ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បោះឆ្នោត៖​ ក្នុងដំណាក់​កាល​សន្តិភាព​ មេ​ដឹកនាំ​វ័យក្មេង​នឹង​ផ្តោត​លើ​សេដ្ឋកិច្ច​ ​​​​


មេដឹកនាំគណបក្សកាន់អំណាច​និង​ជា​នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន សែន ទះដៃ​បន្ទាប់ពីប្រគល់​តង់ជាតិ​គណបក្សប្រជាជនកម្ពុជា​ទៅកូនប្រុស​របស់​ខ្លួន​កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។REUTERS/Cindy Liu
មេដឹកនាំគណបក្សកាន់អំណាច​និង​ជា​នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន សែន ទះដៃ​បន្ទាប់ពីប្រគល់​តង់ជាតិ​គណបក្សប្រជាជនកម្ពុជា​ទៅកូនប្រុស​របស់​ខ្លួន​កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣។REUTERS/Cindy Liu

នៅ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ផ្ទេរ​អំណាច​ដឹកនាំ​ពី​មន្ត្រី​ជើង​ចាស់​ធ្លាប់​ប្រយុទ្ធ​ ឬ​ឆ្លង​កាត់​សង្គ្រាមឱ្យ​ឈាម​ថ្មី​ដែល​ភាគច្រើន​ជា​កូន​ចៅ​ ​ដើម្បី​បន្ត​ដឹក​នាំ​ក្នុង​ដំណាក់កាល​សន្តិភាព​នោះ ​ ​អ្នក​បោះ​ឆ្នោត​វ័យក្មេង​រំពឹងថា​ ក្រុម​មេដឹកនាំ​ឈាម​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ប្រមូល​អារម្មណ៍​ផ្តោតលើ​សេដ្ឋ​កិច្ច មិន​បែក​អារម្មណ៍​ខ្វល់ខ្វាយ​អំពី​សង្គ្រាម ដូច​អ្នក​ដឹក​នាំ​បន្ត​ពី​សម័យ​សង្គ្រាម​។

ថ្លែង​អំពី​ក្រុម​ឈាម​ថ្មី​របស់​គណបក្ស​កាន់​អំណាច​ និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ប្រាប់​វីអូអេថាពួកគេ​មាន​សុទិដ្ឋិនិយម​ថា ​រលក​ក្រោយ​ត្រូវ​តែ​ច្រាន​រលក​មុន។​

និស្សិត​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ កញ្ញា ​សុន ស្រីសួគ៌ ​ប្រាប់​វីអូអេ​ថា​៖ «​ខ្ញុំ​គិតថា​ គាត់​អាច​ ដោយសារ​គាត់​ទៅ​រៀន​ពីស្រុក​គេ គាត់​នឹង​យល់​ដឹង​ពី​តិចនិក​ ក៏ដូច​ជា​យុទ្ធសាស្ត្រ​ថ្មី​ៗ​ ដែល​ស្រុក​គេ​កំពុង​អភិវឌ្ឍ​ប្រទេស​របស់​គេ។​ ហើយ​គាត់​អាច​នឹង​យក​វិស័យ​អប់រំ​ដូច​ជា​វិស័យ​អប់​រំ​ថ្មី​ៗ​ យក​មក​អភិវឌ្ឍ​ បង្កើត​នូវវិស័យ​អប់​រំ​ដែល​ខុស​ពី​ជំនាន់​ឥឡូវ។​ មាន​អ្វីថ្មីៗចូល​មក​ក្នុង​វិស័យ​អប់រំ​ ដែល​ធ្វើ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ហ្នឹង​គាត់​យល់​ដឹង​ច្រើន​កាន់​តែ​ច្បាស់»។​

លោក ប្រាក់កែវ រិទ្ធីឯក អាយុ​១៩​ឆ្នាំ និស្សិត​ឆ្នាំ​ទី​២ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូរទ័រ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក​ នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក ប្រាក់កែវ រិទ្ធីឯក អាយុ​១៩​ឆ្នាំ និស្សិត​ឆ្នាំ​ទី​២ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូរទ័រ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក​ នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក​ ប្រាក់កែវ​ រិទ្ធីឯក​ អាយុ១៩ឆ្នាំ​ និស្សិត​ឆ្នាំ​ទី​២ ផ្នែក​វិទ្យាសាស្ត្រកំព្យូរទ័រ​ លើក​ឡើង​ថា​៖ «បើ​តាម​ខ្ញុំយល់​ ពួកគាត់​ឃើញ​ថា​ ប្រទេស​យើង​រាល់​ថ្ងៃ​មាន​ បញ្ហា​អីខ្លះ​ អ៊ីចឹង​ គាត់​ដឹង​មកតាំង​ពី​ដើម​មក។ ​អ៊ីចឹង​ គាត់​អាច​នឹង​ត្រៀមជាដំណោះស្រាយ​សម្រាប់​បញ្ហា​អស់​ហ្នឹងហើយអស់​ហើយ។ អ៊ីចឹង​ ខ្ញុំ​រំពឹង​ថា​ និយាយ​ទៅ​គឺ​បញ្ហា​ដែល​យើង​ធ្លាប់​ជួប​ប្រទះហ្នឹងនឹង​បាន​ដោះស្រាយ​ភាគច្រើន​ បើទោះ​មិនបាន​ទាំង​អស់​ក៏បាន​ភាគ​ច្រើន​ដែរ»។

និស្សិតផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយម្នាក់​ទៀត លោក ភួង ខេមរា អាយុ​ ២០ឆ្នាំ ថ្លែងថា៖​ «ពួក​គាត់​គឺ​ជា​អ្នក​ជំនាន់​ក្រោយ​ អ៊ីចឹង​ គាត់​ក៏បាន​ដឹង​ពី​ តិចនិក​ និង​ វិធីសាស្ត្រ​ល្អៗ​ ដើម្បី​នាំ​ឱ្យ​អីវ៉ាន់​ទាំង​អស់​ហ្នឹង ឬក៏​បញ្ហា​ទាំង​អស់​ហ្នឹង​ បាន​ដោះស្រាយ​បាន​យ៉ាងរលូន​ ហើយ​អាចប្រកួតប្រជែង​ជាមួយនឹងបរទេស​ផងដែរ​។​ ថ្វីដ្បិត​ ពេល​ដែល​យើង​ចាប់​ផ្តើម​ថ្មី​ៗ​ វា​នឹង​មាន​បញ្ហា​តិច​តួច​ហើយ​ ប៉ុន្តែ​គាត់​អាច​នឹង​មាន​វិធីសាស្ត្រ​មួយ​ ដែល​អាច​ដោះស្រាយ​បាន​ ហើយ​ប្រជាពលរដ្ឋ​អាច​ប្រកប​មុខ​របរ​ ឬក៏​ដូច​ថា​ អីវ៉ាន់​ដែល​យើង​លក់​ចេញ​ទៅហ្នឹង​អាច​ប្រកួត​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​បាន»។ ​

​អ្នក​បោះឆ្នោត​វ័យក្មេង​សង្ឃឹមថា ​រដ្ឋាភិបាល​ឈាមថ្មីនឹង​ត្រូវការ​ចំណេះដឹង និង​ធន​ធាន​មនុស្ស​វ័យក្មេង​ដូចជា​ពួក​គេ ហើយ​អាច​នឹង​បង្កើតឱកាស​ការងារ​ច្រើន​សម្រាប់​និស្សិត ដូច្នេះ​សេដ្ឋកិច្ច​ជាតិ​នឹង​មាន​សន្ទុះ។​ លោក ​រិទ្ធីឯក​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ពង្រឹង​ធន​ធាន​មនុស្ស​។

លោក​ថ្លែងថា៖​ «យើង​អាច​ ឥឡូវ​យើង​គិត​ថា​ ក្នុង​ស្រុក​យើង​វា​មាន​កង្វះ​ខាត​ច្រើន​ អ៊ីចឹង​ធ្វើម៉េច​ ពង្រឹង​ក្នុង​ស្រុក​យើង​សិន​ដើម្បី​ទៅ​ប្រជែង​ជាមួយ​គេ\ បើ​យើង​ក្នុង​ខ្លួន​មិន​ទាន់​រឹង​ទេ​ ទៅ​ប្រជែង​ជាមួយ​គេ​អត់​កើត​ទេ​។ អ៊ីចឹង​ធ្វើ​ម៉េច​ឱ្យ​ក្នុង​ស្រុក​គ្រប់​គ្រាន់នឹង​ធឹង​អីហើយ ចាំ​ទៅប្រកួត​ប្រជែង​ជាមួយ​គេ​តាម​ក្រោយ​ក៏អត់​យឺត​ពេល​ដែរ»។

លើស​ពីនេះ ក្រុម​និស្សិត​ថា​ ការអភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ក៏​ត្រូវ​ពង្រីកផង​ដែរ​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ។​

កញ្ញា​ ខេន សុវិមាន​ ជានិស្សិត​ឆ្នាំ​ទី២​នៅ​សាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ​ ប្រាប់​វីអូអេថា​៖ «ខ្ញុំគិត​ថា​ វា​អាច​នឹង​ចំណាយ​ច្រើន​ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា​រាជរដ្ឋាភិបាល​ជំនាន់​ថ្មី​អាច​នឹង​ខិត​ខំ​យក​ metro [រថភ្លើងក្រោម​ដី] sky train [រថភ្លើងល្បឿន​លឿន] like new public transport [ដូច​ការ​ដឹកជញ្ជូន​សាធារណៈ​បែបថ្មី] មក​ចូល​មក​ក្នុង​ប្រទេស​យើង​ច្រើន​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​យើង»។​

​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ជា​ច្រើន​នាក់​និយាយ​ថា​ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ថ្មី​គួរត្រូវបានជ្រើសរើស​ចេញ​ពី​បុគ្គល​ឯករាជ្យ​ក្រៅ​គណបក្ស​នយោបាយ​ បន្ថែមលើ​ក្រុម​ឈាម​ថ្មី​របស់​គណបក្ស​កាន់អំណាច។​ ប៉ុន្តែ​ពួក​គេ​មិន​ចាប់​អារម្មណ៍​តំណែង​នយោបាយ​ទេ គឺ​ចង់​បាន​ត្រឹម​ការ​បម្រើ​ប្រទេស​ជាតិ​កម្រិត​ជំនាញ។

និសិ្សត​ឆ្នាំ​ទី​២ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ កញ្ញា​ សុន ស្រីសួគ៌​ អាយុ ២០ឆ្នាំ​ លើក​ឡើង​ទៀត​ថា​៖ «ចំពោះ​ឱកាស​ជា​រដ្ឋ​មន្ត្រី​ហ្នឹង​ ខ្ញុំ​គិត​ថា​ធំពេក​ ខ្ញុំ​អត់​រំពឹង​ថា​ខ្ញុំចង់​ក្លាយ​ជា​រដ្ឋ​មន្ត្រី​អីផង»។

កញ្ញា​បន្ថែមថា រដ្ឋាភិបាល​ត្រូវ​បង្កើន​ផលិតកម្ម​របស់​សហគមន៍ក្នុងស្រុក​ បន្ថែម​លើ​ការ​វិនិយោគ​ ដើម្បី​ឱ្យ​មាន​តុល្យភាព​ពាណិជ្ជកម្ម​សេរី ​ កុំឱ្យ​ការ​នាំ​ចូលលើសការ​នាំ​ចេញ​ ដែល​ធ្វើ​ឱ្យបាត់​ភាពស្មើគ្នា​លើ​ជញ្ជីង​ពាណិជ្ជ​កម្ម​។​

កញ្ញា​លើក​ឡើង​ថា៖ «សម្រាប់​ការ​នាំ​ចេញ​នាំ​ចូល​ខ្ញុំក៏​រំពឹង​ថា​ រដ្ឋាភិបាល​គាត់​នឹង​បង្កើត​នូវ​រោង​ចក្រ​ក៏ដូច​ជា​សហគ្រាស​ឱ្យ​មាន​ការ​ផលិតផលិត​ផល​អាហារ​ក៏ដូច​ជា​គ្រឿង​ប្រើ​ប្រាស់​ផ្សេង​ៗ​ដែល​ប្រជាជន​ត្រូវ​ការ​ហ្នឹង​មិន​ចាំបាច់​នាំចូល​ពីប្រទេ​សដទៃ​ ដោយសារ​ស្រុកយើង​ជា​ប្រទេស​មួយ​កំពុង​អភិវឌ្ឍ​ដែរ។ អ៊ីចឹង​ បើយើង​នាំ​ចូល​ច្រើន​ពេក​ វាធ្វើ​ឱ្យប្រជាជន​របស់​យើង​ទិញ​ពី​គេ​ច្រើន​ វា​អត់​សូវ​មាន​កា​រទូលំទូលាយ​ ហើយ​វា​ក៏អាច​នាំ​ផលិតផល​របស់​យើង​ហ្នឹង​ចេញ​ទៅក្រៅ​ប្រទេស​បាន​ បើសិន​ជា​យើង​មាន​គុណភាព​ ហើយ​អ្នក​ប្រើប្រាស់​យើង​ពេញ​ចិត្ត​»។

រូបឯកសារ៖ កម្មករ​នៅ​រោងចក្រ​មួយ​កំពុង​ដេរ​សម្លៀកបំពាក់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក H&M កម្ពុជា​ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​នៅ​រោងចក្រ​មួយ​កំពុង​ដេរ​សម្លៀកបំពាក់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក H&M កម្ពុជា​ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨។

កម្មការិនី​ដែល​វីអូអេ​បាន​សម្ភាសមិនទាន់​ហ៊ាន​សន្និដ្ឋាន​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ ដោយ​គ្មាន​គណ​បក្ស​ភ្លើងទៀននោះ​ទេ ខណៈ​ពលរដ្ឋ​ជា​ច្រើន​អាចដឹង​យ៉ាង​ច្បាស់​ថា ​គណបក្ស​កាន់​អំណាច​នឹង​បន្ត​ដឹកនាំ​ប្រទេស​នេះ។
អ្នកស្រី កុយ​ ចាន់​នឿន​ អាយុ​ ៣៩​ឆ្នាំថ្លែង​ថា៖«ចំពោះ​ការណ៍​ស្នើ​សុំ​ខាង​រដ្ឋាភិបាល​ហ្នឹង​គឺ​វា​មាន​ច្រើន​ចំណុច​ដែរ​ ប៉ុន្តែ​គ្រាន់​ថា​ យើង​អត់​ដឹង​ថា បោះឆ្នោត​ទៅ​មុខ​ទៀត​ហ្នឹង​ វា​របៀប​ម៉េច​ អ៊ីចឹងក៏​ខ្ញុំ​អត់​ទាន់​ហ៊ាន​ថា​ ស្នើ​សុំ​របៀបម៉េចដែរ​?​ មែន​អត់? ដល់​ពេល​អ៊ីចឹង​ បើ​សិន​ជា​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ ហើយក៏រដ្ឋា​ភិបាល​ដដែល​អ៊ីចឹង​ គាត់​មាន​វិធាន​ការ​ម៉េច​គឺ​ ចាំពេល​ដល់​កន្លែង​ពេលហ្នឹង​សិន​។ ប៉ុន្តែ​បើថាឱ្យ​ខ្ញុំ​ឥឡូវ​ ថា​សម្រេច​ថាខ្ញុំអាច​ស្នើ​សុំ​អី​បាន គឺ​ខ្ញុំ​អត់​ទាន់​ដឹង​ខ្លួន​ឯង​ដែរ​ ព្រោះ​អី​យើង​អត់​ដឹង​ថា​ ពី​ឥឡូវ​ម៉េច?​ ពី​មុន​យ៉ាង​ម៉េច​? ក៏​ទៅមុខ​ទៀត​ ក៏ខ្ញុំ​អត់​ទាន់​ដឹង​ដែរ»។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន ថា ​ គណបក្ស​កាន់​អំណាច​មាន​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ទាំង​សម្រាប់​ក្រុមឈាម​ថ្មី និង​ក្រុម​ជើងចាស់ ​ដើម្បី​ត្រៀម​ដោះស្រាយ​បញ្ហា​ដែល​នៅ​ខ្វះចន្លោះ​តិចតួច​ ក្រោយ​ពី​មាន​ដោះស្រាយបញ្ហាធំៗ​ជា​មូល​ដ្ឋាន​រួចហើយ ដូចជា​ជម្លោះ​ដីធ្លី​។​

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ​)​ នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៦ កក្កដា​ ឆ្នាំ​ ២០២៣។ (ពិន ស៊ីសុវណ្ណ/វីអូអេ)
អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ​)​ នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៦ កក្កដា​ ឆ្នាំ​ ២០២៣។ (ពិន ស៊ីសុវណ្ណ/វីអូអេ)

លោក​ប្រាប់​វីអូអេ​ថា៖​ «គោល​ជំហរ​របស់​គណបក្ស​ប្រជាជន​គឺ​ប្រែ​ប្រួល​ទៅ​តាម​កាលៈ​ទេសៈ​ និង​ដំណាក់​កាល​នៃ​សភាព​ការណ៍​របស់​ប្រទេស​ជាតិ​។ នៅពេល​ដែល​ប្រទេស​ជាតិ​ត្រូវ​ការ​រំដោះ​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ អាហ្នឹង​ឆន្ទៈ​មោះមុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​ប្រល័យ​ពូជ​សាសន៍​មាន​ហើយ។ ក៏ប៉ុន្តែ​ នៅ​ក្នុង​សភាព​ការណ៍​ដែល​ប្រទេស​ជាតិ​ ត្រូវបាន​រំដោះ​រួច​ផុត​ពីរបប​ប្រល័យ​ពូជសាសន៍ហើយ​ គឺ​ចាប់​ស្តា​កសាង​ សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ អាហ្នឹង​គោល​ជំហរ​ប្រែប្រួល​ទៅ​តាម​សភាព​ការណ៍​ហ្នឹង​»។ ​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ថា រដ្ឋាភិបាល​ថ្មី​គួរ​ស្តាសិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ដែល​អាច​ជួយ​កម្ពុជា​ប្រកួតប្រជែង​ក្នុង​ទីផ្សារសហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​ ហើយ​រក្សា​ទុកការ​ងារ​ក្នុង​ប្រទេស​។​

លោកបន្ថែមថា៖ «សហគមន៍​អឺរ៉ុប​ដែល​គេ​ផ្តាច់​ជំនួយ​អនុគ្រោះ​ពន្ធ​ EBA​ ២០ភាគរយ​ហ្នឹង​ ហើយគេ​នៅ​តែ​មាន​លក្ខខណ្ឌ​ដដែល​ថា​ឱ្យ​កម្ពុជា​យើង​ស្តា​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ និងការ​គោរព​សិទ្ធិមនុស្ស​។ បើ​សិន​ជា​មិន​មាន​អ្វី​ប្រែប្រួល​ទេ​ គេ​អាច​នឹង​ពិចារណា​ថែម​ទៀត​ ទៅលើ​ការ​កាត់​បន្ថយ​បន្ថែម​ ឬការ​ព្យួរ​ទាំង​ស្រុង​។ នេះ​ជា​ការ​ព្រួយ​បារម្ភ»។

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក ​គីមសួរ ភិរិទ្ធ​ ឱ្យ​ដឹង​ថា​ ស្ថានភាព​ការងារ​របស់​កម្មករ​នឹង​ប្រឈម​មុខ​នឹង​ផលវិបាក​ ខណៈ​កម្ពុជា​កំពុង​ងាក​ចេញ​ពីគន្លង​ប្រជាធិ​តេយ្យ​ដែល​បង្ក​ផលប៉ះពាល់​លើ​ការ​ទទួលបាន​ឋានៈអនុគ្រោះពន្ធរបស់​សហភាព​អឺរ៉ុបនិង​សហរដ្ឋអាមេរិក​។

លោកថ្លែងថា៖ «ដើម្បី​ដោះស្រាយ​បំណុល​ ដើម្បី​ដោះស្រាយ​ជីវភាព​ វាត្រូវ​ការ​តែ​មាន​ការ​ងារ​ធ្វើ​ មាន​ការ​ងារ​សម​រម្យ។ ខ្ញុំ​ចង់​និយាយ​មិន​មែន​ទៅបេះត្រកួន​ មិន​មែន​ទៅ​ ចាប់​ក្តាម​ រាវ​ខ្យង​លក់​ហ្នឹង​ យើង​បាន​ត្រឹម​តែ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ទេ។ ប៉ុន្តែការងារ​សមរម្យ​គឺ​ការ​ងារ​ដែល​មាន​ការ​កំណត់​តាម​ច្បាប់​ មាន​ម៉ោង​ពេល​ មាន​ប្រាក់​ឧបត្ថម្ភ​ មានការ​ទទួល​ខុស​ត្រូវ​ពី​សង្គម ពីក្រុមហ៊ុន​អីហ្នឹង។​ អាហ្នឹង​ហើយ​ដែល​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិ្ថរភាព​ក្នុង​ការ​រស់​នៅ»។

​គួរ​រំឭក​ថា​ ប្រមាណ ​៧៥ភាគរយនៃ​ប្រជាជន​កម្ពុជា​ជាង ​១៦លាននាក់​មាន​អាយុក្រោម ៣៥ឆ្នាំ​។ ហើយ​ក្នុង​ចំណោមនោះ អ្នកដែល​មាន​អាយុ​លើស ១៨ឆ្នាំ ត្រូវ​គេរំពឹង​ថា​ នឹង​ប្រើប្រាស់សិទ្ធិ​បោះឆ្នោត​ក្នុង​ពេល​មាន​ការ​បោះ​ឆ្នោត​ជាតិនៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ នេះ។ អ្នកបោះឆ្នោត​វ័យ​ក្មេង​រំពឹង​ថា ប្រទេស​ពួកគេ​នឹង​បន្តទទួល​បាន​ការ​អភិវឌ្ឍ​ និងទទួល​បាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​សំខាន់​ៗដែល​នៅ​សេស​សល់ ក្រោយ​ការ​ចាកចេញ​របស់​អ្នកនយោបាយ​ឈាម​ចាស់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG