ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្សជាង៥០នាក់ត្រូវបានចាប់ខ្លួនក្នុងបាតុកម្មប្រារព្ធខួបលើកទីមួយនៃចលនាប្រឆាំងរដ្ឋាភិបាលក្រុងហុងកុង


បាតុករលើកទូរស័ព្ទ ដោយមានបំភ្លឺភ្លើង អំឡុងពេលប្រារព្ធ​ខួបលើកទីមួយនៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងហុងកុង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
បាតុករលើកទូរស័ព្ទ ដោយមានបំភ្លឺភ្លើង អំឡុងពេលប្រារព្ធ​ខួបលើកទីមួយនៃបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងហុងកុង កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

ប៉ូលិសក្រុងហុងកុងនិយាយថា មនុស្ស៥៣នាក់បានត្រូវចាប់ខ្លួន នៅពេលដែលបាតុករ​រាប់ពាន់នាក់បានបំពានការហាមឃាត់របស់ប៉ូលិស ដើម្បីប្រារព្ធខួបលើកទី១​នៃចលនាប្រឆាំងរដ្ឋាភិបាលរបស់ទីក្រុងហុងនោះកាលពីយប់ថ្ងៃអង្គារ។

មនុស្សបានចាប់ផ្តើមប្រមូលផ្តុំគ្នានៅតំបន់ Charter Garden កណ្តាលក្រុងកាលពីរសៀលថ្ងៃត្រង់។ បាតុករខ្លះបានកាន់បដា ដែលមានខ្លឹមសារថា «ឯករាជ្យក្រុងហុងកុង» ហើយបានស្រែកពាក្យស្លោកទាំងនេះ។

ប៉ូលិសប្រឆាំងកុប្បកម្មរាប់សិបនាក់បានរុញច្រានបាតុករនិងឆែកឆេរលើខ្លួនប្រាណរបស់ពួកគេជាច្រើននាក់។ ប៉ូលិសបានបញ្ជាឲ្យហ្វូងមនុស្សទាំងនោះចាកចេញ ដោយនិយាយថា ពួកគេបានចូលរួមការប្រមូលផ្តុំដែលគ្មានការអនុញ្ញាត ហើយចាប់ខ្លួន ប្រសិនបើពួកគេមិនចាកចេញទេ។ បុរសម្នាក់ដែលបានជេរមន្រ្តីប៉ូលិសបានត្រូវចាប់ខ្លួនភ្លាមៗខណៈដែលហ្វូងបាតុករ បានស្រែកពាក្យស្លោកប្រឆាំងនឹងប៉ូលិស។

ក្រោយមក ពួកបាតុករបានចេញមកតាមផ្លូវនានា ហើយដើរចូលគ្នាជាមួយហ្វូងមនុស្សដែលចាកចេញពីការងារនៅក្នុងសង្កាត់ពាណិជ្ជកម្ម។ មនុស្សបានបង្កើតជាជួរហើយបានចាប់ផ្តើមដើរនៅពេលដែលពួកគេបានស្រែកពាក្យស្លោក បំភ្លឺភ្លើងទូរស័ព្ទ​ដៃ ហើយបានគ្រវីបដាដែលបដាស្ទើរតែទាំងអស់ទាមទារឯករាជ្យភាពពីចិនដីគោក។ពួកគេជាច្រើនក៏បានបើកឆ័ត្រក្នុងករណីប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។

ពួកបាតុករបានស្រែកថា៖ «ស្តារក្រុងហុងកុងឡើងវិញ។ បដិវត្តន៍នៃសករាជរបស់យើង! ឯករាជ្យភាពក្រុងហុងកុង»។

មន្រ្តីប៉ូលិសនិយាយថា មនុស្ស៥៣នាក់ដែលត្រូវបានចាប់ខ្លួនបានត្រូវចោទប្រកាន់ពីការបំពានផ្សេងៗ រួមមានការជួបប្រជុំខុសច្បាប់និងការចូលរួមការជួបប្រជុំដោយគ្មានការអនុញ្ញាត៕

XS
SM
MD
LG