជាតិរបស់​សហរដ្ឋ​អាមេរិក​ Walmart ​ដែល​ជា​អ្នក​នាំ​ចេញ​នូវ​ផលិតផល​ស្បែក​ជើង​ឈានមុខ​គេ​ និង​ជា​អ្នក​នាំចេញ​ឈានមុខ​លំដាប់​ទី​២​នៃ​សម្លៀកបំពាក់​របស់​ប្រទេស​កម្ពុជា​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​សង្គម​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មានភាព​រលូន​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​ក្នុង​ប្រទេស​នេះ។ ​នេះ​បើ​យោង​តាម​លិខិត​មួយ​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ផ្ញើ​ជូន​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ដើម​ខែ​ធ្នូ។​

ការ​ស្នើ​របស់​ក្រុមហ៊ុន​ Walmart​ ដែល​មាន​ទីស្នាក់​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក​ កើត​មាន​ឡើង​នៅ​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​នៃ​ស្ថានភាព​នយោបាយ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ និង​សំខាន់​មួយ​នៅ​កម្ពុជា។​

លិខិត​របស់​លោក​ Scott Price​ អនុ​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Walmart ​ដែល​បាន​ផ្ញើ​ជូន​លោក អ៊ិត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កំណើន​នៃ​ការ​នាំចេញរបស់​យើង​នៅ​ប្រទេស​កម្ពុជា​ អាស្រ័យ​លើ​បរិយាកាស​ពាណិជ្ជ​កម្ម​រឹងមាំ​មួយ។​ ស្ថិរភាព​ ភាព​អាច​ព្យាករណ៍​បាន​និង​ «នីតិរដ្ឋ»​ បង្កើត​ជា​មូលដ្ឋាន​មួយ​នៃ​ការ​ចូលរួម​ធ្វើ​ពាណិជ្ជកម្ម​របស់​យើង​នៅ​ជុំវិញ​ពិភពលោក​ និង​អនុញ្ញាត​ឲ្យ​យើង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ និង​វិនិយោគ​ទុន​ក្នុង​ទីផ្សារ​រយៈ​ពេល​យូរ​អង្វែង។​

លិខិត​របស់​លោក​ Scott ​ចុះ​ថ្ងៃ​ទី​៦ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«បន្ថែម​លើ​នេះ​ទៀត​ អតិថិជន​របស់​យើង​តម្រូវ​ឲ្យ​យើង​មាន​បទដ្ឋាន​ខ្ពស់​ និង​យក​ចិត្ត​ទុក​ដាក់​លើ​លក្ខខណ្ឌ​សង្គម​កិច្ច​ និង​ការ​ងារ​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​យើង​កំណត់​ថា​ ជា​ប្រភព​ទីផ្សារនៃ​ផលិតផល។​ ខណៈ​ដែល​យើង​ត្រូវ​បាន​តម្រូវ​ឲ្យ​មាន​បទដ្ឋាន​ខ្ពស់​នេះ​ យើង​សូម​ស្នើ​ដោយ​សេចក្តី​គោរព​ថា​ រដ្ឋាភិបាល​របស់​លោក​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ដល់​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​រោង​ចក្រ​កម្ពុជា​ និង​ប្រព្រឹត្ត​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​របស់​យើង​ដោយ​យុត្តិធម៌​ ដោយ​អនុលោម​តាម​បទដ្ឋាន​ និង​វិធាន​អន្តរជាតិ​នានា។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​សូម​វាយ​តម្លៃ​កិច្ចការ​របស់​លោក​ ក្នុង​ការ​ការពារ​ និង​ផ្តល់​នូវ​សិទ្ធិ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​បាន​ជ្រើសរើស​ធ្វើការ​នៅ​ក្រៅ​ប្រទេស»។​

លិខិត​របស់​លោក​ Scott ធ្វើ​ឡើង​ ក្រោយ​កិច្ចប្រជុំ​របស់​ប្រតិភូ​ក្រុម​ហ៊ុន​ Walmart​ នៅ​កម្ពុជា​ ជាមួយ​ក្រសួង​ការងារ ដែល​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃ​ទី ៧​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ពោល​គឺ​ជាង​មួយ​សប្តាហ៍​ មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជាង​៤០​ភាគរយ​ ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ។ ​លិខិត​នេះ​ក៏​បាន​ធ្វើឡើង​ក្រោយ​ពីរដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន ​បាន​ប្រកាស​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ហៅ​កាត់​ថា​ NDI ​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ។​

ក្រុមហ៊ុន​ Walmart ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ថា​ នៅ​ឆ្នាំ​ខាង​មុខ​នេះ​ ខ្លួន​សង្ឃឹម​ថា​ នឹង​ចាប់​ផ្តើម​នាំ​ចេញ​នូវ​ផលិតផលសម្រាប់​ការ​ធ្វើ​ដំណើរ ដូច​ជា​កាបូប វ៉ាលីស​ជាដើម។​ ក្រុមហ៊ុន​របស់​អាមេរិកនេះ​បាន​បន្ថែម​ថា​ ខ្លួន​មាន​សេចក្តី​រីករាយ​ ចែក​រំលែក​នូវ​បទ​ពិសោធន៍​ការងារ​របស់​ខ្លួន​ជាមួយ​ប្រភព​ទីផ្សារ​ផ្សេង​ទៀត​ និង​ដើម្បី​ជួយ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ ដើម្បី​បង្កើន​ផលិត​ភាព ​ការ​ប្រកួតប្រជែង​ និង​ប្រសិទ្ធភាព៕

XS
SM
MD
LG